• 2024-05-09 06:16:48
  • កីឡា​ផ្សេង​ៗ

​សហព័ន្ធ​កីឡា​ទាញព្រ័ត្រ៖​ ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​នៅ​កំពង់សោម​ឆ្នាំ​នេះ​នឹង​បន្ថែម​វិញ្ញាសា​ថ្មី​មួយ​ទៀត​

  • 2024-05-09 06:16:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​ទាញព្រ័ត្រ​កម្ពុជា​ ម្សិលមិញ​នេះ​ធ្វើ​សន្និសីទសារព័ត៌មាន​ប្រកាស​ពី​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៤​ និង​ពាន​រង្វាន់​ Idol ​លើកទី១​ នឹង​ធ្វើ​ឡើង​នៅ​ខេត្ត​ព្រះសីហនុ​ ដោយ​បន្ថែម​ ១ វិញ្ញាសា​ថ្មី​ទៀត​លើស​ពី​ឆ្នាំ​មុន​ៗ។​

ទិដ្ឋភាពម្សិលមិញ

ឯកឧត្តម​ មាស​ សារិន​ ប្រធាន​សហព័ន្ធ​កីឡា​ទាញព្រ័ត្រ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ ដើម្បី​ជា​ភាព​ទាក់ទាញ​ និង​បង្កើន​មេដាយ​ ឬ​ជយលាភី​ផង​នោះ​ទើប​សហព័ន្ធ​បន្ថែម​វិញ្ញាសា​ថ្មី​មួយ​ទៀត​ឡើង។​ វិញ្ញាសា​ ១ ទល់ ១​ នេះ​មាន​ទាំង​ផ្នែក​នារី​ និង​បុរស។​ ព្រឹទ្ធាចារ្យ​កីឡា​រូប​នេះ​ជឿជាក់​ថា​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​នេះ​នឹង​រឹតតែ​មាន​ភាព​ទាកទាញ​ និង​បាន​ផ្សព្វផ្សាយ​កីឡា​មួយ​នេះ​កាន់​តែ​ទូលំទូលាយ។​

ទិដ្ឋភាពម្សិលមិញ

ប្រធាន​សហព័ន្ធ​ និង​ជា​ស្ថាបនិក​កីឡា​ជា​ច្រើន​ប្រភេទ​នៅ​កម្ពុជា​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ នេះ​ជា​ការ​ខំប្រឹង​ប្រែង​ឥត​ឈប់ឈរ​របស់​សហព័ន្ធ​ដោយ​តែងតែ​កៀរគរ​រក​ជំនួយ​ផ្សេងៗ​ដើម្បី​គាំទ្រ​សកម្មភាព​នានា​ដូច​ជា​ការ​ប្រកួត​ជើងឯក​ និង​ពាន​រង្វាន់​ផ្សេងៗ​ជា​ដើម។​ បាន​ការ​ឧបត្ថម្ភ​ច្រើន​ដើរ​លឿន​ បាន​តិច​ដើរ​រៀង​យឺត​ ប៉ុន្តែ​ប្រសើរ​ជាង​មិន​ធ្វើ​អ្វី​ទាំង​អស់​។ កីឡា​ណា​ក៏​ដោយ​ក៏​មិន​អាច​រីកចម្រើន​បាន​ដែរប្រសិន​បើ​មិន​ព្យាយាមធ្វើ​សកម្មភាពអ្វី​សោះ។​

ទិដ្ឋភាពម្សិលមិញ

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៤​ និង​ពាន​រង្វាន់​ Idol លើក​ទី១​ នេះ​នឹង​ធ្វើ​ឡើង​នៅ​ទីលាន​តេជោ​ ក្រុង​ព្រះសីហនុ​ ខេត្ត​ព្រះសីហនុ​ ចាប់​ពី​ថ្ងៃ​ទី១០​ ដល់​ ១២​ ខែ​ឧសភា។​ ការ​ប្រកួត​នេះ​មាន​ ៦វិញ្ញាសា​ ទី១​ វិញ្ញាសា​ ៨នាក់​ ទល់ ៨នាក់​ បុរស​ ទី២​ វិញ្ញាសា​ ៨នាក់​ ទល់​ ៨នាក់​ ផ្នែក​នារី​ ទី៣​ វិញ្ញាសា​ ៤នាក់​ ទល់​ ៤នាក់​ ផ្នែក​បុរស​ ទី៤​ វិញ្ញាសា​ ៤នាក់​ ទល់​ ៤នាក់​ ផ្នែក​នារី​ ទី៥​ វិញ្ញាសា​ ១ ទល់​ ១​ ផ្នែក​បុរស​ ទី៦​ វិញ្ញាសា​ ១ ទល់​ ១​ ផ្នែក​នារី៕​

ទិដ្ឋភាពម្សិលមិញ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី