• 2024-05-30 03:25:01
  • កីឡា​ផ្សេង​ៗ

ព្រឹត្តិការណ៍រត់សប្បុរសធម៌អង្គការផ្កាយសមុទ្រប្រចាំឆ្នាំ២០២៤ «រត់ ចែករំលែកក្តីស្រឡាញ់ ផ្សាភ្ជាប់ទំនាក់ទំនង»

  • 2024-05-30 03:25:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្គការផ្កាយសមុទ្រ (ISF) នឹង​មាន​ការរៀបចំព្រឹត្តិការណ៍រត់សប្បុរសធម៌ប្រចាំឆ្នាំ២០២៤​ «រត់ ចែករំលែកក្តីស្រឡាញ់ ផ្សាភ្ជាប់ទំនាក់ទំនង» ដែលជាកម្មវិធីសប្បុរសធម៌​ដ៏ធំ និងសំខាន់មួយរបស់អង្គការផ្កាយសមុទ្រដើម្បី​ជួយ​ដល់​កុមារ​ក្រីក្រ​បាន​សិក្សា។

ទិដ្ឋភាពរត់ឆ្នាំមុន

ព្រឹត្តិការណ៍រត់សប្បុរសធម៌​ខាង​លើ​នេះ​ទទួល​បាន​ការ​ឧបត្ថម្ភគាំទ្រ​ផ្តល់​ជា​ទីកន្លែង​ដោយ​ក្រុមហ៊ុន ប៉េង ហួត គ្រុប និង​សហការ​រៀបចំ​ដោយ​សហព័ន្ធ​ខ្មែរ​អត្តពលកម្មស្ម័គ្រចិត្ត​ ក្លឹបរត់ KK Running Club និងក្រុមហ៊ុន Compass Advertising Agency។ កម្មវិធី​រត់​សប្បុរសធម៌អង្គការផ្កាយសមុទ្រប្រចាំឆ្នាំ២០២៤ នេះគឺកាន់តែធំ និងមានការចូលរួមគាំទ្រច្រើនដោយផ្អែកលើភាពជោគជ័យនៃព្រឹត្តិការណ៍រត់សប្បុរសធម៌កាលពីឆ្នាំកន្លងទៅ ។

ទិដ្ឋភាពរត់ឆ្នាំមុន

កម្មវិធី​រត់​បែប​កម្សាន្ត​ និង​សប្បុរសធម៌ ប្រព្រឹត្តទៅនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ ២០២៤ ខាងមុខនឹងទទួលស្វាគមន៍អ្នកចូលរួមរត់រាប់ពាន់នាក់មកជួបជុំគ្នារត់យ៉ាងច្រើនកុះករក្នុងបរិវេណ Eco Park 2 ក្នុងបុរី ប៉េង ហួត។ គោលបំណងរៀបចំ​កម្មវិធី​នេះ​ឡើង​គឺ​រៃអង្កាសថវិកាគាំទ្រដល់ការងារដ៏សំខាន់គឺផ្តល់ឱកាសសិក្សារៀនសូត្រដល់កុមារកម្ពុជាក្រីក្រជាង ៧០០នាក់នៅអង្គការផ្កាយសមុទ្រ។ រួមគ្នាពិតជាអាចបង្កើតអនាគតដ៏ល្អប្រសើរសម្រាប់កុមារដែលជួបប្រទះការលំបាកទាំងនេះបាន។

ទិដ្ឋភាពរត់ឆ្នាំមុន

សម្រាប់ព្រឹត្តិការណ៍រត់សប្បុសធម៌ប្រចាំឆ្នាំនេះ អង្គការផ្កាយសមុទ្រក៏មានក្តីរីករាយជាពន់ពេកក្នុងការទទួលស្វាគមន៍ក្រុមហ៊ុន KPMG ខេមបូឌា ដែលឧបត្ថម្ភគាំទ្រដល់កម្មវិធីក្នុងនាមជា Platinum Sponsor ដើម្បីអបអរសាទរក្នុងឱកាសខួប ៣០ឆ្នាំរបស់ក្រុមហ៊ុននេះក្នុងប្រទេសកម្ពុជា និងវៀតណាម។ ការឧបត្ថម្ភគាំទ្រដ៏សំខាន់នេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុម ហ៊ុននេះចំពោះសកម្មភាពគាំទ្រដល់សហគមន៍ និងទំនួលខុសត្រូវសង្គម ។

ទិដ្ឋភាពរត់ឆ្នាំមុន

ការចុះឈ្មោះរត់សម្រាប់ព្រឹត្តិការណ៍រត់សប្បុរសធម៌អង្គការផ្កាយសមុទ្រប្រចាំឆ្នាំ២០២៤ នៅតែបន្តបើកចុះឈ្មោះរហូតដល់ថ្ងៃកម្មវិធី។ វិញ្ញាសា​រត់​មាន​២ គឺ​ទី១ ចម្ងាយ​ ៣Km ទី២​ ចម្ងាយ​ ១០Km។​ កម្មវិធី​នេះ​នឹង​ប្រារព្ធ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី២​ ខែ​មិថុនា​ ឆ្នាំ​២០២៤​ ក្នុង​បុរី​ ប៉េង ហួត​ ភ្នំពេញ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី