• 2020-09-07 07:11:09
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​ខ្មែរ​កីឡា​ហែលទឹក​ បន្ត​ពង្រីកចំណេះដឹងគ្រូ​ៗ​តាម​រយៈ​ការ​សិក្សា​ Online​

  • 2020-09-07 07:11:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​ខ្មែរ​កីឡា​ហែលទឹក​ មិន​គ្រាន់​តែ​គិត​ថា​ចង់​ពង្រីក​ចំណេះដឹង​ដល់​គ្រូ​ ឬ​កីឡាករ​នោះ​ទេ​ពោល​សកម្មភាព​ក៏​ធ្វើ​ដំណើរ​តាម​ហ្នឹង​ដែរ​ ដូច​ជា​វគ្គ​សិក្សា​ជំនាញ​គ្រូ​កម្រិត​ខ្ពស់​តាម​រយៈ​ Online​ ដែល​ទើប​បញ្ចប់​នេះ​ថ្មីៗ​នេះ​អីចឹង។​

រូបភាពរបស់​សហព័ន្ធ

លោក​ ហែម​ គីរី​ អគ្គលេខាធិការ​សហព័ន្ធ​ខាង​លើ​នេះ​ បាន​លើក​ឡើង​ថា​ វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្វឹក​កម្រិត​ខ្ពស់​ដែល​ទើប​បញ្ចប់​ទៅ​នេះ​គឺ​ជា​វគ្គ​ដែល​មាន​សារសំខាន់​ និង​ពិសេស​មួយ​។ ព្រោះ​ដឹង​ហើយ​ថា​សកម្មភាព​កីឡា​មួយ​ចំនួន​ត្រូវ​បាន​ផ្អាក​ ឬ​លុប​ចោល​ផែនការ​ផ្សេងៗ​តែ​យ៉ាង​ណា​ខាង​ហែល​ទឹក​ព្យាយាម​បង្កើត​កម្មវិធី​នេះ។​ មួយ​វិញ​ទៀត​វគ្គ​សិក្សា​ជំនាញ​គ្រូ​កម្រិត​ខ្ពស់​នេះ​ ខាង​សហព័ន្ធ​បាន​ទំនាក់ទំនង​ និង​ធ្វើ​លើ​កិច្ចការ​យូរ​ហើយ​ ព្រោះ​តាម​ច្បាប់​សហព័ន្ធ​ហែលទឹក​អន្តរជាតិ​ចង់​បង្កើត​វគ្គ​នេះ​ត្រូវ​ស្នើសុំ​យ៉ាង​ហោច​ណាស់​មួយ​ឆ្នាំ​ដែរ។​

រូបភាពរបស់​សហព័ន្ធ

អតីត​កីឡាករ​ហែលទឹក​ឆ្នើម​របស់​កម្ពុជា​ខាង​លើ​នេះ​បន្ត​ប្រាប់​ទៀត​ថា​ សិក្ខាកាម​ចូលរួម​បាន​ធ្វើ​ឲ្យ​គ្រូ​ឧបទេស​នៅ​ប្រទេស​អង់គ្លេស​ ភ្ញាក់ផ្អើល​ និង​សរសើរ​ថា​ពិត​ជា​មាន​ការ​ខំប្រឹង​ប្រែង​សិក្សា​ មាន​ចំណេះ​ដឹង​ខ្ពស់​ មាន​សមត្ថភាព​ហួស​ពី​ការ​គិត​របស់​លោក។​ លោក​ ហែម​ គីរី​ យល់​ឃើញ​ថា​វគ្គ​បណ្ដុះបណ្ដាល​នេះ​គឺ​បាន​ជួយ​ពង្រឹង​សមត្ថភាព​គ្រូ​ៗ​ឲ្យ​កាន់តែ​ច្បាស់​ពី​ការ​ធ្វើ​ផែនការ​ និង​ការ​បង្ហាត់​សិស្ស​រយៈពេល​វែង។​ ដូច្នេះ​ហើយ​រាល់​ការ​គិត​ពី​ការ​អភិវឌ្ឍន៍​នានា​របស់​សហព័ន្ធ​ទៅ​គ្រូ​បង្វឹក​ កីឡាករ​ សក្ដានុពល​ប្រភេទកីឡាមួយ​នេះ គឺ​តែងតែ​មាន​សកម្មភាព​ទៅ​ជា​មួយ​ជា​និច្ច​ ព្រោះ​នេះ​ជា​ចំណុច​ដែល​ធ្វើ​ឲ្យ​ទទួល​បាន​ជោគជ័យ​នា​ពេល​ខាង​មុខ​បាន។​

រូបភាពរបស់​សហព័ន្ធ

រំលឹក​ដែរ​ថា​ សហព័ន្ធ​ខ្មែរ​កីឡា​ហែលទឹក​បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​កម្រិត​ខ្ពស់​រយៈពេល​៤​ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី១​ ដល់​ទី៤​ ខែ​កញ្ញា​ ឆ្នាំ​២០២០​ តាម​រយៈ​ Online​ ដោយ​មាន​គ្រូ​ឧបទេស​នៅ​ឯ​ប្រទេស​អង់គ្លេស។​ សិក្ខាកាម​ចូលរួម​សរុប​ ១៨​នាក់​ មក​ពី​ ៦ក្លឹប​ សមាគម៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់