- 2017-11-15 23:25:00
- បាល់ទាត់
FFC ត្រៀមដាក់ផែនការថ្មីដល់ក្លឹប ដើម្បីឲ្យមានស្តង់ដារ
- 2017-11-15 23:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
FFC ត្រៀមដាក់ផែនការថ្មីដល់ក្លឹប ដើម្បីឲ្យមានស្តង់ដារ
ចន្លោះមិនឃើញ
លោក ម៉ៃ តុលា អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បង្ហើបថា នាឆ្នាំ២០១៨ សហព័ន្ធ នឹងដាក់គោលដៅចម្បងថ្មីមួយជូនទៅតាមបណ្ដាក្លឹបក្នុងលីគកំពូលកម្ពុជាអនុវត្តន៍ ដើម្បីពង្រឹងសមត្ថភាពរបស់ក្លឹបនីមួយៗ ក្នុងទិសដៅចង់ឲ្យក្លឹបកម្ពុជាកាន់តែខ្លាំងអាចប្រជែងយកជើងឯកក្នុងព្រឹត្តិការណ៍អន្តរជាតិធំៗរួមទាំង Toyota Mekong Club ។
អគ្គលេខាធិការរូបនេះបានឲ្យដឹងថា ចាប់ពីឆ្នាំក្រោយទៅសហព័ន្ធ នឹងរៀបចំអនុវត្តន៍ផែនការពង្រឹងសមត្ថភាពក្លឹប គឺក្លឹបនីមួយៗ ត្រូវមានទីលានផ្ទាល់ខ្លួន មានអគ្គលេខាធិការ មានអ្នកប្រចាំការធ្វើការ ២៤ ម៉ោង មានធនធានមនុស្សគ្រប់គ្រាន់ ធានាបានពីបញ្ហាហិរញ្ញវត្ថុជាដើម។ ជារួមក្លឹបនីមួយៗ ក្នុងលីគកំពូលកម្ពុជាត្រូវធ្វើឲ្យត្រូវតាមស្តង់ដារ ដើម្បីធ្វើឲ្យសមត្ថភាពរបស់ពួកគេកាន់តែខ្លាំង និងមានភាពងាយស្រួលពេលចូលរួមប្រកួតព្រឹត្តិការណ៍អន្តរជាតិ។
លោកសង្កត់ធ្ងន់ថា ផែនការនេះកំពុងត្រួតពិនិត្យទៅលើឯកសារនៅឡើយ ចំពោះពេលវេលាចាប់ផ្ដើមមិនទាន់ប្រាកដ អាចចាប់ផ្ដើមនៅដើមឆ្នាំ២០១៨ឬយ៉ាងណាទេ ពោលអាចនឹងចាប់ផ្ដើមនៅពាក់កណ្ដាលឆ្នាំក្រោយ។ នៅពេលក្លឹបទាំងអស់អនុវត្តន៍បានតាមផែនការនេះ សមត្ថភាពកីឡាករនៅតាមក្លឹប នឹងមានភាពខ្លាំងឡើងៗ ពិសេសក្រុមជើងឯករបស់កម្ពុជា អាចមានសមត្ថភាពកាន់តែខ្ពស់ជាងបច្ចុប្បន្ន និងបានបង្ហាញសមត្ថភាពលើឆាកអន្តរជាតិ ដើម្បីជាមោទនភាពជូនជាតិ។
លោក ម៉ៃ តុលា បន្ថែមថា គម្រោងនេះមិនត្រឹមតែផ្ដោតលើការពង្រឹងសមត្ថភាពកីឡាករ ដើម្បីឲ្យពួកគេចូលរួមប្រកួតព្រឹត្តិការណ៍អន្តរជាតិដូចជា Toyota Mekong Club នេះទេគឺសរុបជារួមដើម្បីពង្រឹងវិស័យបាល់ទាត់កម្ពុជាតែម្ដង។ បើគិតមកដល់ពេលនេះក្លឹបក្នុងលីគកំពូលកម្ពុជាមានមួយចំនួនធំហើយ ដែលមានទីលានផ្ទាល់ខ្លួនដូចជា ភ្នំពេញក្រោន ស្វាយរៀង ក្រសួងការពារជាតិ អគ្គិសនី គីរីវង់សុខសែនជ័យ Cambodia Tiger វេស្ទើនភ្នំពេញ និង អាស៊ីអឺរ៉ុប ៕