• 2024-06-10 04:53:42
  • កីឡា​ផ្សេង​ៗ

ប្រធាន​សហព័ន្ធ​កីឡា​សូហ្វតិន្នីស​កម្ពុជា៖​ អាជ្ញាកណ្ដាល​ត្រូវ​មាន​សមត្ថភាព​ខ្ពស់​ទើប​អាច​គ្រប់គ្រង​ការ​ប្រកួត​បាន​ល្អ​

  • 2024-06-10 04:53:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សហព័ន្ធ​កីឡា​សូហ្វតិន្នីស​កម្ពុជា​ ថា​អាជ្ញាកណ្ដាល​ត្រូវ​តែ​មាន​សមត្ថភាព​ខ្ពស់​ទើប​គ្រប់គ្រង​ ឬ​ដឹកនាំ​ការ​ប្រកួត​ទៅ​បាន​ល្អ​ប្រសើរ។​ ដូច្នេះ​ហើយ​ជា​អ្វី​ដែល​សហព័ន្ធ​តែងតែ​គិតគូរ​ និង​បណ្ដុះបណ្ដាល​មន្ត្រី​បច្ចេកទេស​ អាជ្ញាកណ្ដាល​ជា​បន្តបន្ទាប់។​

ឯកឧត្ដម​ សរ សិទ្ធិ​

ឯកឧត្ដម​ សរ សិទ្ធិ​ ប្រធាន​សហព័ន្ធ​កីឡា​សូហ្វតិន្នីស​បាន​ឲ្យ​ដឹង​ថា​ ចំពោះ​ការ​ពង្រឹង​សមត្ថភាព​ដល់​មន្ត្រី​បច្ចេកទេស​ អាជ្ញាកណ្ដាល​គឺ​សហព័ន្ធ​តែងតែ​រៀបចំ​ជា​វគ្គ​បណ្ដុះបណ្ដាល​ផ្សេងៗ។​ ការ​បណ្ដុះបណ្ដាល​នេះ​គឺ​បាន​ជួយ​ដល់​សិក្ខាកាម​ពិសេស​មន្ត្រី​បច្ចេកទេស​ អាជ្ញាកណ្ដាល​ទទួល​បាន​ចំណេះ​ដឹង​ថ្មីៗ​ការ​វិវត្តន៍​ផ្សេង​នៃ​ការ​ប្រកួត​ ការ​ហ្វឹកហាត់​ជា​ដើម។​

ទិដ្ឋភាពបិទវគ្គបណ្ដុះបណ្ដាល

ប្រធាន​សហព័ន្ធ​ខាង​លើ​បន្ថែម​ទៀត​ថា​ ការ​ប្រកួត​មួយ​ដំណើរ​ការ​ទៅ​ដោយ​រលូន​បាន​ និង​មិនមាន​ភាព​លំអៀង​ ឬ​កាន់ជើង​ខាង​ណា​ទៅ​បាន​លុះត្រា​អាជ្ញាកណ្ដាល​មាន​ចំណេះដឹង​ខ្ពស់​ ចំណេះដឹង​ច្បាស់លាស់​ទើប​ដឹកនាំ​ការ​ប្រកួត​នោះ​ដោយ​មិន​មាន​បញ្ហា។​ ហេតុ​នេះ​ហើយ​សិក្ខាកាម​ត្រូវ​ព្យាយាម​ពង្រឹង​សមត្ថភាព​ និង​យក​នូវ​ចំណេះដឹង​ដែល​គ្រូៗ​បង្ហាត់បង្រៀន​ទៅ​អនុវត្តន៍​ឲ្យ​បាន​ល្អ​ប្រសើរ។​

ទិដ្ឋភាពបិទវគ្គបណ្ដុះបណ្ដាល

បញ្ជាក់​ដែរ​ថា​ សហព័ន្ធ​កីឡា​សូហ្វតិន្នីស​កម្ពុជា​ បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​មន្ត្រី​បច្ចេកទេស​ និង​អាជ្ញាកណ្ដាល​ថ្នាក់​ជាតិ​រយៈពេល​ ៥ថ្ងៃ​កាល​ពី​ថ្ងៃ​ទី៣​ ដល់​ ៧​ ខែ​មិថុនា​ ឆ្នាំ​២០២៤​ សាល​ហ្វឹកហាត់​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ។​ សិក្ខាកាម​ចូលរួម​សរុប​ ២៦​នាក់​ ប្រុស​ ២២​ ស្រី​ ៤។​ ក្នុង​ពិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​ខាង​លើ​នេះ​គឺ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្ដម​ សរ​ សិទ្ធិ​ ប្រធាន​សហព័ន្ធ​ និង​មន្ត្រី​ថ្នាក់ដឹកនាំ​សហព័ន្ធ​ជា​ច្រើន​រូប​ផង​ដែរ៕​

ទិដ្ឋភាពបិទវគ្គបណ្ដុះបណ្ដាល

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី