
- 2023-11-24 04:57:49
- កីឡាផ្សេងៗ
ពានរង្វាន់តេក្វាន់ដូ ITF ឯកឧត្ដម ហ៊ុន ម៉ានី ជាប្រវត្តិសាស្ត្រខេត្តកោះកុងដែលឈ្នះមេដាយច្រើនជាងលើកណាណាទាំងអស់
- 2023-11-24 04:57:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពានរង្វាន់តេក្វាន់ដូ ITF ឯកឧត្ដម ហ៊ុន ម៉ានី ជាប្រវត្តិសាស្ត្រខេត្តកោះកុងដែលឈ្នះមេដាយច្រើនជាងលើកណាណាទាំងអស់
ចន្លោះមិនឃើញ
ពានរង្វាន់ឯកឧត្ដម ហ៊ុន ម៉ានី ដែលបញ្ចប់ទៅថ្មីៗនេះក្រុមតេក្វាន់ដូ ITF ខេត្តកោះកុងគឺសរុប ១៣គ្រឿង នេះជាការឈ្នះមេដាយច្រើនជាប្រវត្តិសាស្ត្រហើយសម្រាប់ខេត្តតាំងពីបង្កើត និងមកចូលរួមប្រកួតនៅរាជធានីភ្នំពេញ។
លោក កែវ សំណាង គ្រូបង្វឹកតេក្វាន់ដូ ITF នៅខេត្តកោះកុង បានឲ្យដឹងថា កីឡាមួយនេះកកើតនៅខេត្តរបស់លោកអំឡុងឆ្នាំ២០១៩ មកដល់សព្វថ្ងៃនេះ។ ចំពោះការចូលរួមព្រឹត្តិការណ៍នៅរាជធានីភ្នំពេញដែលរៀបចំដោយសហព័ន្ធគិតមកដល់ពេលនេះជាលើកទី៧ ហើយទាំងការចូលរួមពានរង្វាន់ឯកឧត្ដម ហ៊ុន ម៉ានី សម្រាប់ក្រុមខេត្តកោះកុង។
គ្រូបង្វឹកខាងលើនេះលើកឡើងទៀតថា ក្នុងពានរង្វាន់ឯកឧត្ដម ហ៊ុន ម៉ានី នេះជាប្រវត្តិសាស្ត្រហើយសម្រាប់ក្រុមតេក្វាន់ដូ ITF ខេត្តកោះកុងដែលឈ្នះមេដាយច្រើនជាងលើកណាណាទាំងអស់។ មេដាយទាំងនោះគឺមាន មាស៤ ប្រាក់៤ សំរឹទ្ធ៥គ្រឿង។ ប៉ុន្តែមេដាយទាំងនេះគឺបូកទាំងពីរក្លឹប គឺក្លឹបខេត្តកោះកុង និងក្លឹបថ្មស។
ការដែលឈ្នះមេដាយច្រើនគ្រឿងនេះលោក កែវ សំណាង បានបញ្ជាក់ថា ដោយសារការហ្វឹកហាត់ត្រៀមខ្លួនបានល្អ និងមានរយៈពេលយូរ។ កីឡាករ កីឡាការិនី មានបទពិសោធច្រើនក្នុងការប្រកួតកន្លងទៅ និងអ្វីដែលមិនអាចបំភ្លេចបាននោះការយកចិត្តទុកដាក់ លើកទឹកចិត្ត និងការផ្ដល់ថវិកាគាំទ្រពីលោកជំទាវអភិបាលខេត្តកោះកុង មិថុនា ភូថង ជាបន្តបន្ទាប់។
គ្រូបង្វឹកវ័យក្មេងរូបនេះសូមថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ និងការឧបត្ថម្ភប្រាក់រង្វាន់នានារបស់លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង។ ដែលធ្វើឲ្យកីឡាករមានកម្លាំងចិត្ត និងប្រឹងប្រែងប្រកួតទទួលបានជោគជ័យ។ ជាមួយគ្នានេះដែរលោកក៏អរគុណចំពោះប្រធានសមាគមតេក្វាន់ដូ ITF ខេត្តកោះកុង លោក ផាន់ យុទ្ធផានុវឌ្ឍ ដែលបានយកចិត្តទុកដាក់ និងអភិវឌ្ឍន៍កីឡាមួយនេះឲ្យរឹតតែមានការរីកចម្រើនជាបន្តបន្ទាប់ និងធ្វើឲ្យវិស័យកីឡាមួយនេះរឹតតែទទួលការគាំទ្រពិសេសនៅក្នុងខេត្តតែម្ដង។
ពានរង្វាន់លើកទី១ ឯកឧត្ដម ហ៊ុន ម៉ានី ឆ្នាំ២០២៣ នេះធ្វើឡើងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៧ ដល់ ១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ចំពោះខេត្តកោះកុងបញ្ជូនក្លឹបចំនួន២ គឺក្លឹបខេត្តកោះកុង និងក្លឹបថ្មស។ សរុបមេដាយឈ្នះគឺ ១៣គ្រឿង មាស៤ ប្រាក់៤ សំរឹទ្ធ៥។ ក្លឹបខេត្តកោះកុងជាប់ចំណាត់ថ្នាក់លេខ៤ និងក្លឹបថ្មស ជាប់លេខ ១០ ក្នុងចំណោមក្លឹប១៨ចូលរួម៕
SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB