- 2022-07-20 03:43:26
- កីឡាផ្សេងៗ
បាល់ទះជនពិការកម្ពុជាបានសម្រុកហ្វឹកហាត់យ៉ាងខ្លាំង ត្រៀមការប្រកួតអាស៊ានប៉ារ៉ាហ្គេម
- 2022-07-20 03:43:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បាល់ទះជនពិការកម្ពុជាបានសម្រុកហ្វឹកហាត់យ៉ាងខ្លាំង ត្រៀមការប្រកួតអាស៊ានប៉ារ៉ាហ្គេម
ចន្លោះមិនឃើញ
កីឡាករបាល់ទះជនពិការ និងជាប្រធានក្រុម អ៊ូ ផល្លា បានបង្ហើបថាក្រុមកីឡាកររបស់ខ្លួនបានសម្រុកហ្វឹកហាត់មកជាយូរមកហើយ ក្នុងការប្រកួតព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមនៅប្រទេសឥណ្ឌូណេស៊ី ដែលនឹងធ្វើឡើងនៅថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២។
កីឡាករឆ្នើមដែលធ្លាប់ចូលរួមប្រកួតព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមបានចំនួនពីរលើករួចមកហើយរូបនេះបានឲ្យដឹងថា ក្រុមកីឡាករបាល់ទះជនពិការកម្ពុជាបានធ្វើការហ្វឹកហាត់មករហូតតាំងពី២០១៩មក ហាត់មិនសម្រាកឡើយ។ ក្រោយពីការហ្វឹកហាត់ជាប់លាប់មករហូតបែបនេះកីឡាករកម្ពស់១,៨៣ម៉ែត្ររូបនេះមើលឃើញថា សមត្ថភាពកូនក្រុមរបស់ខ្លួនមានភាពរីកចម្រើនគ្រប់ចំណុចមិនថា ការផ្ដាច់ និងការធ្វើរនាំងជាដើម ដែលធ្វើឲ្យការរំពឹងទុកក្នុងការយកបានមេដាយក្នុងព្រឹត្តិការណ៍នេះមានខ្ពស់។
កីឡាករដែលមានដើមកំណើតមកពីខេត្តកំពង់ឆ្នាំងខាងលើបានលើកឡើងយ៉ាងដូច្នេះថា «សម្រាប់ការហ្វឹកហាត់គឺយើងហាត់មករហូតតាំងពី២០១៩មកគឺយើងហាត់អត់ឈប់ទេ យើងបុកហាត់មករហូតហ្នឹង។…និយាយទៅសមត្ថភាពកូនក្រុមខ្ញុំមើលឃើញថា មានការរីកចម្រើនច្រើនទាំងការផ្ដាច់ និងការធ្វើរនាំងបើធៀបនឹងការប្រកួតនៅម៉ាឡេស៊ីកាលអាស៊ានប៉ារ៉ាហ្គេមនៅ២០១៧។ ខ្ញុំជឿថាយើងនឹងបានមេដាយឆ្នាំនេះ ព្រោះកាលពី ២០១៧ យើងបានមេដាយប្រាក់»។
កីឡាករដែលបទពិសោធក្បែរ១០ឆ្នាំក្នុងនាមកីឡាករបាល់ទះជនពិការរូបនេះបានបន្ថែមថា ប្រទេសក្នុងដំបន់អាស៊ីអាគ្នេយ៍នេះមានតែប្រទេសចំនួន២ប៉ុណ្ណោះ ដែលជាជើងខ្លាំងគឺថៃ និងមីយ៉ាន់ម៉ា។ ប៉ុន្តែក្នុងនោះថៃក៏ធ្លាប់ត្រូវបានកម្ពុជាធ្លាប់យកឈ្នះបានដែរ មិនថាការប្រកួតផ្លូវការ និងមិត្តភាពឡើយ។ អ្វីដែលជាការចាប់អារម្មណ៍នោះកម្ពុជាធ្លាប់បំបាក់ថៃដល់៣-០ ក្នុងការប្រកួតមិត្តភាពផងដែរ។
យ៉ាងណាក្រោយការខកខានជួបគ្នាច្រើនឆ្នាំ ដោយសារការផ្អាកសកម្មភាពប្រកួតព្រោះកូវីដ-១៩ ធ្វើឲ្យ ផល្លា មិនហ៊ានសន្យាថា នឹងឈ្នះដាច់ខាតទេ ព្រោះកម្ពុជាមានការហ្វឹកហាត់ខ្លាំង ខណៈប្រទេសផ្សេងៗហាត់ខ្លាំងដូចគ្នា៕