• 2023-04-17 08:20:51
  • កីឡា​ផ្សេង​ៗ

កីឡា​ការិនី​ឆ្នើម​លំដាប់​ពិភពលោក​ ស្រួង​ ភាវី៖​ ក្ដី​សុបិន​រយៈពេល​ ១០​ឆ្នាំ​ក្លាយ​ជា​ការ​ពិត​

  • 2023-04-17 08:20:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​ឆ្នើម​លំដាប់​ពិភពលោក​ ស្រួង​ ភាវី​ ថា​ក្ដី​សុបិន​របស់​ខ្លួន​រយៈពេល​ ១០​ឆ្នាំ​ដែល​ចង់​ប្រកួត​លើ​ទឹកដី​កម្ពុជា​ និង​តំណាង​ឲ្យ​កម្ពុជា​ក្លាយ​ជា​ការ​ពិត​ហើយ​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ លើក​ទី៣២​ ដែល​ជា​ប្រវត្តិ​សាស្ត្រ​នា​ពេល​ដ៏​ខ្លី​ខាង​មុខ។​

ទិដ្ឋភាពមកដល់របស់ ភាវី

កីឡា​ការិនី​ ស្រួង​ ភាវី​ បាន​ឲ្យ​ដឹង​នៅ​ពេល​មក​ដល់​កម្ពុជា​កាល​ពី​ម្សិលមិញ​នេះ​ថា​ វា​ពិត​ជា​រឿង​រំភើប​ណាស់​សម្រាប់​ខ្លួន​ដែល​បាន​មក​ពេល​នេះ​ក្នុង​ការ​ត្រៀម​ការ​ប្រកួត​ស៊ីហ្គេម​ លើក​ទី៣២​ ដែល​កម្ពុជា​ជា​ម្ចាស់​ផ្ទះ​អំឡុង​ខែ​ឧសភា​ ២០២៣​ ខាង​មុខ​នេះ។​

ជើង​ខ្លាំង​លំដាប់​ពិភពលោក​ផ្នែក​វិញ្ញាសា​ការ៉ុម​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ ការ​ប្រកួត​នៅ​ស៊ីហ្គេម​ នេះ​គឺ​ជា​ការ​បំពេញ​ក្ដី​ស្រមៃ​របស់​ខ្លួន​ផង​ដែរ​ ដែល​រយៈពេល​ ១០​ឆ្នាំ​មក​នេះ​ចង់​ប្រកួត​លើក​ទឹកដី​កម្ពុជា​ ចង់​ប្រកួត​តំណាង​កម្ពុជា​ ចង់​ចូលរួម​លើក​មុខមាត់​កម្ពុជា​លើ​ទឹកដី​កំណើត​របស់​ខ្លួន​ក្នុង​ឱកាស​ណា​មួយ។​ ឥលូវ​នេះ​គឺ​នឹង​បាន​សម្រេច​ហើយ​ដោយ​រូប​គេ​នឹង​ត្រូវ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ អំឡុង​ខែ​ឧសភា​ឆាប់ៗ​នេះ។​

រូបភាពហ្វេសបុក ស្រួង ភាវី

មួយ​វិញ​ទៀត​កីឡា​ការិនី​រូប​នេះ​នឹង​ចូលរួម​ផ្សព្វផ្សាយ​ក៏​ដូច​ជា​បណ្ដុះ​ធនធាន​កីឡាករ​ កីឡា​ការិនី​ប្រភេទ​កីឡា​ស្នូកឃ័រ​​ឲ្យ​កាន់​តែ​ទូលំទូលាយ​មាន​គេ​ស្គាល់​ និង​មាន​ប្រជាប្រិយ​នៅ​កម្ពុជា​ឲ្យ​ដូច​នៅ​តាម​បណ្ដា​ប្រទេស​ផ្សេងៗ​ដែល​គេ​កំពុង​លេង។​

រំលឹក​ដែរ​ថា​ កីឡា​ការិនី​ ស្រួង​ ភាវី​ បាន​មក​ដល់​ប្រទេស​កម្ពុជា​ហើយ​កាល​ពី​រសៀល​ថ្ងៃ​ទី១៦​ ខែ​មេសា​ ឆ្នាំ​២០២៣។​ កីឡា​ការិនី​របស់​កម្ពុជា​រូប​នេះ​នឹង​មាន​ការ​ប្រកួត​ចែក​រំលែក​បទ​ពិសោធ​មួយ​នៅ​ថ្ងៃ​ទី២០​ ខែ​មេសា​ ឆ្នាំ​២០២៣ ​ក្នុង​ក្លឹប​ប៊ីយ៉ា​​ Lux 98​ មុន​ឈាន​ដល់​ការ​ប្រកួត​ស៊ីហ្គេម​ លើក​ទី៣២​ ខែ​ឧសភា​ ខាង​មុខ​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី