- 2023-11-15 05:21:42
- កីឡាផ្សេងៗ
ចូលរួមអបអរវីរកីឡាករ សាលី អ៊ូម៉ើត ក្លាយជាអគ្គលេខាធិការ និងជាកម្លាំងស្នូលសហព័ន្ធម៉ូតូទឹក
- 2023-11-15 05:21:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចូលរួមអបអរវីរកីឡាករ សាលី អ៊ូម៉ើត ក្លាយជាអគ្គលេខាធិការ និងជាកម្លាំងស្នូលសហព័ន្ធម៉ូតូទឹក
ចន្លោះមិនឃើញ
សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា ព្រឹកមិញនេះបានប្រកាសវិរកីឡាករ សាលី អ៊ូម៉ើត ក្លាយជាអគ្គលេខាធិការសហព័ន្ធចាប់ពីពេលនេះតទៅដើម្បីជំរុញលើការអភិវឌ្ឍន៍ឲ្យរឹតតែរីកចម្រើនកាន់តែលឿនបន្ថែមទៀត។
ឯកឧត្ដម ណុះ ស្លេះ ប្រធានសហព័ន្ធម៉ូតូទឹកបានឲ្យដឹងថា មុនស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាជាម្ចាស់ផ្ទះនេះគឺ សាលី អ៊ូម៉ើត ធ្វើជាអគ្គលេខាធិការសហព័ន្ធម្ដងហើយ ប៉ុន្តែដោយសារច្បាប់កីឡាមិនអនុញ្ញាតឲ្យកីឡាករមានមុខងារពីរ ដូច្នេះរូបគេជាកីឡាករស្នូលរកមេដាយជូនជាតិផងនោះក៏ស្នើឲ្យលាលែងពីអគ្គលេខាធិការទៅត្រឹមជាកីឡាករវិញ។
បន្ទាប់ពីរួចរាល់ការងារស៊ីហ្គេមហើយនោះ ឥលូវលោក សាលី អ៊ូម៉ើត បានស្ម័គ្រចិត្តចូលធ្វើជាអគ្គលេខាធិការសហព័ន្ធជាថ្មីវិញ។ នៅថ្មីៗនេះគឺវិរកីឡាកររូបនេះបានដឹកនាំក្រុមម៉ូតូទឹកកម្ពុជាទៅប្រកួតនៅសហរដ្ឋអាមេរិកទទួលបានជោគជ័យធំធេងណាស់សម្រាប់ប្រទេសជាតិ។
ប្រធានសហព័ន្ធខាងលើបន្ថែមទៀតថា កីឡាមួយនេះរីកចម្រើនអភិវឌ្ឍន៍ទៅបានលុះត្រាតែមានការសហការគ្នាពីគ្រប់ភាគីទាំងអស់ មិនថាថ្នាក់ដឹកនាំ មន្ត្រី កីឡាករ និងសមាជិកក្លឹបនោះទេគឺសុទ្ធតែជាចំណែកសំខាន់ដែលត្រូវជួយគ្នា។
សាលី អ៊ូម៉ើត បានឲ្យដឹងដែរថា ការងារជាអគ្គលេខាធិការសហព័ន្ធនេះគឺសំខាន់ និងមិនសូវមាននរណាចង់មកកាន់តំណែងនេះទេ ព្រោះមានការងារច្រើនដែលត្រូវធ្វើ ពិសេសការងារបច្ចេកទេសផ្សេងៗ។ ដែលទាំងនេះគឺទាល់តែអ្នកមានបទពិសោធច្រើន និងធ្លាប់ឆ្លងកាត់ការប្រកួតផ្សេងៗនៅលើឆាកអន្តរជាតិ។ យ៉ាងណា ម្ចាស់មេដាយមាសកីឡាអាស៊ី ឆ្នាំ២០១៨ រូបនេះថានឹងខំប្រឹងប្រឹងប្រែងដឹកនាំកីឡាករមួយឲ្យរីកចម្រើនកាន់តែខ្លាំង បណ្ដុះធនធាន បង្កើតព្រឹត្តិការណ៍នានាទាំងថ្នាក់ជាតិ និងអន្តរជាតិនៅពេលខាងមុខពិសេសការប្រកួតបុណ្យសមុទ្រនៅខេត្តកែប និងការប្រកួតជើងឯកថ្នាក់ជាតិផងដែរ។
បញ្ជាក់ដែរថា ការប្រកាសតួនាទីជាអគ្គលេខាធិការ និងអនុប្រធានសហព័ន្ធម៉ូតូទឹកនេះធ្វើឡើងកាលពីព្រឹកមិញនៅក្នុងពហុកីឡដ្ឋានជាតិ។ និយាយពីផែនការប្រកួតវិញសហព័ន្ធនឹងធ្វើការប្រកួតធំមួយនៅថ្ងៃបុណ្យសមុទ្រដើមខែធ្នូ ឆ្នាំ២០២៣ នេះដើម្បីជាការអបអរជូនដល់អ្នកខេត្តកែប៕
SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB