• 2019-07-25 07:27:36
  • កីឡា​ផ្សេង​ៗ

ប្រធាន​សហព័ន្ធ​ប៉េតង់​ពិភពលោក៖​ កម្ពុជា​មាន​កន្លែង​វប្បធម៌​ច្រើន​ដែល​ត្រូវ​ឲ្យ​បរទេស​ស្គាល់​

  • 2019-07-25 07:27:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Claude Azema  ប្រធាន​សហព័ន្ធ​ប៊ូល​ និង​ប៉េតង់​ពិភពលោក​ ថា​មូលហេតុ​សម្រេច​យក​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ ព្រឹត្តិការណ៍​ប៉េតង់​ពិភពលោក​ យុវជន​ និង​នារី​ លើក​ទី១៧​ នេះ​គឺ​ដោយ​សារ​មាន​កន្លែង​វប្បធម៌​ច្រើន​ និង​កម្ពុជា​ជា​ជើង​ខ្លាំង​ផ្នែក​កីឡា​មួយ​នេះ​ផង​ដែរ។​

ឯកឧត្ដម​ ស​ សុខា
លោក​ Claude Azema

ប្រធាន​សហព័ន្ធ​ពិភពលោក​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ម្សិលមិញ​នេះ​ថា​ តាម​ពិត​ទៅ​មាន​ប្រទេស​៥-៦​ ផ្សេង​ទៀត​ដែល​ចង់​រៀបចំ​ការ​ប្រកួត​ព្រឹត្តិការណ៍​ប៉េតង់​ពិភពលោក​ យុវជន​ និង​នារី​ លើក​ទី១៧​ ប៉ុន្តែ​ជា​ចុង​ក្រោយ​គឺ​សម្រេច​បាន​មក​លើ​កម្ពុជា។ ​កត្តា​ដែល​នាំ​ឲ្យ​កម្ពុជា​បាន​ឱកាស​រៀបចំ​កម្មវិធី​នេះ​ឡើយ​ ក៏​ព្រោះ​តែ​កម្ពុជា​ជា​ប្រទេស​ខ្លាំង​លើ​កីឡា​ប៊ូល​នេះ​ ទាំង​ស្ត្រី​ និង​បុរស​ មិន​ត្រឹម​តែ​ប៉ុណ្ណេះ​ទេ​ កម្ពុជា​មាន​កន្លែង​វប្បធម៌​បុរាណ​ៗ​ជា​ច្រើន​ដែល​ពិភពលោក​ត្រូវស្គាល់​ ហើយ​ទីតាំង​ប្រកួត​ក៏​សមប្រកប​អាច​ធ្វើ​ជា​ម្ចាស់​ផ្ទះ​បានទៀតផង។​

ទិដ្ឋភាពម្សិលមិញ

ចំណែក​ឯកឧត្ដម​ ស​ សុខា​ ប្រធាន​សហព័ន្ធ​ប៊ូល​ និង​ប៉េតង់​កម្ពុជា​ លើក​ឡើង​ដែរ​ថា​ កម្ពុជា​បាន​រៀបចំ​រួចរាល់​ហើយ​ សម្រាប់​ត្រៀម​ការ​ប្រកួត​នេះ​ឡើង​ ទាំង​ទីតាំង​ប្រកួត​ កន្លែង​ស្នាក់​នៅ​ និង​កិច្ច​មួយ​ចំនួន​ទៀត។​ ការ​ទទួល​ធ្វើ​​ជា​ម្ចាស់​ផ្ទះ​លើក​នេះ​ ជា​ការ​បង្ហាញ​មួយ​ថា​កម្ពុជា​គឺ​អាច​រៀបចំ​ការ​ប្រកួត​កម្រិត​ពិភពលោក​បាន​ និង​ជា​ការ​ធ្វើ​យក​បទ​ពិសោធ​បណ្ដើរៗ​មុន​ពេល​ឈាន​មក​ដល់​ស៊ីហ្គេម​ ២០២៣​ ខាង​មុខ។​ ទន្ទឹម​និង​នេះ​ដែរ​ ការ​រៀបចំ​ការ​ប្រកួត​នេះ​ជា​ឱកាស​ដែល​ធ្វើ​ឲ្យ​ពិភពលោក​បាន​ស្គាល់​កម្ពុជា​បន្ថែម​ទៀត ​ព្រោះ​កីឡាករ​ កីឡា​ការិនី​ដែល​មក​ចូលរួម​ប្រហែល​ជា​ ៥០-៦០​ ប្រទេស​ឯណោះ​ ខណៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​គេ​ នឹង​ចុះ​ផ្សាយ​ពី​ការ​ប្រកួត​មួយ​នេះ។​

ទិដ្ឋភាពម្សិលមិញ

រំលឹក​ដែរ​ថា​ កម្ពុជា​ទទួល​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ប៉េតង់​ពិភពលោក​ យុវជន​ និង​នារី​ លើក​ទី១៧។​ កម្មវិធី​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី១៨​ ដល់​ ២៣​ ខែ​វិច្ឆិកា​ ឆ្នាំ​ ២០១៩​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់