• 2024-02-06 04:00:57
  • កីឡា​ផ្សេង​ៗ

AIA-ISF Youth League​ រដូវ​កាល​ទី៨​ បើក​ជា​ផ្លូវ​ការ​ហើយ​ ខណៈ​ក្រុម​នឹង​ចូលរួម​សរុប​រហូត​ ១៣៥​ក្រុម​

  • 2024-02-06 04:00:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន​រង្វាន់​បាល់ទាត់​ AIA-ISF Youth League​ រដូវ​កាល​ទី៨​ របស់​អង្គការ​ផ្កាយសមុទ្រ​ បាន​បើក​ការ​ប្រកួត​ជា​ផ្លូវ​ការ​ហើយ​កាល​ពី​ថ្ងៃ​ទី៤​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៤​ ខណៈ​ក្រុម​ចូលរួម​សរុប​មាន​រហូត​ដល់​ ១៣៥​ក្រុម​ប្រកួត​ប្រជែង។​

ទិដ្ឋភាពបើកការប្រកួត

អ្នកស្រី​ ជួប វិច្ឆិកា​ នាយិកា​ប្រតិបត្តិ​របស់​អង្គការ​ផ្កាយ​សមុទ្រ​បាន​ឲ្យ​ដឹង​ថា​ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី៤​ ខែ​កុម្ភៈ​ នេះ​គឺ​ជា​ការ​បើក​ការ​ប្រកួត​ជា​ផ្លូវ​ការ​នៅ​រដូវ​ទី៨​ ដែល​ជា​រដូវ​កាល​ថ្មី​សម្រាប់​ឆ្នាំ​២០២៤​ នេះ​ក្នុង​ពាន​រង្វាន់​ AIA-ISF Youth League។​ សម្រាប់​ពិធី​បើក​ការ​ប្រកួត​នៅ​ AIA Stadium ​នេះ​គឺ​មាន​​ ៧០​ក្រុម​ ប៉ុន្តែ​នៅ​ថ្ងៃ​ទី១១​ ខែ​កុម្ភៈ​ នឹង​មាន​បើក​ការ​ប្រកួត​នៅ​ខេត្ត​កំពត​ បន្ទាប់​មក​នៅ​ថ្ងៃ​ទី២៥​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៤​ នឹង​មាន​បើក​ការ​ប្រកួត​នៅ​ខេត្ត​បន្ទាយមានជ័យ​បន្ថែម​ទៀត។​ ដូច្នេះ​បើ​សរុប​ទាំង​រាជធានី​ភ្នំពេញ​ និង​ ២ខេត្ត​ទៀត​នោះ​គឺ​មាន ​១៣៥​ក្រុម​ក្នុង​នោះ​កីឡាករ​ កីឡា​ការិនី​ យុវជន​ក្មេងៗ​ខ្ទង់​ ១៧០០នាក់​ចូលរួម​បញ្ចេញ​សមត្ថភាព​ប្រជែងពានរង្វាន់​ខាង​លើ​នេះ។​

ទិដ្ឋភាពបើកការប្រកួត

នាយិកា​ប្រតិបត្តិ​របស់​អង្គការ​ផ្កាយ​សមុទ្រ​រូប​នេះ​បន្ថែម​ទៀត​ថា​ ការ​ប្រកួត​បាល់ទាត់​វិលជុំ​កុមារ​ និង​យុវជន​ AIA – ISF Youth League​ នេះ​គឺ​ដូច​ឆ្នាំ​មុនៗ​ដែរ​រៀបចំ​ឡើង​ក្នុង​គោលបំណង​ផ្ដោត​លើ​ការ​លេង​កីឡា​ដើម្បី​សុខភាព​ យុវជនប្រើ​ពេលវេលា​ដោយ​មាន​តម្លៃ​ជៀសវាង​ការ​ប្រព្រឹត្តិ​ទង្វើ​មិន​ល្អ​លើ​អំពើ​អបាយមុខ​ផ្សេង​ៗ​។​ ទន្ទឹង​និង​នេះ​ព្រឹត្តិការណ៍​នេះ​បាន​ផ្ដល់​ឱកាស​ឲ្យ​ពួកគេ​បាន​ចូលរួម​ដើម្បី​សុខភាព​រាងកាយ​ សុខភាព​ផ្លូវចិត្ត​ និង​បានបង្រៀន​ផ្នែក​ Soft Skill​ ផង​ដែរឲ្យ​ចេះ​សហការ​ធ្វើ​ការ​ជា​ក្រុម​ និង​ចេះ​ដោះស្រាយ​នូវ​បញ្ហា​ផ្សេងៗ​ដែល​កើត​មានឡើង។​

ទិដ្ឋភាពបើកការប្រកួត

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​បាល់ទាត់​វិល​ជុំ​កុមារ​ និង​យុវជន​ AIA – ISF Youth League​ ចាប់​ផ្ដើម​ពី​ខែ​កុម្ភៈ​ រហូត​ដល់​ ខែ​មិថុនា​ ឆ្នាំ​២០២៤។​ បន្ទាប់​ពី​រក​ឃើញ​ជើងខ្លាំង​ប្រចាំ​រាជធានី​ភ្នំពេញ​ ខេត្ត​កំពត​ និង​ខេត្ត​បន្ទាយមានជ័យ​ហើយ​នោះ​គណៈកម្មការ​រៀបចំ​នឹង​ធ្វើ​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​រក​ជើងឯក​ប្រចាំ​ឆ្នាំ​ និង​ធ្វើ​ការ​បិទ​បញ្ចប់​ពាន​រង្វាន់​នេះ​នៅ​ខែ​មិថុនា​ ឆ្នាំ​២០២៤ ​តែ​ម្ដង។ ក្រុមហ៊ុនធានារ៉ាប់រង អាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា បានផ្តល់ការឧបត្ថម្ភគាំទ្រក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Youth League នេះចាប់តាំងពី ឆ្នាំ២០១៧មកម្ល៉េះ៕

ទិដ្ឋភាពបើកការប្រកួត

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់