- 2019-07-23 08:40:43
- កីឡាផ្សេងៗ
លើសពីស្រឡាញ់ទៅទៀត ស្រួង ភាវី ចំណាយលុយផ្ទាល់ខ្លួន ៥០០០ដុល្លារ ជួយសហព័ន្ធស្នូឃ័រកម្ពុជា
- 2019-07-23 08:40:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លើសពីស្រឡាញ់ទៅទៀត ស្រួង ភាវី ចំណាយលុយផ្ទាល់ខ្លួន ៥០០០ដុល្លារ ជួយសហព័ន្ធស្នូឃ័រកម្ពុជា
ចន្លោះមិនឃើញ
កីឡាការិនីឆ្នើមរបស់កម្ពុជា និងជាជើងខ្លាំងកីឡាប៊ីយ៉ាការ៉ុមកម្រិតអន្តរជាតិ ស្រួង ភាវី ចំណាយថវិកាផ្ទាល់ខ្លួនចំនួន៥០០០ដុល្លារ ដល់សហព័ន្ធកីឡាប៊ីយ៉ា និងស្នូឃ័រ កម្ពុជា ម្សិលមិញនេះដើម្បីទ្រទ្រង់ក៏ដូចជារៀបចំសកម្មភាពប្រកួតនានា។
អ្នកស្រី ស្រួង ភាវី បានឲ្យដឹងកាលពីម្សិលមិញនេះថា ខ្លួនមានចិត្តសប្បាយរីករាយបំផុតដែលបានជួយដល់សហព័ន្ធស្នូឃ័រកម្ពុជាបែបនេះ។ ថវិកានេះនឹងជួយដល់សហព័ន្ធក្នុងការប្រើប្រាស់ផ្សេងៗ រួមទាំងសម្រាប់ចំណាយលើការប្រកួតជើងឯកនៅពេលខាងមុខនេះ។ ក្រៅតែពីការផ្ដល់ជាថវិកានេះហើយ កីឡាការិនីឆ្នើមខាងលើនេះ នឹងខំប្រឹងពង្រឹងសមត្ថភាពជំនាញប៊ីយ៉ាការ៉ុមនេះឲ្យបានល្អបន្ថែមទៀតដើម្បីប្រកួតឲ្យបានល្អតំណាងកម្ពុជា។
ជើងខ្លាំងខាងប៊ីយ៉ាការ៉ុមកម្រិតអន្តរជាតិខាងលើនេះ នឹងព្យាយាមជួយ បង្កើតសាលា ជួយបង្កើតធនធានថ្មី ជួយបណ្ដុះបណ្ដាលកីឡាករ កីឡាការិនីកម្ពុជា នៅពេលខាងមុខនេះតាមដែលអាចធ្វើទៅបាន ឲ្យមានសមត្ថភាព និងមានកេរ្តិ៍ឈ្មោះដូចប្រទេសនានាក្នុងពេលបច្ចុប្បន្ននេះ។
ចំណែកលោក ម៉ារ៉ា សុជាតិ អគ្គលេខាធិការសហព័ន្ធខាងលើ បានឲ្យដឹងដែរថា លោកថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អ្នកស្រី ស្រួង ភាវី នូវទឹកចិត្តដ៏ថ្លៃថ្លានេះដើម្បីជួយសហព័ន្ធឲ្យមានដំណើរការសកម្មភាពផ្សេងបន្តទៀត។ ថវិកាដែលផ្ដល់ជូននេះគឺអ្នកស្រីសន្សំពីការប្រកួតលក្ខណៈអន្តរជាតិផ្សេងៗដែលខ្លួនបានឈ្នះ និងទទួលបានកន្លងមក។
អគ្គលេខាធិការខាងលើនេះបន្ថែមថា លោកស្រី មិនត្រឹមតែជួយជាថវិកាដល់សហព័ន្ធនេះទេ គឺមានសកម្មភាពសប្បុរសធម៌ជាច្រើនទៀតនាពេលកន្លងមក ដូចជាជួយដល់ក្មេងកំព្រា ជួយដល់រៀបចំសាលារៀននៅឯស្រុកកំណើត និងកន្លែងផ្សេងៗទៀត។ សម្រាប់ថវិកានេះ សហព័ន្ធនឹងយកទៅរៀបចំការប្រកួតជើងឯកទូទាំងប្រទេស និងប្រើប្រាស់លើការចំណាយផ្សេងៗមួយចំនួនទៀត។
រំលឹកដែរ អ្នកស្រី ស្រួង ភាវី ជាកីឡាការិនីប៊ីយ៉ាការ៉ុមឆ្នើមកម្រិតអន្តរជាតិម្នាក់ ដែលបច្ចុប្បន្ននេះកំពុងរស់នៅឯប្រទេសកូរ៉េខាងត្បូង ប៉ុន្តែជើងខ្លាំងរូបនេះប្រកួតតំណាងឲ្យកម្ពុជានោះទេ។ ពិធីប្រគល់ថវិកានេះដែរ គឺធ្វើឡើងនាល្ងាចម្សិលមិញនៅឯធនាគារ PPC Bank ក្បែរស្ពានអាកាសក្បាលថ្នល់៕