• 2018-11-01 07:58:55
  • កីឡា​ផ្សេង​ៗ

ម៉ូតូ​១៦​គ្រឿង​ និង​រថយន្ត​៩​គ្រឿង​ប្រណាំង​ឆ្លងកាត់តំបន់និរតី៣ខេត្ត​

  • 2018-11-01 07:58:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​ប្រភេទ​ RALLY ​៩​គ្រឿង​ និង​ម៉ូតូ​​១៦​គ្រឿង​ត្រូវ​ប្រកួត​គ្នា​ឆ្លង​កាត់​​ខេត្ត​មាត់​សមុទ្រ​៣​​ក្នុង​ព្រឹត្តិការណ៍​ Khmer Rally Raid ​ដែល​​ត្រូវ​ឆ្លង​កាត់​ឧបសគ្គ​ក្នុង​គោល​បំណង​ចូល​រួម​ចំណែក​អភិរក្ស​ និង​ការពារ​ធន​ធាន​ធម្មជាតិ​ និង​បរិស្ថាន​ក្នុង​ប្រទេស​កម្ពុជា​ពី​ថ្ងៃ​ទី​២​ដល់​ថ្ងៃ​ទី​៤​ ខែ​វិច្ឆិកា ឆ្នាំ​២០១៨។

ទិដ្ឋភាព​ធ្វើ​សន្និសីទ (រូបថត៖ ចាន់ វិចិត្រ)

ក្នុង​សន្និសីទ​សារព័ត៌មាន​ដែល​បាន​រៀប​ចំ​នៅ​ក្រសួង​បរិស្ថាន​កាល​ពី​ថ្ងៃ​ទី​៣១​ ខែ​វិច្ឆិកា លោក​លោក​ ហួ សិទ្ធិគុណ​ អនុប្រធាន​សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា​ និង​ស្ថាបនិក​ក្លឹប​ KARA​ កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត​ឆ្លង​កាត់​ឧបសគ្គ​ Khmer​ Rally​ Raid​ ជា​លើក​ទី​២​ឆ្នាំ​នេះ​​​ត្រូវ​ប្រកួត​ឆ្លង​កាត់​ខេត្ត​កំពង់ស្ពឺ​ កំពត​ និង​ព្រះសីហនុ។ ទិស​ដៅ​ប្រណាំង​​នៅ​ខេត្ត​ទាំង​៣​នេះ​​ដើម្បី​បង្ហាញ​សក្ដានុពល​តំបន់​អភិរក្ស​ធន​ធាន​ធម្មជាតិ​ និង​ជីវចម្រុះ​ អេកូ-ទេសចរណ៍​របស់​កម្ពុជា។

លោក​បន្ត​ថា​ ព្រឹត្តិការណ៍​នេះ​​ចាប់​ផ្តើម​ប្រកួត​នៅ​ថ្ងៃ​ទី​២​ ដោយ​ចេញ​ដំណើរ​ពី​ភ្នំពេញ​ ឆ្ពោះ​ទៅ​ខេត្ត​កំពង់ស្ពឺ​ ​ព្រះសីហនុ​ ​កំពត និង​ត្រឡប់​បញ្ចប់​នៅ​ថ្ងៃ​ទី​៤​ ខែ​វិច្ឆិកា​ នៅ​ភ្នំពេញ​ដោយ​មាន​ម៉ូតូ​ ១៦​គ្រឿង​ និង​រថយន្ត​ប្រភេទ​ RALLY​ ៩​ គ្រឿង​ចូល​រួម។ កីឡាករ​​ទាំង​អស់​មាន​៨០​នាក់​ដែល​​មាន​មក​ពី​ប្រទេស​ថៃ អូស្ត្រាលី​ វេល​ ស្កុតឡែន​ និង​ម្ចាស់​ផ្ទះ​កម្ពុជា។

ការ​ប្រកួត​នេះ​អនុវត្ត​តាម​រូប​មន្ត​ ASIA CROSS COUNTRY RALLY ដែរ ដោយ​តម្រូវ​ឲ្យ​អត្តពលិក​ទាំង​ម៉ូតូ​ និង​រថយន្ត​​​​មើល​ផែន​ទី​បង្ហាញ​ផ្លូវ​ឆ្ពោះ​​ដើម្បី​ប្រណាំង​ទៅ​គោល​ដៅ​​ពី​ចេញ​ដំណើរ​ និង​គោល​ដៅ​បញ្ចប់​ ក្នុង​ថ្ងៃ​នីមួយ​ៗ។ អ្នក​ប្រណាំង​អស់​ត្រូវ​​ឆ្លង​កាត់​ផ្លូវ​ចម្ងាយ​៦០០​គីឡូម៉ែត្រ​​កាត់​ឧបសគ្គ​​ជើង​ភ្នំ កាត់​តាម​ចំការ​ និង​ព្រៃ​ជា​ដើម។

លោក នេត្រ ភក្ត្រា (រូបថត៖ ចាន់ វិចិត្រ)

លោក​ នេត្រ ភក្រ្តា​ រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​​បាន​រៀប​រាប់​ថា​ ការ​ប្រណាំង​រថយន្ត​ Khmer Rally Raid ២០១៨​នេះ​មាន​គោល​បំណង​ធំ​សំខាន់​៤​គឺ​ទី​១​ចូល​រួម​អភិរក្ស​​ជីវចម្រុះ​ និង​សត្វ​ព្រៃ​ ទី​២​ ចូល​រួម​អនុវត្ត​ច្បាប់​ការពារ​ធនធាន​ធម្មជាតិ​ និង​បរិស្ថាន​ ទី​៣​​បង្ហាញ​ពី​ធម្មភាព​ដ៏​ស្រស់​ត្រកាល​របស់​កម្ពុជា​ និង​ទី​៤​​បង្ហាញ​ជីវភាព​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ​ក្នុង​សហគមន៍​ទាំង​​នោះ​។

កន្លង​មក​សហព័ន្ធ​​កីឡា​យានយន្ត​កម្ពុជា និង​ក្លឹប​ KARA ​ធ្លាប់​បាន​រៀប​ចំ​ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត​បែប​នេះ​នៅ​តំបន់​ឥសាន្ត​​ដែល​មាន​ខេត្ត​ស្ទឹងត្រែង រតនគីរី និង​មណ្ឌលគីរី​ជា​ដើម ប៉ុន្តែ​លើក​នេះ​ប្តូរ​មក​​ទិស​និរតី​ប្រទេស​​ដែល​ជា​ «តារា​រះ​នា​ទិស​និរតី»៕

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី