• 2019-11-19 12:16:16
  • កីឡា​ផ្សេង​ៗ

អ៊ុន​ ស្រីយ៉ា​ ថា​អ្នក​ស្រី​ កែ​ ឡេង​ គេ​ចាត់​ទុក​ដូច​ជា​ខ្លា​ក្នុង​វិស័យ​ប៉េតង់​

  • 2019-11-19 12:16:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​ អ៊ុន​ ស្រីយ៉ា​ ថា​បើ​និយាយ​ពី​កេរ្តិ៍ឈ្មោះ​ និង​សមត្ថភាព​របស់​អ្នក​ស្រី​ កែ ​ឡេង​ ក្នុង​វិស័យ​ប៉េតង់​គេ​ចាត់​ទុក​ដូច​ជា​ខ្លា​ទៅ​ហើយ​ គ្រាន់​តែ​ឃើញ​ដូរ​ចូល​ភ្លាម​ដៃគូ​ភ័យ​ និង​បាក់ទឹកចិត្ត​ ខណៈការប្រកួតមានការប្រែប្រួល​តែ​ម្ដង។​

កីឡាការិនី អ៊ុន ស្រីយ៉ា

កីឡា​ការិនី​ប៉េតង់​របស់​កម្ពុជា​ខាង​លើ​នេះ​ រៀបរាប់​ពី​ការ​ប្រកួត​ ៣ទល់៣ ​ថ្ងៃ​មិញ​នេះ​ថា​ មុន​ដំបូង​គឺ​អ្នក​ស្រី​ កែ​ ឡេង​ មិន​ទាន់​ចូលលេង​ឡើយ​ ពោល​ត្រឹម​ជា​អ្នក​ចាំ​ផ្លាស់ប្ដូរ​ប៉ុណ្ណោះ​ ដោយ​ទុក​ឱកាស​អ្នក​ផ្សេងៗ​សាក​សមត្ថភាព​ និង​លេង​ដោយ​គ្មាន​អ្នកស្រី​ ហើយ​ក៏​ជា​ការទុកឲ្យ​អ្នកស្រី​ទុក​កម្លាំង​ប្រកួត​វិញ្ញាសា​ផ្សេង។​

ទិដ្ឋភាពថ្ងៃ​មិញ

ស្រីយ៉ា​ បន្ត​ថា​ ប៉ុន្តែ​ការ​បើក​ឆាក​ដៃទី១​នោះ​គឺ​កម្ពុជា​ភ្លាត់​ចាញ់​ Latvia​ ៣ពិន្ទុ​ ០​ ដូច្នេះ​គ្រូ​ក៏​សម្រេច​ចិត្ត​ប្ដូរ​អ្នក​ស្រី​ កែ​ ឡេង​ ចូល​លេង​វិញ​ហើយ​ការ​ប្រកួត​ក៏​ប្រែប្រួល​ និង​បញ្ចប់​ទៅ​ដោយ​ក្រុម​នារី​កម្ពុជា​ឈ្នះ​ ១៣-៣ វិញ។​ ការ​ប្រកួត​មុន​ៗ​នៅ​ក្រៅ​ប្រទេស​គឺ​លេង​៣នាក់​ អ្នក​ស្រី​ កែ ​ឡេង​ អ៊ុក​ ស្រីមុំ​ និង​ខ្លួន​ឯ​ស្រី​ផ្ទាល់​ ប៉ុន្តែ​លើក​នេះ​សាក​លេង​ដោយ​គ្មាន​អ្នក​ស្រី​ កែវ​ ឡេង​ គឺ​មិន​អាច​ទៅ​រួច​ទេ​ ម្ចាស់​មេដាយ​មាស​ពិភពលោក​៣សម័យ​ម្នាក់​នេះ​នៅ​តែ​ជា​កម្លាំង​ដ៏​សំខាន់​សម្រាប់ការ​ជួយក្រុម​ដដែល។​

ទិដ្ឋភាពថ្ងៃ​មិញ

កីឡា​ការិនី​ជម្រើស​ជាតិ​កម្ពុជា​រូប​នេះបញ្ជាក់​ទៀតថា​ គ្រាន់​តែ​ដៃគូ​ឃើញ​អ្នក​ស្រី​ កែ​ ឡេង​ ចូល​គឺ​បាក់ទឹកចិត្ត​ប្រកួត​បាត់​ទៅ​ហើយ​ ព្រោះ​ដឹង​ពី​កេរ្តិ៍ឈ្មោះ​ រួម​និង​សមត្ថភាព​របស់​អ្នក​ស្រី​ជា​ម្ចាស់​មេដាយ​មាស​ពិភពលោក​៣​សម័យ​ឯ​ណោះ​ ផ្សំ​និង​សំឡេង​ហ៊ោ​ពី​អ្នក​គាំទ្រ​ទៀត​នោះ​ធ្វើ​ឲ្យ​ពួកគេ​ហាក់​រឹតតែ​ចាញ់​ច្រាប​តែ​ម្ដង។​

ទិដ្ឋភាពថ្ងៃមិញ

រំលឹក​ដែរ​ថា​ ពិធី​ប្រកួត​ជ្រើសរើស​ជើងឯក​យុវជន​ និង​ស្ត្រី​ពិភពលោក​លើក​ទី១៧​ ដែល​ធ្វើ​ឡើង​នៅ​កម្ពុជា​នេះ​ចាប់​ផ្ដើម​ការបើក​ប្រកួត​នៅ​រសៀល​ថ្ងៃ​មិញ​នេះ​ហើយ។​ ដោយ​ឡែក​ការ​ប្រកួត​បើក​ឆាក​ក្រុម​ស្ត្រី​ ៣ទល់​៣​ គឺ​កម្ពុជា​ឈ្នះ​ក្រុម​ Latvia​ ដោយ​លទ្ធផល​ ១៣-៣។​ ការ​ប្រកួត​នឹង​ធ្វើ​បន្ត​រហូត​ដល់​ថ្ងៃ​ទី២៣ ​វិច្ឆិកា​ ២០១៩​ ទើប​បិទ​បញ្ចប់៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់