- 2018-06-06 09:31:13
- កីឡាផ្សេងៗ
ទោះមានការលំបាកយ៉ាងណាក្ដី តែកីឡាគុនដាវ នៅតែអាចលើកមុខមាត់កម្ពុជាលើឆាកអន្តរជាតិ
- 2018-06-06 09:31:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទោះមានការលំបាកយ៉ាងណាក្ដី តែកីឡាគុនដាវ នៅតែអាចលើកមុខមាត់កម្ពុជាលើឆាកអន្តរជាតិ
ចន្លោះមិនឃើញ
ទោះមិនសូវមានកីឡាករ កីឡាការិនី និងខ្សត់ខ្សោយថវិកាក្ដី តែកីឡាគុនដាវរបស់កម្ពុជានៅតែជម្នះរាល់ឧបសគ្គរហូតដល់ ដណ្ដើមបានមេដាយ ៥គ្រឿងនៅប្រទេសសង្ហបុរីនៃកម្មវិធី Asian Varsity Fencing Championship កាលពីថ្ងៃទី២ ឧសភា ២០១៨។
លោក សុខ អាង អគ្គលេខាធិការសហព័ន្ធគុនដាវ បានឲ្យដឹងថា សព្វថ្ងៃកីឡាមួយនេះមិនទាន់ពេញនិយម ឬមានការគាំទ្រដូចទៅនិងបណ្ដាកីឡាផ្សេងនោះទេនៅកម្ពុជា ហើយបើនិយាយពីបញ្ហាប្រឈមវិញគឺមានពីរនាពេលបច្ចុប្បន្ន។ ទី១ មិនសូវមានកីឡាករ កីឡាការិនី មកចូលរួមហ្វឹកហាត់នោះទេ គិតមកដល់ពេលនេះជម្រើសរើសមានគ្នាប្រហែល ២០នាក់ប៉ុណ្ណោះ។ ដោយសារតែមហាជនមិនទាន់យល់ដឹងច្បាស់ថាកីឡាមួយនេះ មិនប៉ះពាល់ ឬមានគ្រឿងថ្នាក់ដល់រាង្គកាយ ឬអាយុជីវិតនោះទេ ព្រោះជាកីឡាអូឡាំពិក មិនដូចអ្វីដែលពួកគេគិតថាឲ្យតែមានដាវ ឬកាំបិតដឹងតែមានគ្រោះថ្នាក់នោះទេ។ បញ្ហាទី២នោះគឺ កីឡាករ កីឡាការិនីមិនសូវមានឱកាសបានចេញក្រៅប្រកួតដើម្បីសន្សំបទពិសោធ ដោយសារសហព័ន្ធមិនសូវមានថវិកា ជាក់ស្ដែងការចេញទៅប្រកួតនេះសហព័ន្ធចំណាយថវិកាខ្លួនឯងអស់ប្រហែល ៤ពាន់ដុល្លារ ខណៈកីឡាករមួយចំនួនចំណាយលុយផ្ទាល់ខ្លួនសន្សំពីការសិក្សា។
អគ្គលេខាធិការខាងលើបន្ថែមថា ទោះមានបញ្ហាយ៉ាងនេះក្ដី ប៉ុន្តែពួកលោកនៅតែតស៊ូ និងជម្នះឧបសគ្គបន្តទៅមុខទៀត។ រឹតតែអស្ចាចារ្យនោះ គឺនៅតែនាំជ័យជម្នះ និងបង្ហាញមុខមាត់ប្រទេសកម្ពុជាលើឆាកអន្តរជាតិ ជាក់ស្ដែងកម្មវិធីប្រកួតប្រជែងនៅប្រទេសសង្ហបុរីនេះ អាចឈ្នះមេដាយរហូតដល់ទៅ ៥គ្រឿងទៀតផង។ ខណៈសមត្ថភាពកីឡាករក៏មានការកើនឡើងគួឲ្យកត់សម្គាល់ផងដែរ។ លោកក៏សំណូមពរដល់មហាជន ក៏ដូចជាអាណាព្យាបាលដែលមានកូនចង់ហ្វឹកហាត់កីឡាមួយនេះ សូមកុំបារម្ភវាមិនមានគ្រោះថ្នាក់អ្វីនោះទេ ហើយសម្រាប់អ្នកដែលធនធាន ឬក្រុហ៊ុននានាជួយឧបត្ថម្ភដល់សហព័ន្ធផង ដើម្បីរឹតតែមានភាពជោគជ័យនិងដំណើរការឲ្យកាន់តែល្អថែមទៀត។
កីឡាគុនដាវកម្ពុជាឈ្នះមេដាយ ៥គ្រឿង ក្នុងនោះមាន ប្រាក់១ សំរឹទ្ធ៤ នាព្រឹត្តិការណ៍ Asian Varsity Fencing Championship ដែលធ្វើឡើងចាប់ពីថ្ងៃទី២-៤ ឧសភា ឆ្នាំ២០១៨ នៅប្រទេសសិង្ហបុរី ហើយឥលូវអត្តពលិកទាំងអស់មកដល់កម្ពុជា ម៉ោង ៨យប់មិញ៕