• 2020-10-24 08:38:11
  • កីឡា​ផ្សេង​ៗ

មេនូឡាយហ្វ៍ ខេមបូឌា​ បន្ត​គាំទ្រ​​ព្រឹត្តិការណ៍​រត់​ប្រណាំង​អន្តរជាតិ​ពាក់​កណ្ដាល​ម៉ារ៉ាតុង​នៅអង្គរវត្ត ឆ្នាំនេះ!

  • 2020-10-24 08:38:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ហ៊ុន​ធានារ៉ាប់រង​ធំ​ជាង​គេ​នៅ​កម្ពុជា​ មេនូឡាយហ្វ៍ ខេមបូឌា ​(Manulife Cambodia)​ នៅតែ​មិន​ភ្លេច​ឡើយ​ កិច្ចការ​ជួយ​សង្គម​ បើទោះបី​បច្ចុប្បន្ន​នេះ​ ពិភពលោក​កំពុងទទួល​រង​ផល​ប៉ះពាល់​ដោយសារ​ជំងឺកូវីដ-១៩ ក៏ដោយ។ ជាក់ស្ដែង ក្រុមហ៊ុន​នៅតែ​ធ្វើ​​ជា​ម្ចាស់​ឧបត្ថម្ភ​ធំ ​ព្រឹត្តិការណ៍​រត់​ប្រណាំង​អន្តរជាតិ​ពាក់​កណ្ដាល​ម៉ារ៉ាតុង​ នៅ​អង្គរវត្ត ​លើក​ទី​២៥ ​នា​ខែ​ធ្នូ​ ឆ្នាំ​២០២០​ ខាង​មុខ​នេះ។​

លោក​ យូ​ សាមឺឌី តំណាង​ក្រុម​ហ៊ុន​ធានារ៉ាប់រង​ មេនូឡាយហ្វ៍ ខេមបូឌា

លោក​ យូ​ សាមឺឌី​ តំណាង​ក្រុម​ហ៊ុន​ធានារ៉ាប់រង​ មេនូឡាយហ្វ៍ ខេមបូឌា ​(Manulife Cambodia)​ បាន​ឲ្យ​ដឹង​ថានៅក្នុង​សន្និសីទ​សារព័ត៌មាន​ នាថ្ងៃទី២៤ ខែតុលា​នេះថា​ ក្រុមហ៊ុន​ពិត​ជា​មាន​មោទកភាព​ណាស់​ដែល​បាន​ចូលរួម​ជួយ​ឧបត្ថម្ភ​ក្នុង​ព្រឹត្តិការណ៍​រត់​ប្រណាំង​អន្តរជាតិ​ពាក់​កណ្ដាល​ម៉ារ៉ាតុង​ នៅ​អង្គរវត្ត​ តាំង​ពី​ឆ្នាំ​២០១៤ មក ក៏ព្រោះតែ​ព្រឹត្តិការណ៍​រត់​ប្រណាំង​អន្តរជាតិ​នេះ ​ជា​ការ​ប្រមែប្រមូល​ថវិកា​ដើម្បី​ជួយ​ទៅ​ដល់​មន្ទីរពេទ្យ​-អង្គការ​នានា ដែល​កំពុង​ធ្វើ​កិច្ចការជួយ​ប្រជា​ពលរដ្ឋ​ខ្មែរ។​

តំណាង​ក្រុម​ហ៊ុន​ធានារ៉ាប់រង​មេនូឡាយហ្វ៍ ខេមបូឌា ​(Manulife Cambodia)​ បានបន្ថែមថា​ បើ​ទោះ​ជា​ស្ថានភាព​ពិភពលោក​កំពុង​ជួប​ភាព​លំបាកលំបិន​ រួម​ទាំង​កម្ពុជា​យ៉ាង​ណា​ក្ដី​ ក៏​ក្រុមហ៊ុន​​របស់​លោក​នៅ​តែ​បន្ត​ការ​គាំទ្រ​ និង​ជួយ​ឧបត្ថម្ភ​ធំ​ដល់​ព្រឹត្តិការណ៍​រត់​ប្រណាំង​នេះ​ដដែល។​ បើ​ទោះ​ជា​ព្រឹត្តិការណ៍​លើក​នេះ​ត្រូវ​កាត់​បន្ថយ​ចំនួន​អ្នក​ចូលរួម​ ឬ​គ្មាន​កីឡាករ​ កីឡា​ការិនី​មក​ពី​ក្រៅ​ប្រទេស​ចូលរួម​ច្រើន​ក៏​ដោយ​ ក៏​មិន​ថ្វី​ដែរ​សម្រាប់​មេនូឡាយហ្វ៍ ខេមបូឌា។

លោក​ យូ​ សាមឺឌី​ បន្ត​ថា​ កិច្ចការ​ជួយ​សង្គម​នេះ​គឺ​វា​ស្រប​ទៅ​ហ្នឹង​គោលការណ៍​របស់​ក្រុម​ហ៊ុន​ធានារ៉ាប់រង​ មេនូឡាយហ្វ៍ ខេមបូឌា ​(Manulife Cambodia)​។​ ក្រុមហ៊ុន​មិន​ផ្ដោត​តែ​លើ​អាជីវកម្ម​របស់​ខ្លួន​នោះ​ទេ​ គឺ​តែងតែ​គិត​ដល់​ការ​ជួយ​សង្គម​ មិន​ថា​ផ្នែក​កីឡា​ ឬ​ផ្នែក​ផ្សេងៗ​ណា​មួយ​នោះ​ឡើយ។​

គួរបញ្ជាក់ផងដែរថា​ ព្រឹត្តិការណ៍​រត់​ប្រណាំង​អន្តរជាតិ​ពាក់​កណ្ដាល​ម៉ារ៉ាតុង​ នៅ​អង្គរវត្ត​ លើក​ទី២៥​ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី៦​ ខែ​ធ្នូ​ ឆ្នាំ​២០២០។​ ព្រឹត្តិការណ៍​រត់​ប្រណាំង​អន្តរជាតិ​ពាក់​កណ្ដាល​ម៉ារ៉ាតុង​នេះ បង្កើត​ឡើង​ក្នុង​បំណង​ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍​របស់​កម្ពុជា​ និង​ប្រមូល​ថវិកា​ជួយ​មន្ទីរពេទ្យ​ សាលា​រៀន​ និង​អង្គការ​នានា​៕

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់