• 2023-09-28 08:21:28
  • កីឡា​ផ្សេង​ៗ

ប្រតិភូ​សហព័ន្ធ​កីឡា​ទូក​រ៉ូអ៊ីង​អាស៊ី៖​ សរសើរ​ពី​សមត្ថភាព​ និង​ហេដ្ឋារចនាសម្ព័ន្ធ​កីឡា​ទូក​របស់​កម្ពុជា​

  • 2023-09-28 08:21:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រតិភូ​សហព័ន្ធ​កីឡា​ទូក​រ៉ូអ៊ីង​អាស៊ី ​មក​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​ ២ថ្ងៃ​ និង​បាន​ចុះ​មក​ដល់​ទីលាន​ហ្វឹកហាត់​ផ្ទាល់​នៅ​បញ្ជា​​ការដ្ឋាន​កងទ័ព​ជើង​ទឹក​មើល​ពី​ការ​ហ្វឹកហាត់​ក៏​ដូច​ជា​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​សង្កាត់​ជ្រោយចង្វា។​

លោក​ Ken Lee​ ជួបកីឡាករ
ឧត្ដមនាវីទោ​ ចាយ​ ស៊ីជឿន​

ឧត្ដមនាវីទោ​ ចាយ​ ស៊ីជឿន​ អគ្គលេខាធិការ​រង​សហព័ន្ធ​កីឡា​ទូក​កានូ​ និង​រ៉ូអ៊ីង​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ លោក​ Ken Lee​ ទីប្រឹក្សា​ផ្ទាល់​ប្រធាន​សហព័ន្ធ​កីឡា​ទូក​រ៉ូអ៊ីង​អាស៊ី​ គឺ​មក​ទស្សនកិច្ច​នៅ​កម្ពុជា​នេះ​មាន​រយៈពេល​ ២ថ្ងៃ។​ នៅ​ព្រឹកមិញ​នេះ​គឺ​លោក​ រួម​និង​ប្រតិភូ​ទាំង​អស់​បាន​ចុះ​មក​មើល​ការ​ហ្វឹកហាត់​ផ្ទាល់​របស់​កីឡាករ​ កីឡា​ការិនី​កម្ពុជា​នៅ​ទីលាន​បញ្ជា​ការដ្ឋាន​កងទ័ព​ជើងទឹក​ក្នុង​សង្កាត់​ជ្រោយចង្វា។​

ការ​ហ្វឹកហាត់ព្រឹកមិញ

អគ្គលេខាធិការ​រង​សហព័ន្ធ​ខាង​លើ​បន្ថែម​ទៀត​ថា​ បន្ទាប់​ពី​លោក​ Ken Lee ​បាន​ទស្សនា​ហើយ​គឺ​មាន​ការ​កោត​សរសើរ​ពី​សមត្ថភាព​កីឡាករ​ កីឡា​ការិនី​កម្ពុជា។ ​ឥឡូវ​នេះ​លោក​បាន​ឃើញ​ផ្ទាល់​ភ្នែក​ហើយ​ ព្រោះ​កន្លង​ទៅ​ធ្លាប់​តែ​បាន​ឮ​ពី​ភាព​ខ្លាំង​ដែល​គេ​បាន​និយាយ​ពី​កម្ពុជា។​ ជា​មួយ​គ្នា​នេះ​ដែរ​ភាគី​ខាង​សហព័ន្ធ​កីឡា​រ៉ូអ៊ីង​អាស៊ី​សន្យា​នឹង​ជួយ​ពង្រឹង​សមត្ថភាព​ផ្នែក​រ៉ូអ៊ីង​កម្ពុជា​ឲ្យ​តែ​ខ្លាំង​បន្ថែម​ទៀត។​

នាយ​ឧត្ដមនាវី​ ទៀ វិញ​

បញ្ជាក់​ដែរ​ថា​ ព្រឹក​ថ្ងៃ​ទី២៨​ ខែ​កញ្ញា​ ឆ្នាំ​២០២៣​ នេះ​លោក​ Ken Lee​ ទីប្រឹក្សា​ផ្ទាល់​ប្រធាន​សហព័ន្ធ​កីឡា​ទូក​រ៉ូអ៊ីង​អាស៊ី​ បាន​ចុះ​ទៅ​ទស្សនកិច្ច​ផ្ទាល់​នៅ​ទីលាន​ហ្វឹកហាត់​កីឡា​ទូក​កានូ​ និង​រ៉ូអ៊ីង​កម្ពុជា​ក្នុង​បញ្ជា​ការដ្ឋាន​កងទ័ព​ជើង​ទឹក​ក្នុង​សង្កាត់​ជ្រោយចង្វា។​ លោក​ Ken Lee​ ក៏​បាន​ចូល​ជួប​សំដែង​ការ​គួរសមជា​មួយ​ នាយ​ឧត្ដមនាវី​ ទៀ វិញ​ អគ្គ​មេបញ្ជាការ​រង​ នៃ​កងយោធពលខេមរភូមិន្ទ មេ​បញ្ជាការ​កងទ័ពជើង​ទឹក​ និង​ជា​អនុប្រធាន​សហព័ន្ធ​កីឡា​ទូក​កានូ​ និង​អ៊ីង​កម្ពុជា​ ផង​ដែរ៕​

ទិដ្ឋភាពព្រឹកមិញ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម