• 2023-02-04 09:26:05
  • កីឡា​ផ្សេង​ៗ

Ultra Trail Angkor​ លើក​ទី៦​ ចាប់ផ្ដើម​ជា​ថ្មី​ខណៈ​អ្នក​រត់​ខ្មែរ​ក៏​កើន​ឡើង​ដូច​គ្នា​

  • 2023-02-04 09:26:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​រត់​ប្រណាំង​ចម្ងាយឆ្ងាយ​ ឬ​ Ultra Trail Angkor​ លើក​ទី៦​ បាន​ចាប់​ផ្ដើម​ប្រកួត​ជា​ថ្មី​វិញ​បន្ទាប់​ធូរស្រាល​ជំងឺ​កូវីដ​ ស្រប​ពេល​កីឡាករ​ កីឡា​ការិនី​កម្ពុជា​ចាប់​អារម្មណ៍​ និង​ចូល​លេង​ច្រើន​ព្រឹកមិញ​នេះ។​

ទិដ្ឋភាពព្រឹកមិញ

ដោយ​សារ​តែ​ផ្ទុះ​ជំងឺ​ជា​សកល​គឺ​កូវីដ​ ១៩​ ធ្វើ​ឲ្យ​ពិភពលោក​ផ្អាក​សកម្មភាព​ផ្សេង​ក្នុង​នោះ​ចលនា​កីឡា​ដែល​ផ្សារភ្ជាប់​ជា​មួយ​ទេសចរណ៍​ក៏​ដូច​គ្នា។​ ចំពោះ​កម្ពុជា​ក៏​ដូច​ទៅ​បណ្ដា​ប្រទេស​ផ្សេងៗ​ដែរ​ ប៉ុន្តែ​វិធានការ​ដ៏​ល្អ​របស់​រដ្ឋាភិបាល​ឥលូវ​នេះ​ចលនា​កីឡា​ផ្សេងៗ​គឺ​បាន​វិល​មក​រក​ភាព​ដើម​វិញ​ហើយ។​

ព្រឹក​មិញ​នេះ​ផង​ដែរ​ព្រឹត្តការណ៍​ Ultra Trail Angkor​ លើក​ទី៦​ គឺ​បាន​ចាប់ផ្ដើម​ឡើង​វិញ​ហើយ​ដែល​មាន​កីឡាករ​ កីឡា​ការិនី​ចម្រុះ​ជាតិ​សាសន៍​ខ្ទង់​ ១០០០នាក់​ចូលរួម។​ លោក​ Jean Claude Le Cornec​ ដែល​ជា​អ្នក​រៀបចំ​ការ​ប្រកួត​នេះ​បាន​ឲ្យ​ដឹង​ថា​ មាន​ចិត្ត​សប្បាយ​រីករាយ​ជា​ខ្លាំង​ដែល​បាន​រៀបចំ​ព្រឹត្តិការណ៍​នេះ​ឡើយ​វិញ​ ព្រោះ​ម្នាក់ៗ​សុទ្ធតែ​មាន​ការ​លំបាក​អំឡុង​ផ្ទុះ​ជំងឺ​កូវីដ។​ មួយ​វិញ​ទៀត​រីករាយ​ដែល​បាន​មក​កាន់​ប្រទេស​ដែល​ពោរពេញ​ដោយ​ស្នាម​ញញឹម​មួយ​នេះ។​

ទិដ្ឋភាពព្រឹកមិញ

ជា​មួយ​គ្នា​នេះ​ដែរ​កិច្ចសហការ​ក្នុង​ការ​បង្កើត​កម្មវិធី​នេះ​ឡើង​គឺ​មាន​ភាព​ល្អ​ប្រសើរ​ និង​ជិតស្និទ្ធ​ជា​ពិសេស​ជនជាតិ​បារាំង​ជា​មួយ​កម្ពុជា​តែ​ម្ដង​ដែល​ធ្វើ​ឲ្យ​រូប​លោក​សប្បាយ​ចិត្ត​ជា​ខ្លាំង​ ស្រប​ពេល​ដែល​កីឡាករ​មក​ពី​ក្រៅ​ប្រទេស​បង្ហាញ​ការ​ចង់​ចូលរួម​នៅ​កម្ពុជា​ណាស់។​ អ្វី​ដែល​កត់សម្គាល់​មួយ​ទៀត​នោះ​គឺ​ការ​កើន​ឡើង​នៃ​កីឡាករ​ កីឡា​ការិនី​របស់​កម្ពុជា​ឥលូវ​មាន​ចំនួន​ចូលរួម​ច្រើន​ខុស​ពី​មុន​ដំបូងៗ​ដែល​ពេល​ខ្លះ​មាន​ត្រឹម​តែ​ ២០-៣០​នាក់​ប៉ុណ្ណោះ​លើ​ព្រឹត្តិការណ៍​រត់​ចម្ងាយ​នេះ។​

ទិដ្ឋភាពព្រឹកមិញ

រំលឹក​ដែរ​ថា​ ព្រឹត្តិការណ៍​រត់​ប្រណាំង​ផ្លូវ​ឆ្ងាយ​ ឬ​ Ultra Trail Angkor​ លើក​ទី៦​ នេះ​គឺ​ប្រកួត​នៅ​ក្នុង​ខេត្ត​សៀមរាប​ ដែល​លេង​លើ​ ៦​ វិញ្ញាសា​ដូច​ជា​ ទី១​ រត់​ចម្ងាយ​ ១០០​គីឡូម៉ែត្រ ​ទី២​ រត់​ចម្ងាយ​ ៦៤​គីឡូម៉ែត្រ ទី៣​ រត់​ចម្ងាយ​ ៤២​គីឡូម៉ែត្រ ទី៤​ រត់​ចម្ងាយ​ ៣២​គីឡូម៉ែត្រ​ ទី៥​ រត់​ចម្ងាយ​ ១៦​គីឡូម៉ែត្រ និង​ទី៦​ រត់​ចម្ងាយ​ ៨​គីឡូម៉ែត្រ។​ ចំពោះ​ពិធី​បិទ​ការ​ប្រកួត​ ឬ​ប្រគល់​មេដាយ​ធ្វើ​ឡើង​នៅ​យប់​ថ្ងៃ​ទី៤​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៣​ នេះ​បន្ទាប់​ពី​រត់​ចប់​គ្រប់​វិញ្ញាសា​រួច​ហើយ៕​​

ទិដ្ឋភាពព្រឹកមិញ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់