• 2018-10-29 08:52:59
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​សូហ្វតេនីស​កម្ពុជា៖​ ការ​បញ្ជូន​កីឡាករ​ទៅ​ហាត់​នៅ​ក្រៅ​ប្រទេស​ជា​ការ​ចាំបាច់​បំផុត​

  • 2018-10-29 08:52:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​សូហ្វតេនីស​កម្ពុជា​ ថា​ការ​បញ្ជូន​កីឡាករ​ កីឡា​ការិនី​ចេញ​ទៅ​ហ្វឹកហាត់​នៅ​ក្រៅ​ប្រទេស​ជា​រឿង​សំខាន់​ និង​ធ្វើ​ឲ្យ​គុណ​ផល​កាន់​រីកចម្រើន​ខ្លាំង។​

កីឡាករ កីឡា​ការិនី​ត្រៀម​ចូលរួម​ប្រកួតនៅកូរ៉េ

ឯកឧត្ដម​ ជា​ ប៊ុនហេង​ អនុប្រធាន​សហព័ន្ធ​សូហ្វតេនីស​ បាន​ឲ្យ​ដឹង​ថា​ មិន​ថា​កីឡា​មួយ​ណា​នោះ​ទេ​ ការ​ចេញ​ទៅ​ហ្វឹកហាត់​ក្រៅ​ប្រទេស​ ឬ​ការ​ចេញ​ទៅ​ហាត់​ជា​មួយ​ប្រទេស​ដែល​គេ​ខ្លាំង​ វា​ជា​រឿង​ល្អ​មួយ​សម្រាប់​កីឡាករ​បង្កើន​សមត្ថភាព​បាន​លឿន។​ មើល​ឃើញ​ជាក់ស្ដែង​ហើយ​ កីឡាករ​ដែល​ហ្វឹកហាត់​នៅ​ក្នុង​ស្រុក​មិន​សូវ​ជា​រីកចម្រើន​ប៉ុន្មាន​ទេ​ ព្រោះ​ទាំង​សម្ភារ​ បច្ចេកទេស​ហ្វឹកហាត់​ ច្បាប់​វិន័យ​ធូររលុង​ និង​មនោសញ្ចេតនា​ផង​នោះ​ ធ្វើ​ឲ្យ​គុណ​ផង​មិន​សូវ​ជា​ល្អ​នោះ​ឡើយ។​

ទិដ្ឋភាពជួបជុំ​គ្នាមុន​ចេញទៅកូរ៉េ

កាល​ណា​បាន​ចេញ​ទៅ​ហ្វឹកហាត់​ ឬ​ចេញ​ទៅ​ចូលរួម​ប្រកួត​បាន​ច្រើន​ ធ្វើ​ឲ្យ​កីឡាករ​មាន​សមត្ថភាព​រីកចម្រើន​ ជា​ពិសេស​ពេល​បាន​ប៉ះ​អ្នក​ខ្លាំង​ បើ​ទោះ​ជា​ចាញ់​យ៉ាង​ណា​ក្ដី​ ប៉ុន្តែ​ធ្វើ​ឲ្យ​ពួកគេ​ខំប្រឹង​ ការ​ខំប្រឹង​នេះ​ឯង​ធ្វើ​ឲ្យ​ខ្លួន​ខ្លាំង​ ហើយ​បើ​ប្រៀបធៀប​លេង​ជា​មួយ​អ្នក​នៅ​ក្នុង​ស្រុក​រឹតតែ​ខុសគ្នា។​ ការ​ឈ្នះ​នៅ​ក្នុង​ស្រុក​ ឬ​ឈ្នះ​គ្នា​ឯង​មិន​ទាន់​ប្រាកដ​ថា​ខ្លួន​ឯង​ខ្លាំង​នោះ​ឡើយ។​ កត្តា​ទាំង​នេះ​ហើយ​ ដែល​សហព័ន្ធ​របស់​លោក​ សម្រេច​បញ្ជូន​យុវជន​ចំនួន​៥នាក់​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​កូរ៉េ​រយៈពេល​កន្លះ​ខែ​ ជា​ថ្មី​ទៀត​ ដើម្បី​ត្រៀម​ចូលរួម​ក្នុង​កម្មវិធី​ជើងឯក​យុវជន​ឆ្នាំ​២០១៨​ នា​ចុង​ខែ​វិច្ឆិកា​ខាង​មុខ​នេះ។​ .

បញ្ជាក់​ផង​ដែរ​ថា​ សហព័ន្ធ​សូហ្វតេនីស​កម្ពុជា​ បាន​បញ្ជូន​យុវជន​ចំនួន​ ៥នាក់​ ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង ​កាល​ពី​ម្សិលមិញ​នេះ​ រយៈ​ពេល​កន្លះ​ខែ។​ នា​ខែ​វិច្ឆិកា​ ២០១៨​នេះ​ យុវជន​សូហ្វតេនីស​កម្ពុជា​ នឹង​ចូលរួម​ប្រកួតប្រជែង​ពីរ​កម្មវិធី​ផ្សេង​គ្នា​ទី១​ កូរ៉េ​ខាប់​(Korea Cup)​ និង​ទី២​ ជើង​ឯក​យុវជន​ពិភពលោក​ ២០១៨​ (World Junior Soft Tennis Campionships 2018 Suncheon Korea) នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់