- 2018-12-12 03:11:20
- កីឡាផ្សេងៗ
៥ចំណុច ធ្វើឲ្យកក្រើកបុណ្យសមុទ្រនៅកោះកុងឆ្នាំនេះ
- 2018-12-12 03:11:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥ចំណុច ធ្វើឲ្យកក្រើកបុណ្យសមុទ្រនៅកោះកុងឆ្នាំនេះ
ចន្លោះមិនឃើញ
បុណ្យសមុទ្រលើកទី៧ នៅខេត្តកោះកុងឆ្នាំនេះនឹងធ្វើឲ្យកក្រើកមហាជនចូលរួម ទី១ នោះគឺការប្រកួតមិត្តភាពរបស់កីឡាម៉ូតូទឹក(Jetski) ទី២ ប្រណាំងកង់បែបកម្សាន្តលើស្ពានកោះកុង ទី៣ បើកជ្រកព្រំដែនចេញចូលដោយសេរី ទី៤ ប្រជាជនកម្ពុជាអាចចូលទៅស្នាក់នៅផ្ទះសំណាក់ឬសណ្ឋាគារនៅខាងប្រទេសថៃបាន ទី៥ មហាជនជួលកន្លែងស្នាក់នៅ (Home Stay) ជាមួយផ្ទះប្រជាពលរដ្ឋរស់នៅទីនោះបាន។
ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា លោកជឿជាក់ថាបុណ្យសមុទ្រឆ្នាំនេះរឹតតែសប្បាយ និងធ្វើឲ្យមហាជនចាប់អារម្មណ៍ជាខ្លាំងដោយសារមានកម្មវិធីច្រើនជាមួយភាគីខាងប្រទេសថៃ។
ឯកឧត្ដមបន្ថែមទៀតថា ការបង្ហាញពីកីឡាមានសក្ដានុពលរបស់កម្ពុជាគឺម៉ូតូទឹក ដែលពីមុនមហាជនមិនដែលបានឃើញពួកគេប្រកួតដោយផ្ទាល់ភ្នែក មិនដែលបានឃើញការប្រណាំងរបស់ពួកគេ និងជាពិសេសគឺប្រកួតមិត្តភាពអន្តរជាតិដែលម្ចាស់មេដាយមាសមកពីប្រទេសថៃ ឥណ្ឌូណេស៊ី ដែលត្រូវប៉ះកីឡាករឆ្នើមម្ចាស់មេដាយមាសរបស់កម្ពុជាផងដែរ។
ក្រៅពីនេះមហាជនអាចឆ្លងចូលទៅលេងប្រទេសថៃដោយសេរី និងអាចស្នាក់នៅទីនោះផងដែរ។ ចំណែកការប្រណាំងកង់បែបកម្សាន្តនោះទៀតសោតគឺតម្រូវឲ្យជិះលើស្ពានឆ្លងសមុទ្រកម្ពុជាថៃ និងមានអភិបាលខេត្តត្រាត របស់ថៃចូលរួមជិះលេងជាមួយផងដែរ។ នៅមានកីឡាច្រើនប្រភេទទៀតដែលត្រូវប្រកួតអបអរពិធីដ៏ធំមួយនេះ ហើយក៏មានការស្តង់លក់សម្ភារប្រើប្រាស់ អាហារហូបចុក និងជាច្រើនមានទាំងកម្ពុជានិងថៃ។ នាត្រីក៏មានការសម្ដែងជាបង្ហាញពីអត្តសញ្ញាណរបស់ខេត្ត និងមានការប្រគំតន្ត្រីផងដែរ។ នាពិធីនេះផងដែរ ប្រសិនអ្នកដែលទៅកម្សាន្តនៅឯខេត្តកោះកុងទាំងអស់មិនមានកន្លែងស្នាក់នៅគឺអាចចូលទៅជួលផ្ទះប្រជាពលរដ្ឋនៅក្បែរៗនោះបាន ព្រោះពួកគេបានត្រៀមទទួលភ្ញៀវផងដែរ ដោយផ្ទះខ្លះដាក់ផ្លាក «ផ្ទះខ្ញុំមានបន្ទប់ជួល»។
រំលឹកដែរថា កម្មវិធីបុណ្យសមុទ្រលើកទី៧ ដែលធ្វើនៅឯខេត្តកោះកុងឆ្នាំនេះ នឹងចាប់ផ្ដើមឡើងពីថ្ងៃទី១៤ ដល់ ១៦ ខែធ្នូ ២០១៨ ប៉ុន្មានថ្ងៃទៀតហើយ៕