- 2019-05-07 03:10:16
- កីឡាផ្សេងៗ
នេះជាព្រឹត្តិការណ៍ប្រណាំងឡាន-ម៉ូតូអន្តរជាតិដើម្បីបរិស្ថាននៅកម្ពុជា
- 2019-05-07 03:10:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះជាព្រឹត្តិការណ៍ប្រណាំងឡាន-ម៉ូតូអន្តរជាតិដើម្បីបរិស្ថាននៅកម្ពុជា
ចន្លោះមិនឃើញ
សហព័ន្ធកីឡាយានយន្តកម្ពុជា និងក្រសួងបរិស្ថានបានរៀបចំការប្រកួតប្រណាំងយានយន្តដែលមានគោលដៅចម្បងក្នុងការថែរក្សាបរិស្ថាន និងធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជា។
ក្នុងសន្និសីទសារព័ត៌មាននៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាកាលពីរសៀលថ្ងៃចន្ទ ទី៦ ខែឧសភា ឆ្នាំ២០១៩ លោក ហួរ សិទ្ធិគុណ អនុប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជាបានឲ្យដឹងថា ការប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គក្នុងដែនជម្រកសត្វព្រៃ «ព្រៃឡង់» នេះ ធ្វើឡើងក្រោមប្រធានបទ «រួមគ្នាថែរក្សាបរិស្ថាន និងធនធានធម្មជាតិ»។ យានយន្តដែលចូលរួមក្នុងព្រឹត្តិការណ៍ប្រណាំងយានយន្តអន្តរជាតិនេះមានក្រុមម៉ូតូប្រណាំងចំនួន២០គ្រឿង និងក្រុមរថយន្ត២១គ្រឿងក្នុងនោះមានរថយន្តរបស់ក្រុមកីឡាករជាតិ១៥គ្រឿង និងអន្តរជាតិ៤គ្រឿង ព្រមទាំងរថយន្តជំនួយគ្រឿងបន្លាស់២គ្រឿង។
ជាមួយគ្នា លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា ព្រឹត្តិការណ៍នេះមិនត្រឹមតែឆ្លងកាត់ដែនជម្រកសត្វព្រៃ «ព្រៃឡង់» ប៉ុណ្ណោះទេ ប៉ុន្តែ ក្រុមកីឡាករក៏នឹងឆ្លងកាត់ដែនជម្រកសត្វព្រៃមួយចំនួនទៀតដែរដូចជា ដែនជម្រកសត្វព្រៃ «បឹងពែ» ដែនជម្រកសត្វព្រៃ «ព្រៃព្រះរកា» នៅខេត្តព្រះវិហារ ហើយពេលធ្វើដំណើរទៅដល់ខេត្តសៀមរាប ក្រុមកីឡាករនឹងត្រូវឆ្លងកាត់តំបន់ឧទ្យានជាតិភ្នំគូលែន និងតំបន់ការពារធម្មជាតិជាច្រើនទៀត។ ព្រឹត្តិការណ៍នេះក៏ជាផ្នែកមួយសម្រាប់ទាញការចាប់អារម្មណ៍របស់សាធារណជន ឱ្យចូលរួមថែរក្សាការពារបរិស្ថាន និងធនធានធម្មជាតិ ពិសេសការទប់ស្កាត់ការកាប់បំផ្លាញធនធានធម្មជាតិផងដែរ។
តាមការគ្រោងទុក ក្រុមយានយន្តជាតិ អន្តរជាតិ និងក្រុមម៉ូតូត្រូវចេញដំណើរនៅថ្ងៃទី១៧ ខែឧសភា និងបញ្ចប់នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ ឆ្លងកាត់ខេត្ត៤រួមមានគឺចេញពីភ្នំពេញទៅកំពង់ធំ បន្តទៅខេត្តព្រះវិហារ និងបញ្ចប់នៅខេត្តសៀមរាប ជាពិសេសគឺនឹងឆ្លងកាត់តំបន់ការពារដែនជម្រកសត្វព្រៃ«ព្រៃឡង់។ ចម្ងាយសរុបនៃការប្រណាំងនេះជាង៦២៤គីឡូម៉ែត្រ៕