- 2024-02-14 07:20:57
- កីឡាផ្សេងៗ
AIA-ISF Youth League រដូវកាលទី៨ ធ្វើដំណើរដល់ខេត្តកំពតហើយ
- 2024-02-14 07:20:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
AIA-ISF Youth League រដូវកាលទី៨ ធ្វើដំណើរដល់ខេត្តកំពតហើយ
ចន្លោះមិនឃើញ
កាលពីថ្ងៃអាទិត្យ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅនេះអង្គការផ្កាយសមុទ្របានធ្វើពិធីបើកការប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន ឬហៅថា AIA – ISF Youth League រដូវកាលទី៨ នៅក្នុងបរិវេណពហុកីឡដ្ឋានខេត្តកំពត ជិតរង្វង់មូលធូរេន។
ក្រោមកិច្ចសហការដ៏យូរអង្វែងរវាងក្រុមហ៊ុន AIA និងអង្គការផ្កាយសមុទ្រ ស្ថាប័នទាំងពីរនឹងរួមគ្នារៀបចំបើកការប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Youth League លើកទីពីរប្រចាំឆ្នាំ២០២៤ នេះក្នុងក្រុងកំពត។ ការប្រកួតបាល់ទាត់វិលជុំនេះជួយកៀរគរប្រមូលផ្តុំកុមារ និងយុវជនជួបប្រទះភាពខ្វះខាតដោយផ្តល់ឱកាសដល់ពួកគេចូលរួមលេងកីឡាដើម្បីស្វែងរកសក្តានុពលផ្ទាល់ខ្លួនរៀនសូត្រជំនាញបំណិនជីវិតសំខាន់ៗ និងមានទម្លាប់ល្អចំពោះសុខភាពថែមទៀតផង។
គ្រូបង្វឹកផ្នែកអភិវឌ្ឍបាល់ទាត់អន្តរជាតិរបស់ក្លឹប Tottenham Hotspur កញ្ញា Shannon Moloney បានឲ្យដឹងថា៖ “តាមរយៈការចូលរួមក្នុងព្រឹត្តការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជនក្នុងរយៈពេល ប៉ុន្មានឆ្នាំកន្លងមកនេះ ខ្ញុំកត់សម្គាល់ឃើញថាវិស័យបាល់ទាត់ក្នុងប្រទេសកម្ពុជាមានការរីកចម្រើនខ្លាំងមែនទែនជាពិសេសពេលដែល ខ្ញុំបានឃើញពីសន្ទុះនៃការចូលរួមយ៉ាងច្រើនកុះករពីក្រុមកីឡាការិនីដែលបានចូលរួមប្រកួតក្នុងឆ្នាំ ២០២៤ នេះ”។
បញ្ជាក់ថា ឆ្នាំនេះគឺជាឆ្នាំទីពីរហើយដែលការប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Youth League ត្រូវបានរៀបចំការប្រកួតក្នុងក្រុងកំពត ដោយមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មន្ទីរអប់រំ យុវជន និងកីឡាប្រចាំក្រុងកំពត។ កម្មវិធីបើកការប្រកួតមានកីឡាករកីឡាការនី សរុបប្រមាណ ៣៦០ នាក់មកចូលរួមប្រកួតប្រជែងទៅតាមប្រភេទអាយុផ្សេងៗគ្នាដូចជា៖ កីឡាករ កីឡាការនីអាយុក្រោម ១៨ឆ្នាំ, អាយុក្រោម ១៤ឆ្នាំ និងអាយុក្រោម ១០ឆ្នាំ ហើយពួកគេនឹងចូលរួមប្រកួតវគ្គជម្រុះប្រចាំក្រុងកំពត នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ខាងមុខ។ ក្រុមដែលឈ្នះប្រចាំក្រុងកំពត នឹងត្រូវចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និង យុវជន វគ្គផ្តាច់ព្រ័ត្រ AIA – ISF Grand Championship League ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤៕
SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB