• 2017-11-11 00:47:00
  • បាល់ទាត់

គួច សុកុម្ភៈ ​ទម្លាយ​ថា ​អាវ​ដែល​​បាន​ពី Kagawa ​មាន​គេ​សុំ​ទិញ​ក្នុង​​តម្លៃ​កប់​

  • 2017-11-11 00:47:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​បម្រើ​ឆ្នើម និង​​ប្រធាន​ក្រុម​ជម្រើស​ជាតិ​កម្ពុជា គួច សុកុម្ភៈ បាន​ទម្លាយ​ថា អាវ​ដែល​រូប​គេ​ទទួល​បាន​​ពី​ខ្សែ​បម្រើ​ឆ្នើម​ជប៉ុន Shinji Kagawa ​​មាន​​អ្នក​គាំទ្រ​កម្ពុជា​ម្នាក់​សុំ​ទិញ​ក្នុង​តម្លៃ​ខ្ពស់​​ជិត ១​ពាន់​ដុល្លារ​អាមេរិក។

គួច សុកុម្ភៈ ( លេខ ១០ )

​​កីឡាករ​ពាក់​លេខ ១០ រូប​នេះ​បាន​ឲ្យ​ដឹង​ថា ​អាវ​ជម្រើស​ជាតិ​ជប៉ុន​​ដែល Kagawa ពាក់​ទាំង​ក្នុង​ដី និង​ក្រៅ​ដី​គឺ​​​​កីឡាករ​ជប៉ុន​រូប​នេះ​ប្រគល់​មក​ឲ្យ​គេ​ទាំង​ពីរ​​។ ការ​ទទួល​បាន​នេះ​ក្រោយ​កម្ពុជា​ប្រកួត​ចាញ់​ជប៉ុន​ទាំង​ពីរ​ជើង​ ដែល​ជើង​ទី​១ ចាញ់ ៣-០ នៅ​ទឹក​ដី​ជប៉ុន និង​ជើង​ទី​២ ចាញ់​ ជប៉ុន ២-០ នៅ​​ដី​កម្ពុជា ក្នុង​ការ​ប្រកួត​ជម្រុះ World Cup ។

កីឡាករ​​របស់​ណាហ្គាវើល​រូប​នេះ​បញ្ជាក់​ថា ក្រោយ​ទទួល​បាន​អាវ​ពី​កីឡាករ​ជប៉ុន​ភ្លាម ​មាន​អ្នក​គាំទ្រ​ម្នាក់​បាន​ទៅ​​សួរនាំ​ចង់​ទិញ​​ក្នុង​តម្លៃ ៥០០​ដុល្លារ ក្រោយ​មក​ដោយ​ឃើញ កុម្ភៈ មិន​លក់​ក៏​​ហ៊ាន​ឲ្យ​ថ្លៃ​ដល់ ១​ពាន់​ដុល្លារ តែ​យ៉ាង​ណា​​​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​រូប​នេះ​មិន​ព្រម​លក់​​ឡើយ។ ចំពោះ​មូលហេតុ​ក្នុង​ការ​មិន​ព្រម​លក់​​អាវ​ ដែល​ Shinji Kagawa​ ឲ្យ​ក្នុង​តម្លៃ​ខ្ពស់​បែប​នេះ​ ពី​ព្រោះ​កីឡាករ​វ័យ​​ជាង​៣០​ឆ្នាំ​ប្លាយ​រូប​នេះ​ទុក​វា​ជា​វត្ថុ​អនុស្សាវរីយ។

សូម​បញ្ជាក់​ថា ​ក្រោយ​បាត់​មុខ​ពី​ជម្រើស​ជាតិ​មួយ​រយៈ ​គួច សុកុម្ភៈ ជា​កីឡាករ​ ដែល​ទើប​បាន​ជាប់​ជម្រើស​ជាតិ​ឡើង​វិញ​ ​ក្រោយ​ពេល​​​លោក ប្រាក់ សុវណ្ណារ៉ា ចូល​កាន់​តំណែង​ជា​គ្រូ​ជម្រើស​ជាតិ​កម្ពុជា​ជំនួស​លោក Leonardo Vitorino ដែល​ត្រូវ​បាន​សហព័ន្ធ​បណ្ដេញ​ចេញ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី