- 2018-11-02 09:31:21
- កីឡាផ្សេងៗ
យុវជននិយាយអ្វីខ្លះរឿងរត់ម៉ារ៉ាតុងដើម្បីអភិរក្សផ្សោតនៅក្រចេះ?
- 2018-11-02 09:31:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យុវជននិយាយអ្វីខ្លះរឿងរត់ម៉ារ៉ាតុងដើម្បីអភិរក្សផ្សោតនៅក្រចេះ?
ចន្លោះមិនឃើញ
កម្មវិធីរត់ពាក់កណ្តាលម៉ារ៉ាតុងក្នុង ទិវាសត្វផ្សោតទន្លេមេគង្គ បានធ្វើឡើងកាលពីថ្ងៃទី២៦ តុលា កន្លងមកនេះដោយរកឃើញយុវជនសង្ហា Will Housworth ជនជាតិអាមេរិក ជាអ្នកដល់ទីមុនគេ ខណៈយុវជនឆ្នើមសាលាតម្រងទិសក្រចេះ៣នាក់ស្ថិតក្នុងចំណោម១០នាក់ដល់ទីមុនគេនៃអ្នកចូលរួមជាតិនិងអន្តរជាតិជិត៤០០នាក់។
យុវជន កើត ពេជ្រ ប្រធានក្រុមសាលាតម្រង់ទិស U-15 ក្រចេះស្ថិតនៅលំដាប់លេខ៤ បានបង្ហាញភាពសប្បាយផងហត់ផង ធ្វើឲ្យមានសុខភាព ហើយបានជួបមនុស្សច្រើន និងមិត្តភក្ត័កាន់តែច្រើន ព្រមទាំងបានជួយសង្គមថែមទៀត ឲ្យប្រជាពលរដ្ឋយល់ដឹងច្រើនពីការថែរក្សាសត្វផ្សោត ព្រោះសត្វផ្សោតជិតដាច់ពូជ។
យុវជន រ៉ា នុត អាយុ១៣ឆ្នាំ យុវជនក្រុមបាល់ទាត់ Kratie FC និងសាលាតម្រង់ទិសខេត្តក្រចេះ បង្ហាញក្តីរីករាយជាខ្លាំងថា ៖«ខ្ញុំមានអារម្មណ៍រំភើបខ្លាំងណាស់ ហើយក៏មិនស្មានដល់ដែលបាន ចូលរួមកម្មវិធីបែបនេះ»។
យុវជន ងួន សុធារិទ្ធ គ្រូភាសាអង់គ្លេសនៅសាលាឯកជនមួយក្នុងខេត្តបាននិយាយថា៖«ក្នុងនាមខ្ញុំជាយុវជនម្នាក់ក្នុងខេត្តក្រចេះ ខ្ញុំពិតជារីករាយ និងមានមោទនភាពដែលមានឱកាសចូលរួមកីឡារត់ប្រណាំងពាក់កណ្តាល Marathon នេះ។ ព្រឹត្តិការណ៍នេះគឺពិតជាល្អ ពីព្រោះវាបានបំផុសគំនិតនិងផ្សព្វផ្សាយពីការអភិរក្សធនធនធម្មជាតិ។ ជាពិសេសគឺត្រីផ្សោតដែលជាសត្វកម្រដោយប្រឈមនឹងបាត់បង់ពូជដែលប្រជាជនក្នុងស្រុក និងជនបរទេសត្រូវរួមដៃគ្នាការពារ និងផ្សព្វផ្សាយឲ្យបានទូលំទូលាយ»។
លោក Will Housworth ជនជាតិ អាមេរិកសប្បាយចិត្តខ្លាំងដែលបានចូលរួមក្នុងកម្មវិធីនេះ។ «ការរត់ដល់ទីមុនគេគឺជាជោគជ័យរបស់ខ្ញុំ តែអ្វីដែលសំខាន់គឺការជួបជុំយុវជនធ្វើការរួមគ្នាអភិរក្សផ្សោតឲ្យបានល្អ និងមានប្រសិទ្ធភាពខ្ពស់ទាំងអស់គ្នា»។
ក្នុងកម្មវិធីនេះដែរ ឯកឧត្តម ស្រេង សុភាព បានដឹកនាំអ្នកចូលរួមទាំងអស់ដើរជុំវិញពីទីតាំងចាប់ផ្តើមកម្មវិធី កាត់ផ្សារនិងមាត់ទន្លេ ដោយមានការផ្សព្វផ្សាយពីសារសំខាន់ៗក្នុងការអភិរក្សសត្វផ្សោតទន្លេមេគង្គដល់មហាជនដើម្បីចូលរួមអភិរក្សទាំងអស់គ្នា។
នៅពេលព្រលប់អ្នកចូលរួមទាំងអស់បានស្មឹងស្មាធសង្រួមអារម្មណ៍ផ្សាភ្ជាប់ខ្លួនទៅនឹងសត្វផ្សោត រយៈពេល៣នាទី ហើយនៅយប់មានការចូលរួមសំដែងពីតារាចម្រៀង អ៊ាម វណ្ណី សៅ ឧត្តម និងពិធីករ BIG ផងដែរ៕