• 2021-07-19 08:26:14
  • កីឡា​ផ្សេង​ៗ

ប្រធាន​ NOCC ​ជួប​សំណេះសំណាល​លើក​ទឹកចិត្ត​ក្រុម​កីឡា​កម្ពុជា​ត្រៀម​ទៅ​ប្រកួត​អូឡាំពិក​នៅ​ជប៉ុន​

  • 2021-07-19 08:26:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ព្រឹក​មិញ​នេះ​បាន​ជួប​សំណេះសំណាល​ និង​ផ្ដល់​ការ​លើក​ទឹកចិត្ត​ដល់​ក្រុម​កីឡា​កម្ពុជា​ដែល​នឹង​ចេញ​ទៅ​ជប៉ុន​ ស្អែក​នេះ​ហើយ​ដើម្បី​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​អូឡាំពិក។​

ឯកឧត្ដម​ ថោង​ ខុន​ (រូបភាព CAMSOC)

ឯកឧត្ដម​ ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ និង​ជា​ប្រធាន​​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC)​ បាន​ណែនាំ​ច្រើន​ដល់​ក្រុម​កីឡាករ​ កីឡា​ការិនី ​ទាំង​ហែលទឹក​ និង​រត់​ប្រណាំង​ឲ្យមានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​កូវីដ​ ១៩​ ក៏​ដូច​ជា​អ្វី​ដែល​មិន​គួរ​ធ្វើ​ អ្វី​ដែល​ជា​ការ​ហាមឃាត់​ផ្សេង​ៗ​មិន​ត្រូវ​ឲ្យ​មាន​នោះ​ទេ។​ ការ​ចេញ​ទៅ​ប្រកួត​នេះ​គឺ​តំណាង​ឲ្យ​ប្រជាជាតិ​កម្ពុជា​ តំណាង​ឲ្យ​អូឡាំពិក​កម្ពុជា​ ដូច្នេះ​ការ​ធ្វើ​អ្វី​មួយ​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ និង​ឲ្យ​សម​ជា​ប្រទេស​ដែល​អរិយធម៌​ល្អ​ សន្តិភាព​ជា​ដើម។​

ការសំណេះសំណាលព្រឹកមិញ (រូបភាព CAMSOC)

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ នាយ​បេសកកម្ម​បាន​ឲ្យ​ដឹង​ដែរ​ថា​ ការ​ចេញ​ទៅ​នេះ​គឺ​ជា​ការ​លើក​ទឹកចិត្ត​ដល់​ម្ចាស់ផ្ទះ​ជប៉ុន​ ការ​បង្ហាញ​ទង់ជាតិ​របស់​ខ្មែរ​លើ​ឆាក​អន្តរជាតិ​ និង​ជា​ការ​បង្ហាញ​ពី​សកម្មភាព​របស់​កម្ពុជា​ជា​មួយ​ចលនា​អូឡាំពិក​អន្តរជាតិ។​ ងាក​ទៅ​សមត្ថភាព​ និង​លទ្ធផល​យ៉ាងណា​នោះ​គឺ​មិន​ថ្វី​នោះ​ទេ​ ព្រោះ​ដឹង​ហើយ​ថាកម្រិត​កីឡា​អូឡាំពិក​ខ្ពស់​ និង​ខុស​គ្នា​ឆ្ងាយ​ ប៉ុន្តែ​គឺ​កីឡាករ​ កីឡា​ការិនីកម្ពុជា ​នៅ​តែ​ប្រឹង​ប្រែង​ឲ្យ​អស់​ពី​អ្វី​ដែល​ខ្លួន​មាន​ អ្វី​ដែល​ខ្លួន​បាន​ហាត់​រៀន​កន្លង​ទៅផងដែរ។​

ការសំណេះសំណាលព្រឹកមិញ (រូបភាព CAMSOC)

រំលឹក​ដែរ​ថា​ ព្រឹក​មិញ​នេះ​ឯកឧត្ដម​ ថោង​ ខុន​ ប្រធាន​ NOCC​ បាន​ជួប​សំណេះសំណាលជាមួយ​ក្រុម​កីឡា​កម្ពុជា​មុន​ចេញ​ដំណើរ​ទៅ​ប្រទេស​ជប៉ុន​ស្អែក​នេះ។​ កម្ពុជា​បាន​សិទ្ធិ​យោគយល់​លើ​២ប្រភេទ​កីឡា​គឺ​ហែល​ទឹក​ និង​អត្តពលកម្ម​ក្នុង​ការ​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​កម្ពុជា​ ទីក្រុង​តូក្យូ​ ប្រទេស​ជប៉ុន​ ឆ្នាំ​២០២០៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់