• 2021-11-01 10:00:38
  • កីឡា​ផ្សេង​ៗ

វគ្គ​សិក្សា​ «តួនាទី​អ្នក​សារព័ត៌មាន​កីឡា»​ ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​បណ្ដា​សារព័ត៌មាន​នៅ​កម្ពុជា​

  • 2021-11-01 10:00:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វគ្គ​សិក្សា​ខ្លី​ «តួនាទី​អ្នក​សារព័ត៌មាន​កីឡា​តាម​រយៈ​បទ​ពិសោធ​ជនជាតិ​ជប៉ុន»​ ដែល​ចាប់​ផ្ដើម​ពី​ព្រឹក​ថ្ងៃ​ទី១​ វិច្ឆិកា​ ២០២១​ នេះ​មាន​ការ​ចាប់​អារម្មណ៍​ និង​ចុះឈ្មោះ​ចូលរួម​ច្រើន​ពី​បណ្ដា​សារព័ត៌មាន​នៅ​កម្ពុជា។​

រូបភាព CAMSOC

លោក​ ប៉ែន​ ប៉ូណា​ ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា​ បាន​លើក​ឡើង​ក្នុង​ពិធី​បើក​វគ្គ​សិក្សា​ព្រឹក​មិញ​នេះ​ថា​ លោក​ពិត​ជា​សោមនស្ស​រីករាយ​ជា​ខ្លាំង​ដែល​ឃើញ​វគ្គ​សិក្សា​​«តួនាទី​អ្នក​សារព័ត៌មាន​កីឡា​តាម​រយៈ​បទ​ពិសោធ​ជនជាតិ​ជប៉ុន»​ អាច​កើត​មាន​ឡើង​នៅ​ពេល​នេះ។​

លោក ប៉ែន ប៉ូណា (រូបភាព CAMSOC)

តំណាង​ក្លឹប​អ្នក​កាសែត​ខាង​លើ​នេះ​ថ្លែង​ទៀត​ថា​ វគ្គ​សិក្សា​នេះ​លោក​ចាត់​ទុក​ថា​ជាវគ្គ​សំខាន់​ និង​កម្រ​មួយ​សម្រាប់​ក្លឹប​អ្នក​កាសែត​កម្ពុជា​ ព្រោះ​កន្លង​ទៅ​មិន​ធ្លាប់​បង្កើត​ឲ្យ​មាន​នោះ​ទេ។​ អ្វី​ដែល​កត់សម្គាល់​មួយ​ទៀត​នោះ​គឺ​ការ​ចាប់​អារម្មណ៍​ចុះឈ្មោះ​ចូលរួម​លើសលប់​ហួស​ពី​ការ​រំពឹង​ទុក​ ដែល​ពី​មុន​គិត​ថា​មាន​ការ​ពិបាក​និង​រក​សិក្ខាកាម។​ លោក​ក៏​សង្ឃឹម​ថា​វគ្គ​មួយ​នេះ​នឹង​ជួយ​ផ្ដល់​ចំណេះ​ជំនាញ​បន្ថែម​ពី​សំណាក់​គ្រូ​មាន​បទ​ពិសោធ​នៃ​ប្រទេស​ជប៉ុន​ដើម្បី​រួច​ចំណែក​ផ្សព្វផ្សាយ​ឲ្យ​បាន​ល្អ​នូវ​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ឆ្នាំ​២០២៣​ខាង​មុខ។​

រូបភាព CAMSOC

រំលឹក​ដែរ​ថា​ វគ្គ​សិក្សា​ខ្លី​ «តួនាទី​អ្នក​សារព័ត៌មាន​កីឡា​តាម​រយៈ​បទ​ពិសោធ​ជនជាតិ​ជប៉ុន»​ គឺ​សហការ​ផ្ដួចផ្ដើម​ឡើង​​ពី​មូលនិធិជប៉ុន (CCJ) ​ក្លឹប​អ្នក​កាសែត​កម្ពុជា​ និង​គាំទ្រ​ដោយ​ CAMSOC។​ វគ្គ​សិក្សា​នេះ​ចែក​ចេញ​ទី២​វគ្គ​ ហើយ​ក្នុង​១ថ្ងៃ​សិក្សា​តែ​មួយ​ព្រឹក​ប៉ុណ្ណោះ។​ គឺ​វគ្គ​ទី១​ សិក្សា​រយៈពេល​​៤​ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី១-៤​ វិច្ឆិកា​ ២០២១​ ចំណែក​វគ្គ​ទី២​ ចាប់​ពី​ថ្ងៃ​ទី៦-៩​ ខែ​ធ្នូ​ ២០២១​ នៅ​ NOCC​ និង​តាមរយៈ​ Online។ សិក្ខាកាម​ចុះឈ្មោះ​ជិត​១០០​នាក់​មក​ពី​បណ្ដា​សារព័ត៌មាន​នានា​នៅ​ក្នុង​ស្រុក៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់