- 2024-01-29 03:08:54
- កីឡាផ្សេងៗ
សហព័ន្ធកីឡាទូកក្តោង៖ បិទវគ្គបណ្ដុះបណ្ដាលមន្ត្រីបច្ចេកទេសរៀបចំការប្រកួតក្រោយចំណាយពេល៣ថ្ងៃ
- 2024-01-29 03:08:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធកីឡាទូកក្តោង៖ បិទវគ្គបណ្ដុះបណ្ដាលមន្ត្រីបច្ចេកទេសរៀបចំការប្រកួតក្រោយចំណាយពេល៣ថ្ងៃ
ចន្លោះមិនឃើញ
សហព័ន្ធកីឡាទូកក្តោងកម្ពុជា បានធ្វើពិធីបិទវគ្គបណ្ដុះបណ្ដាលមន្ត្រីបច្ចេកទេសរៀបចំការប្រកួតជាផ្លូវការ ក្រោយចំណាយពេល ៣ថ្ងៃនៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាទូកក្តោង ស្ថិតក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណប Bay of Lights ខេត្តព្រះសីហនុ។
ផ្អែកតាមផែនការសកម្មភាពការងារឆ្នាំ២០២៣ ក្រោមគម្រោងថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាទូកក្ដោងកម្ពុជា បានបើកវគ្គបណ្ដុះបណ្ដាលមន្ត្រីបច្ចេកទេសរៀបចំការប្រកួតកម្រិតមូលដ្ឋានដែលបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤។ ដើម្បីឱ្យប្រភេទកីឡាទូកក្ដោងរបស់កម្ពុជា មានមន្ត្រីបច្ចេកទេសដែលមានជំនាញកម្រិតខ្ពស់ សម្រាប់ត្រៀមការប្រកួតកីឡាជាតិ និងអន្តរជាតិផ្សេងៗនាពេលខាងមុខ ជាពិសេសការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាអូឡាំពិកយុវជនអាស៊ី ឆ្នាំ២០២៩ និងដើម្បីបង្ហាញដល់មហាជនបានឃើញ និងស្វែងយល់អំពីប្រភេទកីឡាទូកក្ដោងផងដែរ។
មន្ត្រីបច្ចេកទេសរៀបចំការប្រកួត គឺជាក្រុមការងារសំខាន់មួយ ដែលអាចធ្វើឱ្យការប្រកួតមួយទទួលបានជោគជ័យ ហើយបើមន្ត្រីបច្ចេកទេសរៀបចំការប្រកួតរបស់កម្ពុជាយើងមានចំណេះជំនាញកម្រិតខ្ពស់ស្របតាមស្តង់ដាររបស់សហព័ន្ធកីឡាទូកក្ដោងអន្តរជាតិ នោះគ្រប់ការប្រកួតទាំងថ្នាក់ជាតិ និងអន្តរជាតិដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នឹងសុទ្ធសឹងតែទទួលបានជោគជ័យ និងគុណភាពនៃការប្រកួតក្នុងកម្រិតខ្ពស់។
បញ្ជាក់ដែរថា ពិធីបិទវគ្គបណ្ដុះបណ្ដាលខាងលើក្រោមអធិបតីភាពលោកឧត្តមនាវីទោ គឹម សាវុធ មេបញ្ជាការរងបញ្ជាការដ្ឋានមូលដ្ឋានសមុទ និងមានការចូលរួមពីសំណាក់ លោក សោម សុទ្ធរិទ្ធិពង្ស អគ្គលេខាធិការសហព័ន្ធកីឡាទូកក្តោងកម្ពុជា លោក សេង ម៉ាលី តំណាង តំបន់អភិវឌ្ឍន៍ទីក្រុងរណប Bay of Lights នៃមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាទូកក្តោង ស្ថិតក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណប Bay of Lights ខេត្តព្រះសីហនុ។ សិក្ខាកាមចូលរួមវគ្គនេះមាន២៥រូប៕
SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB