• 2018-11-26 02:25:17
  • កីឡា​ផ្សេង​ៗ

ក្រៅ​ពី​រត់​ម៉ារ៉ាតុង​ ម៉ា វីរ៉ូ​ មាន​ការងារ​២​ទៀត​ដែល​អ្នកប្រហែលមិនចាប់អារម្មណ៍

  • 2018-11-26 02:25:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ា​ វីរ៉ូ ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​កីឡាករ​រត់​ប្រណាំង​ម៉ារ៉ាតុង​ដ៏​ល្អ​ម្នាក់​សម្រាប់​វិញ្ញាសា​ចម្ងាយ​២១​គីឡូម៉ែត្រ​ និង​ចម្ងាយ​​៤២​គីឡូម៉ែត្រ​ដែល​ភាគ​ច្រើន​​ទទួល​បាន​លទ្ធផល​ល្អ​ក្នុង​ការ​ប្រកួត​ម៉ារ៉ាតុង​​អន្តរជាតិ​អង្គរ​ ម៉ារ៉ាតុង​​អន្តរជាតិ​ចក្រភព​ខ្មែរ​ ពាក់​កណ្តាល​ម៉ារ៉ាតុង​អន្តរជាតិ​ភ្នំពេញ​ និង​ពាក់​កណ្តាល​ម៉ារ៉ាតុង​ខេត្ត​ព្រះសីហនុ។ យ៉ាង​ណា លោក​អ្នក​ប្រហែល​ជា​មិន​ដឹង​ពី​ជីវិត​ពិត​របស់​អ្នក​រត់​ម៉ារ៉ាតុង​​រូប​នេះ​ទេ។

ម៉ា វីរ៉ូ ទទួល​មេដាយ​ពី​ឯកឧត្តម ថោង ខុន

ថ្ងៃ​​នេះ​ Sabay សូម​បង្ហាញ​​រឿង​រ៉ាវ​៣​យ៉ាង​ដែល​​មហាជន​មួយ​ចំនួន​ប្រហែល​ជា​មិន​ដឹង​អំពី​រូប​គេ​ឡើយ។ ទី​១​លោក​​ធ្វើ​ជា​គ្រូ​បង្រៀន​គណិតវិទ្យា​ ទី​២​ ​​ធ្វើ​ជា​​អាជ្ញា​កណ្តាល​បាល់ទាត់​មិន​អាជីព​ និង​​ទី​៣​គឺ​ជួល​ផ្ទះ​គេ​នៅ​ដោយ​មិន​ទាន់​មាន​ផ្ទះ​ខ្លួន​ឯង​ឡើយ។

ម៉ា វីរ៉ូ បាន​ប្រាប់​ថា​ លោក​​ជា​គ្រូ​បង្រៀន​គណិតវិទ្យា​នៅ​អនុវិទ្យាល័យ​ព្រែកព្នៅ​ច្រើន​​ឆ្នាំ​មក​ហើយ។ ការងារ​គ្រូ​បង្រៀន​ជា​​មុខ​របរ​សំខាន់​សម្រាប់​លោក​រក​ចំណូល​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ។ ក្រៅ​ពី​នេះ​ លោក​ឆ្លៀត​ពេល​វេលា​ទំនេរ​ទៅ​ធ្វើ​ជា​អាជ្ញា​កណ្តាល​បាល់ទាត់​មិន​អាជីព​ដើម្បី​រក​ចំណូល​បន្ថែម។ ចំពោះ​អាជីព​រត់​ប្រណាំង​វិញ​ក៏​មិន​មែន​ជា​របរ​រក​ចំណូល​សំខាន់​ឡើយ​ដោយ​សារ​កីឡា​​ម៉ារ៉ាតុង​គឺ​​រៀប​ចំ​ការ​ប្រកួត​ពីរ​ឬ​៣​ដង​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ​ហើយ​ រក​​ប្រាក់​រង្វាន់​ក៏​មិន​មែន​ថែម​ទៀត។

ថ្វី​បើ​លោក​ក្លាយ​ជា​គ្រូ​បង្រៀន​កម្រិត​អនុវិទ្យាល័យ​ និង​ជា​អ្នក​កីឡា​ក៏​ដោយ​ ប៉ុន្តែ​​លោក​​នៅ​មិន​ទាន់​មាន​​ផ្ទះ​រស់​នៅ​ផ្ទាល់​ខ្លួន​ឡើយ។ សព្វ​ថ្ងៃ​លោក និង​ប្រពន្ធ​កូន​​កំពុង​រស់​នៅ​​ផ្ទះ​ជួល​មួយ​​​​​ឯ​​ទួលសង្កែ​ដែល​មួយ​ខែ​តម្លៃ​ជាង​១០០​ដុល្លារ។

ម៉ា វីរ៉ូ ពេល​ចូល​រួម​ប្រកួត​កន្លង​មក​

កាល​ពី​ខែ​សីហា​ ឆ្នាំ​២០១៨​កន្លង​ទៅ​ ម៉ា វីរ៉ូ​ ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​​ក្នុង​​វិញ្ញាសា​ចម្ងាយ​ផ្លូវ​៤២​គីឡូម៉ែត្រ​​ពី​​ព្រឹត្តិការណ៍​ម៉ារ៉ាតុង​អន្តរជាតិ​​ចក្រ​ភព​ខ្មែរ​នៅ​ប្រាសាទ​អង្គរ​វត្ត​។ លោក​ធ្លាប់​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​​៣​ចម្ងាយ​ផ្លូវ​​២១​គីឡូម៉ែត្រ​នៅ​ប្រទេស​វៀតណាម​​កាល​ពី​ឆ្នាំ​​២០១៥​ និង​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២​ចម្ងាយ​២១​គីឡូម៉ែត្រ​នៅ​ប្រទេស​វៀតណាម​ឆ្នាំ​២០១៦ ព្រម​ទាំង​ទទួល​បាន​លទ្ធផល​ល្អ​​ជា​ច្រើន​ទៀត​ក្នុង​ព្រឹត្តិការណ៍​ម៉ារ៉ាតុង​ក្នុង​ស្រុក។

ព្រឹត្តិការណ៍​រត់​ប្រណាំង​ពាក់​កណ្តាល​ម៉ារ៉ាតុង​​អន្តរជាតិ​អង្គរ​​ឆ្នាំ​២០១៨​នឹង​​រៀប​ចំ​នៅ​ថ្ងៃ​ទី​២​ ខែ​ធ្នូ ខាង​មុខ​នេះ​ដែល​មាន​៣​វិញ្ញាសា​សម្រាប់​លោក​អ្នក​ចូល​រួម​រត់​ប្រណាំង​គឺ​ចម្ងាយ​​៣​គីឡួម៉ែត្រ​ ១០​គីឡូម៉ែត្រ​ និង​២១​គីឡូម៉ែត្រ៕

ម៉ា វីរ៉ូ ទទួល​បាន​លេខ​២

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់