• 2023-05-07 05:47:15
  • កីឡា​ផ្សេង​ៗ

ដឹង​មូលហេតុ​ចម្បង​ៗ​ អេ ​អាំងម៉ារីនភូថង​ សន្លប់​ព្រឹកមិញ​ និង​រឹតតែ​អាណិត​ខំ​បន្ត​វៃ​ឲ្យ​ចប់​ទឹក​

  • 2023-05-07 05:47:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មូល​ហេតុ​ចម្បង​ដែល​នាំ​ឲ្យ​កីឡាករ​ល្បី​ឈ្មោះ​ អេ​ អាំម៉ារីនភូថង​ ឈាន​ដល់​សន្លប់​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រឹកមិញ​នេះ​ទី១​ សម្រក់​ទម្ងន់​ច្រើន​ខ្លាំង​ពេក​ ទី២​ ថ្លឹង​ភ្លាម​វ៉ៃ​ភ្លាម​ ទី៣​ មិន​សូវ​មាន​កម្លាំង​ហើយ​ប្រឹង​ខ្លាំង។​

អាំងម៉ារីនភូថង ព្រឹកមិញ(រូបភាពហ្វេសបុក មេឃា)

នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ ម៉ឺន​ មេឃា​ ដែល​ជា​បង​ប្រុស​របស់​ អាម៉ារីនភូថង​ មុន​នេះ​បាន​បញ្ជាក់​ថា​ នៅ​ពេល​នេះ​ប្អូន​របស់​ខ្លួន​ធូរស្រាល​ឡើង​វិញ​ហើយ​ ប៉ុន្តែ​នៅ​មន្ទីរពេទ្យ​នៅ​ឡើយ​ទេ។​ ចំពោះ​ការ​សន្លប់​នេះ​គឺ​ដោយ​សារ​តែ​ការ​សម្រក់​ទម្ងន់​ច្រើន​ពេក។​

មេឃា​ លើក​ឡើង​ទៀត​ថា​ គីឡូ​ពេញ​របស់​ អេ អាំងម៉ារីនភូថង​ គឺ​រហូត​ដល់​ ៦៨​គីឡូ​ឯណោះ​ ប៉ុន្តែ​កាល​ពី​ហាត់​នៅ​វៀតណាម​ចាប់​ផ្ដើម​សម្រក់​ជា​បណ្ដើរៗ​ដូច​គ្នា។​ យ៉ាងណា​បន្ទាប់​ពី​មក​ពី​វៀតណាម​វិញ​ប្អូន​របស់​ខ្លួន​ក៏​ឡើង​ទម្ងន់​រហូត​ដល់​​ ៦៥​គីឡូ​វិញ​ ដូច្នេះ​ក៏​នាំ​ឲ្យ​ពិបាក​ និង​ត្រូវ​ធ្វើ​ការ​សម្រក់​ម្ដង​ទៀត។​

កីឡាករ មេឃា

មួយ​វិញ​ទៀត​ដោយ​សារ​តែ​ត្រូវ​សម្រក់​ទម្ងន់​ដើម្បី​ទម្លាក់​ចុះ​មក​ត្រឹម​ ៥៩-៦០​ គីឡូ​ក្រាម​នៅ​ព្រឹក​នេះ ហើយ​ត្រូវ​ប្រកួត​ភ្លាម​ៗ​ (ខ្ទង់​ម៉ោង​ ៨​ព្រឹក)​ ធ្វើ​ឲ្យ​អស់​កម្លាំង​ខ្លាំង​ហេតុ​នេះ​ហើយ​កម្លាំង​មិន​អាច​ឡើង​វិញ​បាន​ភ្លាម​ៗ​ដូច​គ្នា។​ ដូច្នេះ​ការ​អស់​កម្លាំង​ខ្លាំង​ និង​ការ​ខំប្រឹង​ប្រកួត​ទៀត​នោះ​នាំ​ឲ្យ​រូប​គេ​ឈាន​ដល់​សន្លប់​ ចង់​គាំង​នៅ​ពេល​ក្រោយ​ប្រកួត​ព្រឹកមិញ​នេះ។​

អេ អាំងម៉ារីនភូថង​ និង​បងៗ

កូន​ប្រុស​លោក​ អេ ភូថង​ រូប​នេះ​បន្ថែម​ទៀត​ថា​ ខ្លួន​ផ្ទាល់​ គ្រូ​ និង​មិត្ត​ជម្រើស​ជាតិ​ឲ្យ​ អេ​ អាំងម៉ារីភូថង​ បញ្ឈប់​ការ​ប្រកួត​តាំង​ពី​ទឹកទី២​ មក​ម្ល៉េះ។​ ប៉ុន្តែ​ប្អូន​ប្រុស​មិន​ចង់​ឈប់​ និង​ធ្វើ​ម៉េច​ខំ​ប្រឹង​បន្ត​ប្រកួត​ទាល់តែ​ចប់​ទឹក​ ចប់​ចុង​ចប់​ដើម។​ បញ្ជាក់​ដែរ​ថា​ ព្រឹកមិញ​នេះ​កីឡាករ​ អេ​ អាំងម៉ារីនភូថង​ បាន​ចាញ់​កីឡាករ​វៀតណាម​ដោយ​ពិន្ទុ​លើ​វិញ្ញាសាប្រយុទ្ធ​ទម្ងន់​ ៦០​គីឡូក្រាម​ ប្រភេទ​កីឡា​វ៉ូវីណាម។​ ដោយ​ឡែក​ក្រោយ​ប្រកួត​កីឡាករ​រូប​នេះ​ត្រូវ​ពេទ្យ​សង្គ្រោះ​បន្ទាប់​ភ្លាមៗ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី