• 2023-09-21 07:45:09
  • កីឡា​ផ្សេង​ៗ

ថ្នាក់ដឹកនាំ​ និង​គ្រូ​ចំបាប់ ជឿជាក់​លើ​កីឡាករ​រូប​នេះអាច​នឹង​ឈ្នះ​មេដាយ​កីឡា​អាស៊ី​នៅ​ចិន​

  • 2023-09-21 07:45:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្នាក់ដឹកនាំ​ និង​គ្រូ​បង្វឹក​របស់​កីឡា​ចំបាប់​ គឺ​មាន​ទំនុក​ចិត្ត​ខ្ពស់​លើ​កីឡាករ​ ស៊ូ​ បាលី​ ថា​អាច​នឹង​ឈ្នះ​មេដាយ​កីឡា​អាស៊ី​ (Asian Games)​ លើក​ទី១៩​ ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​ចិន។​

លោក​ស្រី​ ចូវ​ សុធារ៉ា និង ស៊ូ បាលី

លោក​ស្រី​ ចូវ​ សុធារ៉ា​ គ្រូ​បង្វឹក​កីឡា​ចំបាប់​បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​កីឡា​អាស៊ី​នេះ​គឺ​ជា​ការ​ប្រកួត​កម្រិត​ខ្ពស់​ហើយ​ពិបាក​ក្នុង​ការ​ប្រជែង​មេដាយ។​ កីឡាករ​ កីឡា​ការិនី​ដែល​យក​ប្រកួត​នេះ​គឺ​ភាគច្រើន​ជា​ក្រុម​ដែល​ជ្រើសរើស​សម្រាប់​ទៅ​ប្រកួត​អូឡាំពិក​ទៀត​ផង។​

ងាក​មក​ក្រុម​កម្ពុជា​វិញ​គ្រូ​ជម្រើស​ជាតិ​ខាង​លើ​គឺ​មាន​ក្ដីរំពឹង​ខ្ពស់​ចំពោះ​ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម​ ២ជំនាន់​ ស៊ូ​ បាលី​ មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ប្រជែង​មេដាយ​ក្នុង​ព្រឹត្តិការណ៍​មួយ​នេះ។​ កីឡាករ​រូប​នេះ​មាន​បទ​ពិសោធ​ច្រើន​ ហ្វឹកហាត់​កម្រិត​ខ្ពស់ និង​ប្រកួត​បាន​ល្អ។

ស៊ូ បាលី ពេលចូលរួមជើងឯកពិភពលោក

ចំណែក​លោក​ ខេស៊ី​ បាណេត​ អនុប្រធានសហព័ន្ធចំបាប់​បាន​លើក​ឡើង​ថ្មីៗ​នេះ​ដែរ​ថា​ កីឡាករ​ ស៊ូ​ បាលី​ គឺ​ទទួល​បាន​បទ​ពិសោធ​ល្អ​បន្ថែម​នៅ​ក្នុង​ព្រឹត្តិការណ៍​ចំបាប់​​ជើងឯក​ពិភព​លោក ឆ្នាំ​២០២៣ (World Wrestling Championship 2023) ប្រទេស​ស៊ែប៊ី។​ បទ​ពិសោធ​នេះ​គឺ​មាន​សារសំខាន់​សម្រាប់​រូប​គេ​ពង្រឹង​ចំណុច​ខ្វះខាត​ដែល​ជា​ការ​ត្រៀម​ខ្លួន​មួយ​ល្អ​ក្នុង​ការ​ប្រជែង​មេដាយ​ជូន​កម្ពុជា​នៅ​ព្រឹត្តិការណ៍​កីឡា​អាស៊ី​ លើក​ទី១៩​ នៅ​ប្រទេសចិន។​

ស៊ូ បាលី ពេលចូលរួមជើងឯកពិភពលោក

បញ្ជាក់​ដែរ​ថា​ កីឡាករ​ ស៊ូ​ បាលី​ នឹង​ប្រកួត​លើ​វិញ្ញាសា​ចំបាប់​សេរី​ ក្នុង​ប្រភេទ​ទម្ងន់​ ១២៥​គីឡូក្រាម​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ លើក​ទី៩​ ឯ​ប្រទេស​ចិន។​ កម្ពុជា​បាន​បញ្ជូន​អត្តពលិក​លើ​ ១៧​ប្រភេទ​កីឡា​ សរុប​ប្រតិភូ​ គ្រូ​បង្វឹក​ កីឡាករ​ កីឡា​ការិនី​មាន​ចំនួន​ ១៨៩​នាក់។​ ព្រឹត្តិការណ៍​នេះ​នឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី២៣​ ខែ​កញ្ញា​ ដល់​ ៨​ ខែ​តុលា​ ឆ្នាំ​២០២៣៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់