- 2018-10-12 04:11:13
- កីឡាផ្សេងៗ
បានលេខ២ តែថ្នាក់ដឹកនាំសូហ្វតេន្នីសសប្បាយចិត្តកើនមេដាយមាសពានអាស៊ីអាគ្នេយ៍
- 2018-10-12 04:11:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បានលេខ២ តែថ្នាក់ដឹកនាំសូហ្វតេន្នីសសប្បាយចិត្តកើនមេដាយមាសពានអាស៊ីអាគ្នេយ៍
ចន្លោះមិនឃើញ
ការប្រកួតជ្រើសរើសជើងឯកសូហ្វតេន្នីសអាស៊ីអាគ្នេយ៍ ( Sea Soft Tennis Championship 2018 ) បានបញ្ចប់កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៨ នៅប្រទេសហ្វីលីពីន ជាលទ្ធផលកម្ពុជាឈ្នះមេដាយមាស២គ្រឿងប្រាក់៣ និងសំរឹទ្ធ៥គ្រឿង។
ក្នុងពិធីសន្និសីទកាសែតកាលពីព្រឹកមិញនេះឯកឧត្ដម ជា ប៊ុនហេង អនុប្រធានទី១សូហ្វតេន្នីសកម្ពុជាបានឲ្យដឹងថា លោកពិតជាសប្បាយចិត្តចំពោះលទ្ធផលខាងលើ ពីព្រោះឆ្នាំមុនកម្ពុជាឈ្នះជើងឯកមែន តែជោគជ័យនេះគេគិតលើវិញ្ញាសាបុរសក្រុម ដែលកម្ពុជាបានឈ្នះមេដាយមាស។ ដូច្នេះបើគិតជារួមឆ្នាំមុនកម្ពុជាឈ្នះបានមាស១គ្រឿង ហើយឆ្នាំនេះឈ្នះមេដាយមាសពីរគ្រឿងកើនលើសឆ្នាំមុន។
លោកបន្ថែមថា នេះជាជោគជ័យបានមួយកម្រិតទៀត និងជាសញ្ញាបង្កើនក្ដីសង្ឃឹមក្នុងការប្រជែងយកមេដាយក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំក្រោយនៅហ្វីលីពីន។ ភាពរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃរបស់កីឡានេះ ទទួលបានពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំសម្ដេចក្រឡាហោម ស ខេង ប្រធានសហព័ន្ធសូហ្វតេន្នីសកម្ពុជា។
ព្រឹត្តិការណ៍ Sea Soft Tennis Championship 2018 មាន៦ប្រទេសចូលរួម សរុបជាលទ្ធផលកម្ពុជាទទួលបានលេខ២ ក្នុងចំណោម ៦ ប្រទេស។ សូហ្វេតេន្នីសកម្ពុជាបានទៅចូលរួមព្រឹត្តិការណ៍ខាងលើ២លើករួចមកហើយ ដោយលើកទី១ ដណ្ដើមបានមេដាយប្រាក់លើវិញ្ញាសាប្រកួតជាក្រុម នៅប្រទេសម៉ាឡេស៊ី និងលើកទី២គឺដណ្ដើមបានមេដាយមាសផ្នែកបុរសក្រុម ហើយឆ្នាំនេះជាលើកទី៣ របស់កម្ពុជា៕