• 2022-02-20 14:21:54
  • កីឡា​ផ្សេង​ៗ

​BURN X PLASH ​ក្លាយ​ជា​ជើង​ឯក​ឆ្នាំ​២០២២នៅលើ​​វិញ្ញាសា Mobile Legends ​

  • 2022-02-20 14:21:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​ប្រកួត​កីឡាអេឡិចត្រូនិក​ថ្នាក់ជាតិ​ឆ្នាំ២០២២​រកឃើញ​ក្រុម​ជើង​ឯក​លើ​វិញ្ញាសា ​Mobile Legends​ ហើយ បន្ទាប់​ពី​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ផ្សារ​ទំនើបអ៊ីអន​២​ក្រោមអធិបតីភាព​ ឯកឧត្តម ជា ចន្ទបរិបូរណ៍​ ប្រធានសហព័ន្ធ កីឡា​អេឡិចត្រូនិក​កម្ពុជា។

បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​លើ​វិញ្ញាសា PUBG Mobile ​កាល​ពីថ្ងៃទី​១៩ ខែកុម្ភៈ​កន្លង​ទៅ​ ឥឡូវ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា (EFC)​ ចាប់ដៃ​ជាមួយ​ក្រុមហ៊ុន​ទូរសព្ទ Cellcard បាន​បញ្ចប់​ព្រឹត្តិការណ៍​«ដំណើរ​ឆ្ពោះ​ទៅ​កីឡា​ស៊ីហ្គេម លើកទី​៣១ ឆ្នាំ​២០២១ នៅ​វៀតណាម និង​ការ​ត្រៀម​ខ្លួន​សម្រាប់​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅកម្ពុជា»។

ការ​ប្រកួត​បាន​ចាប់​ផ្តើម​តាំង​ពីថ្ងៃទី២៧ ​ខែមករា ​ដល់​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ​ឆ្នាំ​២០២២​ដែល​មាន​ក្រុម​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​ជា​ច្រើន​មុន​ពេល​ជ្រើស​រើស​៨ក្រុម​ចុង​ក្រោយ​ដើម្បី​ប្រកួត​វគ្គ​សន្សំពិន្ទុ​។ បន្ទាប់មក ​ការ​ប្រកួត​ឈាន​ដល់​វគ្គ​ពាក់​កណ្តាលផ្តាច់ព្រ័ត្រ និង​ផ្តាច់ព្រ័ត្រ។ ជា​លទ្ធផល ជើង​ឯក​បាន​ទៅក្រុម BURN X PLASH បន្ទាប់​ពី​ឈ្នះ​ក្រុម SEE YOU SOON នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​។

ជា​មួយ​គ្នា​នោះ ​ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ ​ប្រធាន​សហព័ន្ធ​ក៏​បាន​លើក​ឡើង​ឲ្យ​ដឹ​ង​ថា ដោយ​សារ​ឆ្នាំ​នេះ​ប្រទេស​វៀតណាម​គេ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ស៊ីហ្គេម ហើយ​គេ​កំណត់​អាយុ​ត្រឹម​១៨​ឆ្នាំ​ឡើង ទើប​សហព័ន្ធ​កំណត់​ឲ្យ​​កីឡាករ​ចូល​រួម​ត្រឹម​អាយុ​១៨ ឡើង​។ ប៉ុន្តែ​នៅ​ឆ្នាំ​ក្រោយ​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​វិញ​នោះ​កម្ពុជា នឹង​កំណត់​អាយុ​ឲ្យ​​កីឡាករ​ចូល​រួម​នៅ​អាយុ​ចាប់​ពី​១៦​ឆ្នាំ​ឡើង​វិញ ដូច្នេះ​សូម​ក្មួយ​​ៗ​មេត្តា​រង់​ចាំ​ចូល​រួម​ទាំង​អស់​គ្នា​។

គោល​បំណង​នៃ​ការ​ប្រកួត​គឺ​ដើម្បី​ជ្រើសរើស​កីឡាករ​ល្អៗ​បង្កើត​ជា​ក្រុម​ជម្រើសជាតិ​ដើម្បី​ធ្វើ​ដំណើរ​ទៅ​ប្រកួត​កីឡា​ស៊ីហ្គេម​លើកទី​៣១ នៅ​ប្រទេសវៀតណាម។ ដូច្នេះ​មាន​ន័យ​ថា ជយលាភី​ចុង​ក្រោយ​នេះ​មិនទាន់​ជា​ក្រុម​ជម្រើសជាតិ​ផ្លូវការ​នៅ​ឡើយ​ទេ ប៉ុន្តែ​នឹង​មាន​ការ​ជ្រើសរើស​សមាជិក​ដែល​មាន​ជំនាញ​រៀងៗខ្លួន​ ដើម្បី​បង្កើត​ជា​ក្រុម​ជម្រើសជាតិ​។

សហព័ន្ធ​ក៏​បាន​បង្កើត​គណៈកម្មា​បច្ចេកទេស​ដើម្បី​ជ្រើសរើស​ គ្រូបង្វឹក​ និង​កីឡាករ​ជម្រើសជាតិ​ ដែល​ជា​ផ្នែក​នៃ​ការ​អភិវឌ្ឍ បង្កើន​សមត្ថភាព បំផុសបំផុល ​និង​ជំរុញ​កីឡា​អេឡិច​ត្រូនិក​កម្ពុជា​ដើម្បី​ឲ្យ​រីក​ចម្រើន​ឈាន​ឡើង​លំដាប់​អន្តរជាតិ​សម្រាប់​ត្រៀមខ្លួន​ប្រកួត​កីឡា​ស៊ីហ្គេម​ លើក​ទី​៣២​ ឆ្នាំ២០២៣​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​។

ក្រុមជយលាភី

  • ជើងឯក៖ ៤៥០០ដុល្លារ​អាមេរិក​

  • ជើងឯករង៖ ២០០០​ដុល្លារ​អាមេរិក

  • លេខ៣៖ ១០០០ ដុល្លារ​អាមេរិក

  • លេខ៤៖ ៥០០ ដុល្លារ​អាមេរិក

  • លេខ៥ដល់៨៖ ២៥០ដុល្លារ​អាមេរិក​ក្នុង​មួយ​ក្រុម

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់