• 2022-09-20 11:12:22
  • កីឡា​ផ្សេង​ៗ

ចៅអធិការ​វត្ត​កោះកែវ៖​ ​លំបាក​បន្តិចតែបំពេញ​បំណង​ពុទ្ធបរិស័ទ​ និង​បង្ក​បរិយាកាស​សប្បាយ​

  • 2022-09-20 11:12:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធី​ប្រណាំង​ទូក​ ង​ ផ្កាចារ​ នៅ​ឃុំ​ព្រែក​ដំបូក​កាល​ពី​ថ្ងៃ​សៅរ៍-អាទិត្យ​កន្លង​ទៅ​នេះ​បើ​ទោះ​ជា​មាន​ផល​លំបាក​មួយ​ចំនួន​ក្ដី​ព្រះតេជព្រះគុណ​ រស់​ លឹមខូយ​ មិន​រុញរា​ក្នុង​ការ​បង្កើត​ឡើង​ឡើយ​ព្រោះ​ដើម្បី​បំពេញ​បំណង​ពុទ្ធបរិស័ទ​ផង​ និង​បង្ក​ភាព​សប្បាយ​រីករាយ​ផង។​

ព្រះតេជព្រះគុណ​ រស់​ លឹមខូយ​

ចៅអធិការ​វត្ត​កោះកែវ​ក្នុង​ស្រុក​ស្រីសន្ធរ​ រស់ លឹមខូយ មាន​សង្ឃដីកា​ថា មុន​ឈាន​ដល់​ការ​រៀបចំ​ពិធី​ប្រណាំង​ទូក​ ង​ ផ្កាចារ​នេះ​ឡើង​គឺ​មាន​ផល​លំបាក​ច្រើន​ដែរ​ ទី​មួយ​រឿង​ថវិកា​ ត្រូវ​កៀរគរ​ពី​ពុទ្ធបរិស័ទ​ដើម្បី​ផ្គត់ផ្គង​លើ​ការ​ចំណាយ​ផ្សេងៗ​សរុបប្រហែល៣០លានរៀល ទីពីរ​ ត្រូវ​កាយ​កំប្លោក​ សំអាត​ ទាញ​ចេញ​ឲ្យ​មាន​ជា​ទីតាំង​ប្រកួត​ចំណាយ​ពេល​ប្រហែល​ជាង​កន្លះ​ខែ​ទើប​រួច។​ ចំណែក​ទីបី​ បារម្ភ​ខ្លាច​គ្មាន​អ្នក​គាំទ្រ​ គ្មាន​ទូក​ចូលរួមជា​ដើម។​

ប៉ុន្តែ​ដោយ​សារ​មាន​ការ​សំណូមពរ​ពី​ពុទ្ធបរិស័ទ​ និង​យុវជន​ក្នុង​ឃុំ​ព្រែកដំបូក​ដែល​ចង់​ឲ្យ​មាន​ពិធី​ប្រណាំង​ និង​រំលឹក​អនុស្សាវរីយ៍​ទីតាំង​ទន្លេខ្ពប​ដែល​ធ្លាប់​ប្រកួត​កាល​ពី​ ៣០​ឆ្នាំ​ផងនោះទើប​សម្រេច​បង្កើត​ឲ្យ​មាន​កម្មវិធី​នេះ​ឡើងតែម្ដង។​ មួយ​វិញ​ទៀត​ក៏​ជា​ការ​បង្កើត​កម្មវិធី​កម្សាន្តសប្បាយ​ដល់​ប្រជាពលរដ្ឋ​មួយផ្នែក​ដែរ​នា​ឱកាស​កាន់បិណ្ឌនេះ។​

ទិដ្ឋភាពប្រណាំង

​ព្រះតេជព្រះគុណ​មាន​ព្រះទ័យ​សប្បាយ​រីករាយ​ជា​ខ្លាំង​នៅ​ពេញ​ពុទ្ធបរិស័ទ​មក​ចូលរួម​ច្រើន​ក្នុង​ពិធី​ប្រណាំង​នេះ​ អម​ជា​មួយ​ទឹកមុខ​សប្បាយ​រីករាយ​បែប​នេះ។​ បើ​ទោះ​ជា​មាន​ផល​លំបាក​បន្តិច​ក្ដី​នៅ​តែ​សប្បាយ​ព្រះទ័យ​ក្នុង​ការ​រៀបចំ​ពិធី​ឡើង។​

ទិដ្ឋភាពប្រណាំង

រំលឹក​ដែរ​ថា​ ពិធី​ប្រណាំង​ទូក​ ង​ ផ្កាចារ​ នេះ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី១៨-១៩​ ខែ​កញ្ញា​ ឆ្នាំ​២០២២​ នៅ​ទន្លេខ្ពប​ ខាង​ក្រោយ​សាលា​ឃុំ​ព្រែកដំបូក។​ ទូក​ចូលរួម​ទាំង​អស់​មាន​២៤​ទូក​ ត្រូវ​ជា​១២​គូ។​ ក្នុង​នោះ​ដែរ​ក៏​មាន​ការ​ចូលរួម​ជា​គណៈអធិបតី​ពី​លោក​អភិបាល​ស្រុក​ស្រីសន្ធរ​ លោក​ឧកញ៉ា​រួម​ទាំង​សប្បុរសជន​មួយ​ចំនួន​ទៀត៕​

ព្រះតេជព្រះគុណ​ រស់​ លឹមខូយ​
លោក ស៊ីម គង់ អភិបាលស្រុកស្រីសន្ធរ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់