• 2021-09-20 06:52:49
  • កីឡា​ផ្សេង​ៗ

MPL KH Season 1 ​រក​ឃើញ​ក្រុម​៦​ឡើង​វគ្គ Play off ​ហើយ​

  • 2021-09-20 06:52:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​ប្រកួត​​ MPL KH Season 1 ​លក្ខណៈ​លីគ​អាជីព​លំដាប់​អន្តរជាតិលើ​វិញ្ញាសា​ Mobile Legends: Bang Bang បាន​រក​ឃើញ​​ក្រុម​ខ្លាំង​​៦​​​​ឡើង​ទៅ​វគ្គ Playoff ហើយ​​​ បន្ទាប់​ពី​​​ធ្វើ​ការ​ប្រកួត​វិល​ជុំ​សន្សំ​ពិន្ទុ​​ (Regular) ដ៏​ស្វិត​ស្វាញ​បំផុត និង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​អ្នក​គាំទ្រ។

​នាំ​មក​ជូន​ដោយ​ MOONTON Games, Smart Axiata និង​ម្ចាស់​ឧបត្ថម្ភ Sting និង​ NCX Honda ការ​ប្រកួត​វិល​ជុំ​សន្សំ​ពិន្ទុ​ចាប់​​ពី​ថ្ងៃ​ទី​២៨ ខែ​សីហា ដល់​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០២១​រវាង​ក្រុម​ទាំង​៨ពិត​ជាតឹង​តែង​ខ្លាំង និង​ផ្ទុះ​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​អ្នក​និយម​ចិត្ត​កីឡា​អេឡិចត្រូនិក។ ក្រុម​នីមួយ​ៗ​​​​បាន​ធ្វើ​ការ​ប្រកួត​​៧​លើក​ដូច​គ្នា ពី​ព្រោះ​ពួក​គេ​ត្រូវ​ប៉ះ​គ្នា​ទាំង​អស់។ ​ក្រុម​៤​​ដែល​ឡើង​មក​វគ្គ​ជម្រុះ​​គឺ​ DG Quantum,​ FENNEC Esport,​ Notorious Angels និង​ក្រុម Walker Esports បង្ក​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ដល់​​​ក្រុម​ខ្លាំង​​អង្គុយ​ចាំ​នៅ​​​វគ្គ Regular គឺក្រុម Impunity KH, SeeYouSoon, NewBlood និង Burn Gaming តាម​រយៈ​​សមត្ថភាព និង​បច្ចេកទេស​ពិសេស​របស់​ពួក​គេ​។

​អ្នក​គាំទ្រ​​ជាង​៦​ម៉ឺន​នាក់​​បាន​តាម​ដាន​ទស្សនា​​ផ្សាយ​ផ្ទាល់​លើ​បណ្តាញ​ទំនាក់​ទំនង​សង្គម និង​​មាន​អ្នក​បញ្ចេញ​មតិ​យោបល់​រៀង​ៗ​ខ្លួន​​ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​ក្រុម​សំណព្វ​ចិត្ត​របស់​ពួក​គេ។ ការ​គាំទ្រ​យ៉ាង​ច្រើនលើសលប់​ពី​អ្នក​គាំទ្រ​​ និង​អ្នក​ស្រឡាញ​កីឡា​អេឡិចត្រូនិក​ជា​កត្តា​ដ៏​សំខាន់​បំផុត​លើក​ទឹក​ចិត្ត​ដល់​ក្រុម​នីមួយ​ៗ​ឲ្យ​ប្រឹង​ប្រែង​។ ជា​ពិសេស​ជា​ផ្នែក​ដ៏​សំខាន់​ដែល​ជំរុញ​ឲ្យ​កីឡា​ Esports នៅ​កម្ពុជា​កាន់​តែ​រីក​ចម្រើន និង​បង្ហាញ​ឲ្យ​ឃើញ​ថា វិស័យ​កីឡា​អេឡិចត្រូនិក​នៅ​កម្ពុជា​កំពុង​ដើរ​លើផ្លូវ​ត្រូវ​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍ​កាន់​តែ​មាន​កម្រិត​ខ្ពស់​ និង​លំដាប់​អន្តរជាតិ។ ជា​មួយ​គ្នា អ្នក​ឧបត្ថម្ភ​ក៏​បាន​បន្ថែម​យុទ្ធនាការណ៍​ខ្លាំង​ក្លា និង​ការ​ផ្សព្វផ្សាយ​ទាំង​ក្រៅ​អនឡាញ​ដែល​បាន​ជំរុញ​ឲ្យ​ព្រឹត្តិការណ៍​នេះ​កាន់​តែ​អធិក​អធម​ទូទាំង​ប្រទេស​កម្ពុជា។

បន្ទាប់​ពីចប់ការ​ប្រកួត​ក្នុង​វគ្គ​វិល​ជុំ​សន្សំ​ពិន្ទុ ទី​បំផុត​​រក​ឃើញ​ក្រុម​ខ្លាំង​៦​ឡើង​ទៅ​វគ្គ Play-Off មុន​ពេល​ឡើង​​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ និង​វគ្គ​ផ្តាច់​ព្រ័ត្រ​​ដើម្បី​កាត់​សេចក្តី​រក​ក្រុម​​គ្រង​ជើង​ឯក​​ MPL KH​ រដូវ​កាល​ទី​១​នេះ​ដែល​នឹង​តំណាង​ឲ្យ​កម្ពុជា​សម្រាប់​ចេញ​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ M3 World Championship ចុង​ឆ្នាំ​នេះ។ ក្រុម​ខ្លាំង​ទាំង​៦​ឡើង​វគ្គ​ Play-Off គឺ DG Quantum,  SeeYouSoon,  Impunity KH,  Burn Gaming, Fennes Esports និង NewBlood។ ការ​ប្រកួត​វគ្គ Playoff នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី១ ដល់ ទី​៣ ខែ​តុលា ឆ្នាំ​២០២១។ សូម​បន្ត​តាម​ដាន និង​ទស្សនាផេកផ្លូវ​ការ Mobile Legends: Bang Bang Cambodia។

សូមបញ្ជាក់​ថា MPL KH Season 1 ​បាន​បើក​​ចុះ​ឈ្មោះ​​កាល​ពី​ថ្ងៃ​២៩ ខែ​កក្កដា ដល់​ថ្ងៃ​ទី​៦ ខែ​សីហា ដោយ​មាន​ ក្រុម​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​រហូត​ដល់​៦៣៦​ក្រុម​។ ការ​ប្រកួត​​ក្នុង​វគ្គ​ជម្រុះ​​​ពី​ថ្ងៃ​ទី​៨ ដល់ ដល់ថ្ងៃ​ទី​១៥ ខែ​សីហា​​ដើម្បី​រកបាន​​កៅអី​៤​ឡើង​វគ្គ Regular រួម​ជាមួយ​​ក្រុម​ខ្លាំង​រង់​ចាំនៅ​វគ្គ​វិល​ជុំ​សន្សំ​ពិន្ទុ​នេះ។

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់