• 2018-08-30 02:50:08
  • កីឡា​ផ្សេង​ៗ

គួរឲ្យ​សរសើរ!​​ បួន ចាន់ ថារ៉ាត់ ធ្វើ​រឿង​ឆ្លាត​នេះ​នាំ​ឲ្យ​​ឈ្នះ​មេដាយ​ប្រាក់​ពិភព​លោក​

  • 2018-08-30 02:50:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កីឡាករ​​តេក្វាន់ដូ ITF បួន ចាន់ ថារ៉ាត់ ធ្វើ​រឿង​នឹក​ស្មាន​មិន​ដល់​មួយ​ ​មុន​ពេល​ទៅ​ប្រកួត​ព្រឹត្តិការណ៍​តេក្វាន់ដូ ITF កម្រិត​យុវជន​​ រហូត​អាច​ឈ្នះ​មេដាយ​ប្រាក់​ពិភព​លោក​កាល​ពី​ពេល​ថ្មី​ៗ​នេះ​នៅ​ប្រទេស​បេឡារូស​។

បួន ចាន់ ថារ៉ាត់

​​​ភាព​ឆ្លាតវៃ​ដែល​យុវជន​វ័យ ១៥ ឆ្នាំ​រូប​នេះ​ធ្វើ​គឺ​ សុំ​ឲ្យ​ជីដូន​របស់​ខ្លួន​ធ្វើ​សៀង​ឆា​​ជា​មួយ​សាច់​ជ្រូក និង​សៀង​ឆា​ជា​មួយ​ឆៃពៅ​ យក​ទៅ​ទុក​សម្រាប់​បរិភោគ​ក្នុង​អំឡុង​ប្រកួត​ព្រឹត្តិការណ៍​ខាង​លើ ព្រោះ​ដឹង​ខ្លួន​ថា បញ្ហា​អាហារ​នៅ​បរទេស​ពិបាក​ហូប​។

​យុវជន​រូប​នេះ​បាន​និយាយ​ថា « តាម​ពិត​ទៅ​ខ្ញុំ​ដឹង​មុន​ទៅ​ហើយ​ថា នៅ​ស្រុក​គេ​បញ្ហា​អាហារ​គឺ​សំខាន់​ ព្រោះ​យើង​ជា​កីឡាករ​កាល​ណា​ហូប​មិន​ឆ្អែត គ្មាន​កម្លាំង​ប្រកួត​ឡើយ។ ហេតុ​នេះ​ខ្ញុំ​នឹក​ឃើញ​គំនិត​នេះ​ទើប​សុំ​ឲ្យ​លោក​យាយ​របស់​ខ្ញុំ ធ្វើ​ឆា​សាច់​ជ្រូក​យក​ទៅ​ហូប​នៅ​ទីនោះ។ មួយ​ក្រឡ​ដែល​លោក​យាយ​ធ្វើ​ឲ្យ​នោះ​ខ្ញុំ​ហូប​បាន​ជិត ១០​ថ្ងៃ​ដែរ​បង ដូច្នេះ​វា​ល្មម​ដែល​ខ្ញុំ​អាច​ប្រកួត​ចប់​»។

លោកយាយ​របស់ បួន ចាន់ ថារ៉ាត់

​​មែន​ទែន​ទៅ​រូប​គេ​មិន​ហ៊ាន​រំពឹង​ថា អាច​ធ្វើ​បាន​ល្អ​រហូត​អាច​ឈ្នះ​មេដាយ​ប្រាក់​កម្រិត​ខ្ពស់​ខាង​លើ​នេះ​ទេ ពី​ព្រោះ​​នេះ​ជា​លើក​ទី​មួយ​របស់​ខ្លួន​ក្នុង​ការ​ប្រកួត​លើ​ឆាក​អន្តរជាតិ​ធំ​ៗ​ដូច្នេះ។ ទោះ​មិន​បាន​មេដាយ​មាស ​រូប​គេ​​សប្បាយ​ចិត្ត​ចំពោះ​លទ្ធផល​មួយ​នេះ ហើយ​តាំង​ចិត្ត​ថា នឹង​ស្វែង​រក​មេដាយ​មាស​មក​ជូន​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​ពិភព​លោក​មួយ​នេះ​នៅ​ថ្ងៃ​ណា​មួយ​ឲ្យ​បាន។

សូម​បញ្ជាក់​ថា តេក្វាន់ដូ ITF ទទួល​បាន​មេដាយ​ប្រាក់​១​គ្រឿង​ និង​សំរឹទ្ធ​មួយ​គ្រឿង​​ពី​ព្រឹត្តិការណ៍​ការ​ប្រកួត​តេក្វាន់ដូ ITF ពិភព​លោក​កម្រិត​យុវជន ហើយ​បាន​ត្រឡប់​មក​ដល់​ទឹក​ដី​កំណើត​កាល​ពី​រសៀល​ម្សិល​មិញ​​៕ ​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទថ្មី