- 2024-06-17 08:02:47
- កីឡាផ្សេងៗ
លោកឧកញ៉ា សៅ សេងហាក់ បន្តជាប់ជាប្រធានសហព័ន្ធខ្មែរកីឡាហាប់គីដូ អាណ្តិទី៨
- 2024-06-17 08:02:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោកឧកញ៉ា សៅ សេងហាក់ បន្តជាប់ជាប្រធានសហព័ន្ធខ្មែរកីឡាហាប់គីដូ អាណ្តិទី៨
ចន្លោះមិនឃើញ
សហព័ន្ធខ្មែរកីឡាហាប់គីដូ ម្សិលមិញនេះបានធ្វើមហាសន្និបាតបញ្ចប់អាណត្តិចាស់ និងលើកទិសដៅការងារអាណត្តិថ្មី ខណៈលោកឧកញ៉ា សៅ សេងហាក់ បន្តជាប់ជាប្រធានសហព័ន្ធដឹកនាំអភិវឌ្ឍន៍កីឡាមួយនេះឆ្ពោះទៅមុខ។
លោកឧកញ៉ា សៅ សេងហាក់ បានលើកឡើងក្នុងថ្ងៃមហាសន្និបាតថា លោកពិតជាមានកិត្តិយសដែលគណៈកម្មាធិការប្រតិបត្តិទាំងអស់បានផ្ដល់សេចក្ដីទុកចិត្ត និងបោះឆ្នោតឲ្យបន្តជាប្រធានដឹកនាំសហព័ន្ធក្នុងអាណត្តិថ្មីទៀត។ ក្នុងអាណត្តិចាស់កន្លងទៅសហព័ន្ធគឺប្រឹងប្រែងជាខ្លាំងទាំងការពង្រឹងសមត្ថភាពកីឡាករ កីឡាការិនី និងពង្រីកចំណេះដឹង បច្ចេកទេស ដល់គ្រូបង្វឹក អាជ្ញាកណ្ដាល ចៅក្រម និងសម្រេចបាននូវសមិទ្ធផលជាច្រើន។
ប្រធានសហព័ន្ធខាងលើបន្ថែមទៀតថា ក្នុងអាណត្តិថ្មីនេះលោកឧកញ៉ានឹងខំប្រឹងរៀបចំការប្រកួតជើងឯកជាតិឲ្យបានរៀងរាល់ឆ្នាំដើម្បីជំរុញលើការអភិវឌ្ឍន៍កីឡាហាប់គីដូនេះឲ្យកាន់តែមានភាពរីកចម្រើនទាំងថ្នាក់ជាតិ និងលើឆាកអន្តរជាតិ។ សហព័ន្ធនឹងបន្តបណ្ដុះបណ្ដាលធនធានកីឡាករ កីឡាការិនី បណ្ដុះបណ្ដាលទាំងកិច្ចការរដ្ឋបាល និងបង្កើនធនធានឲ្យបានច្រើន។ ការប្រកួតអន្តរជាតិនានាសហព័ន្ធនឹងជំរុញលើកទឹកចិត្ត និងព្យាយាមបញ្ជូនក្រុមហាប់គីដូឲ្យទៅចូលរួមប្រជែងមេដាយជូនជាតិមាតុភូមិ។
បញ្ជាក់ដែរថា មហាសន្និបាតរបស់សហព័ន្ធខ្មែរកីឡាហាប់គីដូនេះធ្វើឡើងកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្នាក់ការអូឡាំពិកកម្ពុជា (NOCC)។ អាណ្តិទី៨ ឆ្នាំ២០២៤-២០២៨ នេះលោកឧកញ៉ា សៅ សេងហាក់ បន្តជាប្រធានសហព័ន្ធ ឯកឧត្ដម ជា បូរ៉ា អនុ ឧត្ដមសេនីយ៍ត្រី ផាត់ សុភា អនុ ឧកញ៉ា គួច ហុងជៀក អនុ លោក ទេព វីរៈ អនុ លោក សែ តារា អនុ លោកវរសេនីយ៍ឯក គង់ ចាន់ធីណា អគ្គលេខាធិការ ឧត្ដមសេនីយ៍ទោ សុយ សុខុម អគ្គហេរញ្ញិក៕