• 2023-06-19 06:49:05
  • កីឡា​ផ្សេង​ៗ

អ្នក​គ្រូ​ ចូវ​ សុធារ៉ា៖​ ការ​ប្រកួត​​ជើងឯក​អាស៊ី​នៅ​ប្រទេស​កៀហ្ស៊ីស៊ីស្ថាន​ មានកម្រិត​ខ្ពស់​ និង​ខុស​ពី​ស៊ីហ្គេម​ឆ្ងាយ​

  • 2023-06-19 06:49:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រតិភូ​ និង​ជា​គ្រូ​បង្វឹក​កីឡា​ចាប់​ លោក​ស្រី​ ចូវ​ សុធារ៉ា​ ថា​ការ​ប្រកួត​​ជើងឯក​អាស៊ី​ U23​ នៅ​ប្រទេស​កៀហ្ស៊ីស៊ីស្ថាន​នេះ​មាន​កម្រិត​ខ្ពស់​ និង​ពិបាក​យក​មេដាយ​ ហើយ​បើ​ប្រៀបធៀប​ជា​មួយ​ស៊ីហ្គេម​គឺ​ខុស​គ្នា​ឆ្ងាយ។​

អ្នកគ្រូ សុធារ៉ា និង​ ស៊ូ បាលី

លោក​ស្រី​ ចូវ​ សុធារ៉ា​ បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ការ​ប្រកួត​ជើងឯក​អាស៊ី​ U23​ នៅ​ប្រទេស​កៀហ្ស៊ីស៊ីស្ថាន​គឺ​ក្រុម​កម្ពុជា​ទទួល​បាន​តែ​មេដាយ​សំរឹទ្ធ ១​គ្រឿង​ប៉ុណ្ណោះ។​ ការ​ប្រកួត​នេះ​គឺ​មាន​កម្រិត​ខ្ពស់​ជាង​ស៊ីហ្គេម​ ខណៈ​ប្រទេស​ចូលរួម​ជាង​ ៤០​សុទ្ធតែ​ប្រទេស​ខ្លាំងៗ​ផ្នែក​ចំបាប់​តែ​ម្ដង។​

ទិដ្ឋភាពការប្រកួត

អ្នក​គ្រូ​ជម្រើស​ជាតិ​ខាង​លើ​បន្ថែម​ទៀត​ថា​ ការ​ប្រកួត​លំបាក​មែន​ ប៉ុន្តែ​វា​មាន​ប្រយោជន៍​ច្រើន​ចំពោះ​កីឡាករ​ កីឡា​ការិនី​កម្ពុជា​ដែល​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​មួយ​នេះ។​ ពួកគេ​ដែល​ចូលរួម​គឺ​ទទួល​បាន​បច្ចេកទេស​ថ្មីៗ​ថ្នឹក​ជា​មួយ​ការ​ប្រកួត​ បាត់​អារម្មណ៍​ភ័យ​ខ្លាច​នៅ​ក្នុង​កម្មវិធី​ធំ​តូច។​ មួយ​វិញ​ទៀត​ដឹង​ថា​ខ្លួន​នៅ​ខ្វះ​ចន្លោះ​អ្វី​ ត្រូវ​បន្ថែម​ចំណុច​ណា​ខ្លះ។​

រូបភាពថតជុំគ្នា

លោក​ស្រី​បន្ត​ទៀត​ថា​ ធម្មតា​នៅ​ពេល​ដែល​ចូលរួម​ការ​ប្រកួត​កម្រិត​ខ្ពស់​បាន​ច្រើន​ធ្វើ​ឲ្យ​ពួកគេ​មាន​ការ​កើន​ឡើង​សមត្ថភាព​ជា​បន្តបន្ទាប់​ជាក់​សម្ដែង​ដូច​ជា​ព្រឹត្តិការណ៍​​​ជើងឯក​អាស៊ី​ U23​នេះ​តែ​ម្ដង។​ ដូច្នេះ​នៅ​ពេល​ពួកគេ​មក​ប្រកួត​កម្រិត​ធម្មតា​ ឬ​ត្រឹម​អាស៊ាន​វិញ​ខុស​ប្លែក​ពី​មុន​ក៏​ដូច​ជា​ងាយ​ស្រួល​ជាង​មុខ​ផង​ដែរ។​ លោក​ស្រី​ក៏​បាន​ថ្លែង​អំណរគុណ​ជា​ខ្លាំង​ចំពោះ​លោក​ ខេស៊ី​ បាណេត​ អនុប្រធាន​សហព័ន្ធ​ដែល​តែងតែ​យក​ចិត្ត​ទុក​ដាក់​ និង​ឧបត្ថម្ភ​គាំទ្រ​ឲ្យ​បាន​ចេញ​ទៅ​ប្រកួត​កម្មវិធី​ផ្សេងៗនៅក្រៅប្រទេស។​

រំលឹក​ដែរ​ថា​ សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​បាន​បញ្ជូន​កីឡាករ​ កីឡា​ការិនី​ ៤រូប​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ជើងឯក​អាស៊ី​ U23​ នៅ​ប្រទេស​កៀហ្ស៊ីស៊ីស្ថានុ។​ ក្នុង​នោះ​កីឡាករ​ ស៊ូ​ បាលី​ បាន​ឈ្នះ​មេដាយ​សំរឹទ្ធ​ ១គ្រឿង​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់