• 2024-07-01 07:01:37
  • កីឡា​ផ្សេង​ៗ

លោក Anthony Galliano:៖ក្នុង​នាម​ជា​ទូតសុច្ឆន្ទៈខ្ញុំប្តេជ្ញាចិត្តនឹងជួយផ្សព្វផ្សាយ និងគាំទ្រដល់ការរៃអង្កាសមូលនិធិ​របស់អង្គការ​ផ្កាយ​សមុទ្រ​

  • 2024-07-01 07:01:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្គការផ្កាយសមុទ្រ (ISF) មានក្តីសោមនស្សរីករាយ​ស្វាគមន៍​លោក Anthony Galliano ជាទូតសុច្ឆន្ទៈរបស់អង្គការផ្កាយសមុទ្រ​ដើម្បី​រួម​ចំណែក​ជួយ​ឧបត្ថម្ភ​គាំទ្រ​ និង​ផ្សព្វផ្សាយ​ពី​សកម្មភាព​ការងារ​របស់​អង្គការ​ក្នុង​ការ​ជួយ​ដល់​ការ​សិក្សា​របស់​កុមារ​ក្រីក្រ​នៅ​កម្ពុជា។​

អ្នកស្រី ជួប វិច្ឆិកា

លោក Anthony Galliano​ បាន​ឲ្យ​ដឹង​ថា​ “ខ្ញុំ​បានដឹង និងឃើញកាន់តែច្បាស់ពីការងាររបស់អង្គការផ្កាយសមុទ្រគឺពិតជាបានបំផុសគំនិត និងលើកទឹកចិត្តរបស់ខ្ញុំកាន់តែខ្លាំងឡើងក្នុងការចូលរួមលើកកម្ពស់ រួមចំណែកក្នុងសកម្មភាពនានារបស់អង្គការនេះ។ អ្វីដែលយើងអាចធ្វើទៅបានក្នុងការផ្លាស់ប្តូរជីវិតកុមារតាមរយៈការអប់រំគឺមិនមែនគ្រាន់តែការជួយប៉ុណ្ណោះទេ តែវាក៏ជាទំនួលខុសត្រូវ​របស់យើងផងដែរ។ ខ្ញុំពិតជាមានកិត្តិយសយ៉ាងខ្លាំងដែលបានក្លាយជាទូតសុច្ឆន្ទៈរបស់អង្គការផ្កាយសមុទ្រហើយខ្ញុំប្តេជ្ញាចិត្តនឹងជួយផ្សព្វផ្សាយពីការងាររបស់អង្គការនេះ និងគាំទ្រដល់ការរៃអង្កាសមូលនិធិគាំទ្រដល់កម្មវិធីនានាក្នុងអង្គការក៏ដូចជាផ្តល់ឱកាសដល់កុមារឲ្យពួកគេទទួលបានអនាគតល្អប្រសើរថែមទៀតផង។ ការងារនេះគឺជាមោទនភាពធំបំផុតសម្រាប់ខ្ញុំ ហើយជាអ្វីដែលខ្ញុំពេញចិត្តនឹងប្រឹងប្រែងបំពេញ”។​

លោក Anthony Galliano​

ចំណែក​អ្នកស្រី ជួប វិច្ឆិកា ជាអគ្គនាយិកាប្រតិបត្តិរបស់អង្គការផ្កាយសមុទ្រ​បាន​ឲ្យដឹង​ដែរ​ថា​ ការ​ចូលរួមជាទូតសុច្ឆន្ទៈ​នេះ​តាម​រយៈ​បទ​ពិសោធន​ដ៏​ច្រើន និងភាពជោគជ័យរបស់ Anthony ក្នុងវិស័យជំនួញនៅកម្ពុជានឹងនាំមកនូវគុណតម្លៃដ៏ធំធេងដល់អង្គការផ្កាយសមុទ្រ។ សមត្ថភាពរបស់លោកក្នុងការបង្កើតភាពជាដៃគូសាជីវកម្មដ៏រឹងមាំនឹងគាំទ្រយ៉ាងខ្លាំងជំរុញដល់បេសកកម្មរបស់អង្គការឲ្យឆ្ពោះទៅមុខ។ ក្នុង​នាម​បុគ្គលិក​អង្គការ​ផ្កាយសមុទ្រ​មានសេចក្តីរំភើបរីករាយក្រៃលែងក្នុងការទទួលស្វាគមន៍លោកមកចូលរួមក្នុងគ្រួសារអង្គការផ្កាយសមុទ្រ ហើយសង្ឃឹមយ៉ាងមុតមាំនូវកិច្ចសហការកាន់តែទូលំទូលាយកើតចេញការចូលរួមរបស់លោក Anthony Galliano។​

សកម្មភាពរបស់អង្គការផ្កាយសមុទ្រកន្លងទៅ

បញ្ជាក់​ផង​ដែរ​ថា​ លោក Galliano គឺជាអគ្គនាយកប្រតិបត្តិ Cambodia Investment Management Group និងជាអនុប្រធាននៃសភាពាណិជកម្មអាមេរិកនៅកម្ពុជា (AmCham) ។​

សកម្មភាពរបស់អង្គការផ្កាយសមុទ្រកន្លងទៅ

អង្គការផ្កាយសមុទ្រគឺជាអង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជាមួយ ដែលត្រូវបានទទួល ស្គាល់ជាអន្តរជាតិ ដែលបានផ្តល់ឱកាសឲ្យកុមារក្រីក្រទទួលបានការអប់រំ សេវាថែទាំសុខភាព និង កុមារភាព ដែលពួកគេស័ក្តិសម​នឹងទទួលបាន ។ កិច្ចគាំទ្ររបស់អង្គការនេះមានគោលបំណងពង្រីក សក្តានុពលនៃការអប់រំ និងកីឡា ដើម្បីជួយកុមារ និងសហគមន៍ក្រីក្រឲ្យចាកផុតពីភាពក្រីក្រ ។ សព្វ​ថ្ងៃ​នេះកម្មវិធីអប់រំរបស់អង្គការផ្កាយសមុទ្រកំពុងតែធ្វើការជាមួយនឹងកុមារដែលបោះបង់ការសិក្សា ឬ​មិន​ធ្លាប់​បាន​រៀនសូត្រ។ ថ្នាក់អប់រំពន្លឿនបង្រៀនពីរថ្នាក់ក្នុងមួយឆ្នាំ ដោយជួយឲ្យសិស្ស អាចចូលរៀនថ្នាក់ដ៏សមស្របតាមកម្រិតអាយុរបស់ខ្លួននៅសាលារដ្ឋ ។

សកម្មភាពរបស់អង្គការផ្កាយសមុទ្រកន្លងទៅ

ដើម្បីរួមចំណែកជួយកាត់បន្ថយឧបសគ្គនានាដែលនាំឲ្យកុមារបោះបង់ការរៀនសូត្រ អង្គការផ្កាយសមុទ្រក៏ផ្តល់ការឧបត្ថម្ភ គាំទ្រជាឯកសណ្ឋានសម្ភារៈសិក្សា អាហារនៅសាលារៀន សេវាថែទាំសុខភាព និងកញ្ចប់អាហារប្រចាំខែសម្រាប់ក្រុមគ្រួសាររបស់ពួកគេទៀតផង។ ជារៀងរាល់ឆ្នាំកម្មវិធីអប់រំរបស់អង្គការផ្កាយសមុទ្រគាំទ្រដល់សិស្សានុសិស្សចំនួន ៧០០នាក់ឲ្យរៀនសូត្រចាប់ពីថ្នាក់ពន្លឿនរហូតដល់ថ្នាក់បឋមសិក្សា មធ្យមសិក្សា ឧត្តមសិក្សា និងរហូតដល់ពួកគេមានការងារធ្វើសមរម្យ។ បន្ថែមពីនេះក្រុមគ្រួសាររបស់សិស្សជាង ៣,០០០នាក់ក៏ទទួលបានការឧបត្ថម្ភគាំទ្រតាមរយៈគម្រោងផ្សេងៗរបស់អង្គការផងដែរ៕

សកម្មភាពរបស់អង្គការផ្កាយសមុទ្រកន្លងទៅ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី