- 2023-01-03 07:38:21
- កីឡាផ្សេងៗ
បើមិនមានអ្វីប្រែប្រួលព្រះបរមនាថ នរោត្តម សីហមុនី នឹងប្រទានភ្លើងស៊ីហ្គេម ថ្ងៃទី២១ ខែមីនា ២០២៣
- 2023-01-03 07:38:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើមិនមានអ្វីប្រែប្រួលព្រះបរមនាថ នរោត្តម សីហមុនី នឹងប្រទានភ្លើងស៊ីហ្គេម ថ្ងៃទី២១ ខែមីនា ២០២៣
ចន្លោះមិនឃើញ
នេះបើតាមការបញ្ជាក់របស់ឯកឧត្ដម វ៉ាត់ ចំរើន ថាបើមិនមានអ្វីប្រែប្រួលនោះទេនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នេះព្រះបរមនាថ នរោត្ដម សីហមុនី នឹងប្រទានភ្លើងព្រះអគ្គីកីឡា (ភ្លើងស៊ីហ្គេម) ដើម្បីរត់ជុំវិញតំបន់អាស៊ានឆ្ពោះទៅកាន់ការរៀបចំស៊ីហ្គេម លើកទី៣២ នៅកម្ពុជា។
ថ្លែងក្រោយបញ្ចប់កិច្ចប្រជុំគណៈអចិន្ត្រៃយ៍ CAMSOC ព្រឹកមិញនេះឯកឧត្ដម វ៉ាត់ ចំរើន បានឲ្យដឹងថា កិច្ចប្រជុំនេះគឺពិភាក្សាលើ២ ចំណុចធំៗ ទី១ ការរៀបចំនៃពិធីទទួលភ្លើងព្រះអគ្គីកីឡាពីព្រះមហាក្សត្រ និងទី២ ការតុបតែងបំផុសអំពីព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅខែឧសភាខាងមុខ។
អគ្គលេខាធិការ CAMSOC ខាងលើបញ្ជាក់ថា នៅថ្ងៃទី២១ ខែមីនា ខាងមុខនេះគឺព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នឹងប្រទានព្រះអគ្គីកីឡាចេញពីតំបន់អង្គររួចរត់ជុំវិញប្រាសាទអង្គរតូច បន្ទាប់មកហោះនាំភ្លើងអាទិទេពនេះទៅប្រទេសតំបន់អាស៊ានគឺហ្វីលីពីនមុនគេ។ ភ្លើងអាទិទេពកីឡានេះនឹងធ្វើដំណើររត់បន្តបន្ទាប់រហូតដល់ប្រទេសឡាវ និងវិលចូលមកកម្ពុជាវិញរួចត្រូវរត់ជុំវិញបឹងទន្លេសាបបន្តទៀតទើបឈានដល់ថ្ងៃបើកសម្ពោធស៊ីហ្គេម លើកទី៣២ ផ្លូវការតែម្ដង។
រលឹកដែរថា កិច្ចប្រជុំគណៈអចិន្ត្រៃយ៍ជាប្រចាំរបស់ CAMSOC នេះធ្វើឡើងកាលពីព្រឹកមិញនៅទីស្នាក់ការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា(NOCC)។ នៅខែឧសភា ឆ្នាំ២០២៣ នេះកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ដែលមានបណ្ដាប្រទេសក្នុងតំបន់អាស៊ានចូលរួមប្រកួតប្រជែងមេដាយ៕