• 2024-05-27 08:08:45
  • កីឡា​ផ្សេង​ៗ

ចំណុច​ពិសេសៗ​ទាំង​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​តេក្វាន់ដូ​ ITF​ ទទួល​បាន​ការ​ទុកចិត្ត​ និង​សម្ដែង​ស្ទើរ​គ្រប់​កម្មវិធី​

  • 2024-05-27 08:08:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ប៉ាល់​ ជីវ័ន​ គ្រូ​បង្វឹក​ជម្រើសជាតិ​តេក្វាន់ ITF​ កម្ពុជា​ ថា​រាល់​ការ​ទទួល​ចេញ​សម្ដែង​ក្នុង​កម្មវិធី​កីឡា​តូច-ធំ​ គឺ​តែងតែ​គិតគូ​រក​គំនិត​​ថ្មី​ប្លែក​បូក​បញ្ចូល​ជា​មួយ​ស្នៀត​ពិសេស​ៗ​ និង​មាន​ការ​ហាត់​សម​ត្រឹមត្រូវ​ទើប​ទទួល​បាន​ជោគជ័យ​ជា​បន្តបន្ទាប់​ និង​មាន​ការ​ទុកចិត្ត​ខ្លាំង​ពី​ថ្នាក់ដឹកនាំ​ផ្នែក​កីឡា​រហូត​មក។​

លោក​ ប៉ាល់​ ជីវ័ន​

ថ្លែង​ក្រោយ​ពិធី​បិទ​បញ្ចប់​ការ​ប្រកួត​កីឡា​សិស្ស​ឧត្ដម​សិក្សា​ និង​មធ្យមសិក្សា​បច្ចេកទេស​ ឆ្នាំ​២០២៤​ ម្សិលមិញ​នេះ​លោក​ ប៉ាល់​ ជីវ័ន​ គ្រូ​បង្វឹក​ជម្រើស​ជាតិ​តេក្វាន់ដូ​ ITF​ កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ ការ​សម្ដែង​ក្នុង​ពិធី​បិទ​នេះ​ក្រុម​តេក្វាន់ដូ​ទាំង​ជម្រើស​ជាតិ​ និង​យុវជន​ថ្នាល​មាន​សរុប​ ១០០នាក់។​

ទិដ្ឋភាពរៀបជាអក្សរ ITF

​ការ​សម្ដែង​ម្សិលមិញ​នេះ​គឺ​ជា​គំនិត​ និង​រូប​ភាព​ថ្មី​ទៀត​ហើយ​ ពោល​កន្លង​ទៅ​សម្ដែង​ត្រឹម​គ្នា​ ២០-៣០​នាក់​ប៉ុណ្ណោះ​ ប៉ុន្តែ​លើក​នេះ​មាន​ចំនួន​ច្រើន​ និង​រៀប​ចេញ​ជា​អក្សរ ITF​ ទៀត​ផង។​ ការ​សម្ដែង​ប្រសិន​បើ​ធ្វើ​ដដែល​ៗ​នោះ​អ្នក​មក​ចូលរួម​ក៏​មាន​ការ​ធុញទ្រាន់​ដែរ​ ដូច្នេះ​រាល់​ការ​សម្ដែង​ម្ដងៗ​លោក​តែង​ផ្លាស់ប្ដូរ​បន្តិចបន្តួច​ជា​និច្ច​តែ​មិន​ចោល​ក្បាច់​ស្នៀត​មេគុន​ ស្នៀត​ប្រយុទ្ធ​របស់​ ITF​ នោះ​ទេ។​

ទិដ្ឋភាពសម្ដែងចប់

អតីត​ម្ចាស់​មេដាយ​មាស​ពិភពលោក​ និង​ជា​គ្រូ​ជម្រើស​ជាតិ​ខាង​លើ​នេះ​ថ្លែង​អំណរគុណ​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ ចំពោះ​ការ​ទុកចិត្ត​ និងបាន​ផ្ដល់​ឱកាស​ជា​និច្ច​ដល់​ក្រុម​តេក្វាន់ដូ​ ITF​ សម្ដែង​ក្នុង​កម្មវិធី​បើក-បិទ​កីឡា​ផ្សេងៗ​កន្លង​មក។​ ជា​មួយ​គ្នា​នេះ​ដែរ​លោក​ថ្លែង​អំណរគុណ​ដល់​ប្រធាន​សហព័ន្ធ​តេក្វាន់ដូ​ ITF​ ឯកឧត្ដម​ កែវ​ រ៉េមី​ ឯកឧត្ដម​ ប៊ួន​ ហ៊ីងសុធីយ៉ា​ អគ្គលេខាធិការ​ ដែល​តែងតែ​យកចិត្ត​ទុកដាក់​ និង​ចំណាយ​ទាំង​ថវិកា ​ពេលវេលា​ ជា​ច្រើន​ពិសេស​រាល់​ការ​ហ្វឹកហាត់​សម្ដែង​ម្ដងៗ។​

រូបភាពអគ្គនាយកដ្ឋានកីឡា

បញ្ជាក់​ដែរ​ថា​ ពិធី​បិទ​ការ​ប្រកួត​កីឡា​សិស្ស​ឧត្ដម​សិក្សា​ និង​មធ្យមសិក្សា​បច្ចេកទេស​ ឆ្នាំ​២០២៤​ កាល​ពី​ថ្ងៃ​ទី២៦​ ខែ​ឧសភា​ ម្សិលមិញ​នេះ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្ដម​ វ៉ាត់​ ចំរើន​ រដ្ឋលេខាធិការ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា។​ ក្នុង​នោះ​ដែរ​គឺ​មាន​ការ​សម្ដែង​របស់​ក្រុម​ល្បុក្កតោ​ ក្រុម​តេក្វាន់ដូ​ ITF​ និង​ការ​សម្ដែង​សិល្បៈ​កម្សាន្ត​ផង​ដែរ។​ ការ​ប្រកួត​កីឡា​សិស្ស​ឧត្ដម​នេះ​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី១៨​ ដល់​ ២៧​ ឧសភា​ ឆ្នាំ​២០២៤។​ ជា​មួយ​គ្នា​នោះ​ដែរ​សកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​ ជាប់​ចំណាត់​ថ្នាក់​លេខ១​ ឈ្នះ​មេដាយ​មាស​ ២៨​ ប្រាក់ ១៨​ សំរឹទ្ធ​ ១៥​ សរុប​ ៦១គ្រឿង​ វិទ្យាស្ថាន​ខេមអេដ​ ជាប់​ចំណាត់ថ្នាក់​លេខ២​ ឈ្នះ​មេដាយ​មាស​ ១៩​ ប្រាក់​ ១០​ សំរឹទ្ធ​ ១៦​ សរុប​ ៤៥​គ្រឿង​ សកលវិទ្យាល័យវេស្ទើន​ ជាប់​ចំណាក់​ថ្នាក់​លេខ៣​ ឈ្នះ​មេដាយ​មាស​ ១៦​ ប្រាក់ ១៦​ សំរឹទ្ធ​ ១៨​ សរុប​ ៥០​គ្រឿង៕​

រូបភាពហ្វេសបុក NOCC

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី