• 2019-07-23 08:40:43
  • កីឡា​ផ្សេង​ៗ

លើស​ពី​ស្រឡាញ់​ទៅ​ទៀត​ ស្រួង​ ភាវី​ ចំណាយ​លុយ​ផ្ទាល់​ខ្លួន​ ៥០០០​ដុល្លារ​ ជួយ​សហព័ន្ធ​ស្នូឃ័រ​កម្ពុជា​

  • 2019-07-23 08:40:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​ឆ្នើម​របស់​កម្ពុជា​ និង​ជា​ជើង​ខ្លាំង​កីឡា​ប៊ីយ៉ា​ការ៉ុម​កម្រិត​អន្តរជាតិ​ ស្រួង​ ភាវី​ ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន​ចំនួន​៥០០០​ដុល្លារ​ ដល់​សហព័ន្ធ​កីឡាប៊ីយ៉ា និង​ស្នូឃ័រ​ កម្ពុជា ​ម្សិលមិញ​នេះ​ដើម្បី​ទ្រទ្រង់​ក៏​ដូច​ជា​រៀបចំ​សកម្មភាព​ប្រកួត​នានា។​

កីឡា​ការិនី ស្រួង ភាវី

អ្នក​ស្រី​ ស្រួង​ ភាវី​ បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​នេះ​ថា​ ខ្លួន​មាន​ចិត្ត​សប្បាយ​រីករាយ​បំផុត​ដែល​បាន​ជួយ​ដល់​សហព័ន្ធ​ស្នូឃ័រ​កម្ពុជា​បែប​នេះ។​ ថវិកា​នេះ​នឹង​ជួយ​ដល់​សហព័ន្ធ​ក្នុង​ការ​ប្រើប្រាស់​ផ្សេង​ៗ​ រួម​ទាំង​សម្រាប់​ចំណាយ​លើ​ការ​ប្រកួត​ជើង​ឯក​នៅ​ពេល​ខាង​មុខ​នេះ។​ ក្រៅ​តែ​ពី​ការ​ផ្ដល់​ជា​ថវិកា​នេះ​ហើយ​ កីឡា​ការិនី​ឆ្នើម​ខាង​លើ​នេះ​ នឹង​ខំប្រឹង​ពង្រឹង​សមត្ថភាព​ជំនាញ​ប៊ីយ៉ា​ការ៉ុម​នេះ​ឲ្យ​បាន​ល្អ​បន្ថែម​ទៀត​ដើម្បី​ប្រកួត​ឲ្យ​បានល្អតំណាង​កម្ពុជា​។​

ភាវី ពេលប្រកួតឈ្នះក្នុង​កម្មវិធីអន្តរជាតិ

ជើង​ខ្លាំង​ខាង​ប៊ីយ៉ា​ការ៉ុម​កម្រិត​អន្តរជាតិ​ខាង​លើ​នេះ​ នឹង​ព្យាយាម​ជួយ​​ បង្កើត​សាលា​ ជួយ​បង្កើត​ធនធាន​ថ្មី​ ជួយ​បណ្ដុះបណ្ដាល​កីឡាករ​ កីឡា​ការិនី​កម្ពុជា​ នៅ​ពេល​ខាង​មុខ​នេះ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ឲ្យ​មាន​សមត្ថភាព​ និង​មាន​កេរ្តិ៍ឈ្មោះ​ដូច​ប្រទេស​នានា​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។​

ចំណែក​លោក​ ម៉ារ៉ា​ សុជាតិ​ អគ្គលេខាធិការ​សហព័ន្ធ​ខាង​លើ​ បាន​ឲ្យ​ដឹង​ដែរ​ថា​ លោក​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​អ្នក​ស្រី​ ស្រួង​ ភាវី​ នូវ​ទឹកចិត្ត​ដ៏​ថ្លៃថ្លា​នេះ​ដើម្បី​ជួយ​សហព័ន្ធ​ឲ្យ​មាន​ដំណើរ​ការ​សកម្មភាព​ផ្សេង​បន្ត​ទៀត។​ ថវិកា​ដែល​ផ្ដល់​ជូន​នេះ​គឺ​អ្នក​ស្រី​សន្សំ​ពី​ការ​ប្រកួត​លក្ខណៈ​អន្តរជាតិ​ផ្សេងៗ​ដែល​ខ្លួន​បាន​ឈ្នះ​ និង​ទទួល​បាន​កន្លង​មក។​

លោក ម៉ារ៉ា សុជាតិ

អគ្គលេខាធិការ​ខាង​លើ​នេះ​បន្ថែម​ថា​ លោក​ស្រី​ មិន​ត្រឹម​តែ​ជួយ​ជា​ថវិកា​ដល់​សហព័ន្ធ​នេះ​ទេ​ គឺ​មាន​សកម្មភាព​សប្បុរសធម៌​ជា​ច្រើន​ទៀត​នា​ពេល​កន្លង​មក​ ដូច​ជា​ជួយ​ដល់​ក្មេង​កំព្រា​ ជួយ​ដល់​រៀបចំ​សាលារៀន​នៅ​ឯ​ស្រុក​កំណើត​ និង​កន្លែង​ផ្សេងៗ​ទៀត។​ សម្រាប់​ថវិកា​នេះ​ សហព័ន្ធ​នឹង​យក​ទៅ​រៀបចំ​ការ​ប្រកួត​ជើងឯក​ទូទាំង​ប្រទេស​ និង​ប្រើប្រាស់​លើ​ការ​ចំណាយ​ផ្សេង​ៗ​មួយ​ចំនួន​ទៀត។​

ទិដ្ឋភាពម្សិលមិញ

រំលឹក​ដែរ​ អ្នក​ស្រី​ ស្រួង​ ភាវី​ ជា​កីឡា​ការិនី​ប៊ីយ៉ា​ការ៉ុម​ឆ្នើម​កម្រិត​អន្តរជាតិ​ម្នាក់​ ដែល​បច្ចុប្បន្ន​នេះ​កំពុង​រស់នៅ​ឯ​ប្រទេស​កូរ៉េខាងត្បូង​ ប៉ុន្តែ​ជើង​ខ្លាំង​រូប​នេះ​ប្រកួត​តំណាង​ឲ្យ​កម្ពុជា​នោះ​ទេ។​ ពិធី​ប្រគល់​ថវិកា​នេះ​ដែរ​ គឺ​ធ្វើ​ឡើង​នា​ល្ងាច​ម្សិលមិញ​នៅ​ឯ​ធនាគារ​ PPC​ Bank​ ក្បែរ​ស្ពាន​អាកាស​ក្បាលថ្នល់៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់