• 2022-06-27 08:10:41
  • កីឡា​ផ្សេង​ៗ

កម្ពុជា​បង្ហាញ​ក្រុម​ជម្រើស​ជាតិ​បាល់​បោះ​រទេះ​ជន​ពិការ​កម្ពុជា​សម្រាប់​ការ​ចូលរួម​ប្រកួត​អាស៊ាន​ប៉ារ៉ាហ្គេម ​២០២៣

  • 2022-06-27 08:10:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាជធានីភ្នំពេញ​ ថ្ងៃទី២៧​ ខែមិថុនា​ ឆ្នាំ២០២២​ សហព័ន្ធ​បាល់​បោះ​រទេះ​ជន​ពិការ​កម្ពុជា (Cambodia Wheelchair Basketball Federation_CWBF) បាន​បើក​កិច្ច​ប្រជុំ​ដំបូង​របស់​ខ្លួន​ ព្រមទាំង​បង្ហាញ​ក្រុម​កីឡាករ​បាល់បោះ​រទេះ​រុញ​ជម្រើសជាតិ​កម្ពុជា​ ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម​ លើក​ទី​១២​ ឆ្នាំ​២០២៣​ (ASEAN ParaGame 2023) ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​ព្រឹត្តិការណ៍​ដ៏​មាន​សារៈសំខាន់​នេះ។

កម្ម​ពិធី​នេះ​ បាន​រៀបចំ​ប្រព្រឹត្តិ​ទៅ​នៅ​ទី​ស្នាក់​ការ​ក្រុមហ៊ុន​ ព្រីនស៍ ​ហូលឌីង គ្រុប​ ដោយ​មាន​ការ​ចូលរួម​ពី​ភ្ញៀវ​កិត្តិយសជាតិ-អន្តរជាតិ​ជិត ២០០នាក់ រួម​មាន​សមាជិករាជរដ្ឋាភិបាល តំណាង​ក្រសួង/ស្ថាប័ន​ តំណាង​មក​ពី​សភាពាណិជ្ជកម្ម​ក្រៅ​ប្រទេស​ប្រចាំ​កម្ពុជា ម្ចាស់​អាជីវកម្ម​ក្នុង​ស្រុក និង​អង្គការ​សង្គម​ស៊ីវិល​ដទៃ​ទៀត។

ក្នុង​ឱកាស​នោះ ​សហព័ន្ធ​បាល់​បោះ​រទេះ​ជន​ពិការ​កម្ពុជា បាន​បង្ហាញ​ពី​ការ​ផ្លាស់​ប្តូរ​ដ៏​អស្ចារ្យ និង​ក្រុម​អត្តពលិក​បាល់​បោះ​រទេះ​ជន​ពិការ​កម្ពុជា ពោរពេញ​ដោយ​សមត្ថភាព​និង​ជំនាញ ដែល​កំពុង​ទទួល​ការ​ហ្វឹកហាត់​លំដាប់​ថ្នាក់​ពិភពលោក​ជា​ពិ​សេស និង​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​ថ្នាក់​ដឹកនាំ​សហព័ន្ធ​គ្រប់​លំដាប់​ថ្នាក់ និង​ក្រុម​គ្រូ​បង្វឹក​មក​ពី Team USA Basketball Gold សហរដ្ឋ​អាមេរិក ក្រោម​ការ​ឧបត្ថម្ភ​គាំទ្រ​ពី មូលនិធិសប្បុរសធម៌​របស់ក្រុមហ៊ុន​ ព្រីនស៍ ហូលឌីង គ្រុប។ ​ក្រុម​អត្តពលិក​បាល់​បោះរ​ទេះ​ជន​ពិការ​កម្ពុជា មាន​ឆន្ទៈ និង​ជំនឿ​យ៉ាងមុតមាំ​ក្នុង​ការ​ដណ្តើម​ជើងឯក និង​ពាន​រង្វាន់​ដទៃ​ទៀត ជូន​ជាតិ​មាតុភូមិ។

មូលនិធិ​ព្រីនស៍​ មាន​សេច​ក្តី​សោមនស្សរីករាយ​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​សហព័ន្ធ​ក្នុង​ការ​តែង​តាំង ឯក​ឧត្តមទេស​រដ្ឋមន្រ្តី លី ធុជ អនុប្រធាន​ទី១ នៃ​អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កំចាត់​មីន និង​សង្រ្គោះ​ជន​ពិការ​ដោយ​សារមីន (អាជ្ញាធរមីន) ជា​ប្រធាន​សហព័ន្ធ​បាល់បោះ​រទេះ​ជនពិការ​កម្ពុជា ស្រប​ទៅ​នឹង​ការ​ទទួល​ខុសត្រូវ​ក្នុង​ការ​គ្រប់​គ្រង​វិស័យ​សកម្មភាព​មីន និង​សង្រ្គោះ​ជន​ពិការ​ដោយ​សារ​មីន​នៅ​កម្ពុជា ដែល​ការ​តែង​តាំង​នេះ ពិត​ជា​សក្ដិសម​ និង​មាន​គុណ​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន​ ព្រោះ​តែ​អត្តពលិក​ជា​ច្រើន​ទាំង​ក្រុម​បុរស និង​ក្រុម​​នារី គឺ​ជា​អ្នក​រស់​រាន​មានជីវិត​ពីគ្រោះ​ថ្នាក់ដោយសារ​គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម។

ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ លី ធុជ បាន​មានប្រសាសន៍ថា “ខ្ញុំ​សូម​ថ្លែង​អំ​ណរ​គុណ​យ៉ាងជ្រាល​ជ្រៅ​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​ក្រុម​ប្រឹក្សា​ភិបាល​នៃ​សហព័ន្ធ​​កីឡា​បាល់បោះ​រទេះ​ជន​ពិការ​កម្ពុជា ស្នើ​សុំ​ឲ្យ​រូប​ខ្ញុំ​ដឹក​នាំ​ធ្វើ​ជា​ប្រធាន​សហព័ន្ធ​កីឡា​បាល់បោះ​រទេះជនពិការ​កម្ពុជា ក្នុង​គោលដៅ​ជួយ​អភិវឌ្ឍ​ និង​លើក​កម្ពស់​វិស័យ​កីឡា​ជន​ពិការ​នៅ​ក្នុង​ប្រទេសកម្ពុជា។ ខ្ញុំពិតជាកោតសរសើរ ​និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​លះបង់ ​ការ​ខិតខំ​ប្រឹងប្រែង និង​ឆន្ទៈ​ដ៏​មោះមុត​របស់​បង​ប្អូន​មាន​ពិការភាព ដែល​បាន​សម្រច​ចិត្ត​ចូលរួម​លើក​ស្ទួយ​ដល់​វិស័យ​កីឡាជាតិ ព្រម​ទាំង​ឈរ​ជា​បង្គោល​យ៉ាង​រឹងមាំ​ក្នុង​ការ​ចូលរួម​កសាង​សង្គមជាតិ សង្គម​គ្រួសារ និង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ ដូច​អ្វី​ដែល​ខ្ញុំ​តែង​តែ​ផ្តល់​តម្លៃ និង​ចាត់​ទុក​ថា ពិការ​ភាព មិនមែន​អសមត្ថភាព​”។

ព្រីនស៍​ ហូលឌីង ​គ្រុប ក្រោមកា​រ​ដឹកនាំ​របស់​ប្រធាន ​ចេន ហ្សុី មាន​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​លើ​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស ដើម្បី​ជួយ​ដល់​កំណើន​សេដ្ឋកិច្ច​ សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា។លោក ​Gabriel Tan​ ប្រធាន​ផ្នែក​ទំនាក់ទំនង​នៃ​ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ​មាន​ប្រសាសន៍​ថា “កាល​ពីមុន យើង​បាន​ចូលរួម​ចំណែក​ជា​ច្រើន ដើម្បី​ជួយ​លើក​ស្ទួយ​វិស័យ​កីឡា​ក្នុង​ស្រុក ដូច​ជា​បាល់ទះ​ និង​បាល់ទាត់ ជាដើម។ នេះ​ជា​ការ​ចូលរួម​លើក​ដំបូង​របស់​យើង​ក្នុង​ការ​ផ្តល់​សិទ្ធិអំណាច​ដល់​ជន​ពិការ»។ ​លោក​បាន​បន្ថែម​ទៀត​ថា យើង​ពិត​មាន​កិត្តិយស​ក្នុង​ការ​ចូលរួម​ក្នុង​ការ​លើក​កម្ពស់​កិច្ចការ​សង្គម តាម​រយៈ​ការ​រៀបចំ​ការ​បង្ហាញ​ក្រុម​កីឡា​បាល់​បោះ​រទេះ​ជន​ពិការ​កម្ពុជា​ចូល​ក្នុង​ការ​ប្រកួត​អាស៊ាន​ប៉ារ៉ាហ្គែម​លើកទី១២ ឆ្នាំ២០២៣»។

លោក ​Michael ​Tuon ​ដែល​ជា​គ្រូ​បង្វឹក​ខ្មែរ-អាមេរិក​បាន​ទទួល​វិញ្ញាបនបត្រ​ទទួល​ស្គាល់​ពី​ក្រុម Team ​USA ​Basketball ​Gold ​និង​គ្រូ​បង្វឹក​ ដែល​មាន​វិញ្ញាបនបត្រ​ពី​សមាគម​បាល់​បោះ​រទេះ​រុញ​ជាតិ (NWBA) បាន​ទទួល​ស្គាល់​ថា​ការ​ចូលរួម​នេះ​គឺ​នឹង​ក្លាយ​ជា​ដំណើរ​ដ៏​រំភើបមួយ​ ខណៈ​ដែល​លោក​ជា​អ្នក​ដឹក​នាំ​ការ​ហ្វឹកហាត់​បាល់បោះ​រទេះរុញ​ក​ម្ពុជា​នេះ។ លោក Michael បាន​មាន​ប្រសាសន៍​ថា “ជនរួមជាតិ​អត្តពលិក​រទេះរុញ​ជា​ច្រើន​នាក់​ បាន​ជម្នះ​ឧបសគ្គ​នៃ​ការ​មិន​អនុញ្ញាត​ឲ្យ​ពិការភាព​របស់​ពួកគេ បញ្ឈប់​ក្តី​សុបិន​របស់​ពួកគេ​ឡើយ។ ខ្ញុំ​ជឿជាក់​ថា​វិធី​សាស្រ្ត «រថភ្លើងដើម្បីឈ្នះ» នេះ​ត្រូវ​បាន​អនុម័ត​ពី​ការ​អភិវឌ្ឍ​អត្តពលិក​រយៈពេល​វែង - LTAD នឹង​ប​ង្កើត​រចនា​សម្ព័ន្ធ​ហ្វឹកហ្វឺន​ដ៏ល្អ​បំផុត​សម្រាប់​ភាព​ជោគជ័យ​របស់យើង​”។

នៅ​ពេល​ដែល​អត្តពលិក​លេង​កីឡា​នៅ​ឆ្នាំក្រោយ ពួកគេ​ទាំង​អស់គ្នា នឹង​ស្លៀកពាក់​ឯក​សណ្ឋាន​ពណ៌ខៀវ ក្រហម និង​ស ដែល​រចនា​ថ្មី​ស្រឡាង បង្ហាញ​អំពី​ពណ៌​តំណាង​ជាតិ​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ជា​មួយ​នឹង​ផ្នត់​គំនិត​ជាតិ​ថ្មី ដែល​រួម​ប​ញ្ចូល​និមិត្ត​សញ្ញា​វប្បធម៌​របស់​ប្រទេស​កម្ពុជា ដូចជា​ផ្កា​រំដួល និង​ប្រាសាទ​អង្គរវត្ត​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់