• 2017-09-11 09:32:27
  • បាល់ទាត់

Hun Sen Cup៖ ស្ទឹង​ត្រែង​ និង​ការពារ​ជាតិ​ជើង​ទី​២​រលាយ​សូន្យ​​​ទាំង​សោក​ស្តាយ​

  • 2017-09-11 09:32:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​ប្រកួត​ជើង​ទី​ពីរ​រវាង​ក្រុម​បាល់ទាត់​ខេត្ត​ស្ទឹងត្រែង​ និង​ក្លឹប​បាល់​ទាត់​ក្រសួង​ការពារ​ជាតិ​ ក្នុង​ពាន​រង្វាន់​ហ៊ុន​ សែន​ ដែល​នឹង​ប្រកួត​នៅ​ថ្ងៃ​ទី​ ១៣​ ខែ​កញ្ញា​ ២០១៧​ ខាង​មុខ​នេះ​ ត្រូវ​បាន​លុប​ចោល​​ ហើយ​ដោយ​ខេត្ត​ស្ទឹង​ត្រែង​ត្រូវ​ចាញ់​ដោយស្វ័យប្រវត្តិ។

កីឡដ្ឋាន​ខេត្ត​ស្ទឹង​ត្រែង​បច្ចុប្បន្ន

​កាល​ពី​ជើង​ទី​មួយ​ក្រសួង​ការពារ​ជាតិ​បាន​យក​ ឈ្នះ​ខេត្ត​ស្ទឹង​ត្រែង​នៅ​កីឡដ្ឋាន​ស្តាត​ចាស់​ដោយ​​លទ្ធផល​ ៥-០។ ទោះ​គ្មាន​សង្ឃឹម​យក​ឈ្នះ​​ក្រុម​ខ្លាំង​ក្រសួង​ការពារជាតិ​ក្តី​ ប៉ុន្តែ​កីឡាករ​ ​និង​គ្រូ​បង្វឹក​បាន​ប្រឹង​ប្រែង​ តស៊ូ​លះ​បង់​ពេល​វេលា​​​សម្រាប់​ការ​ប្រកួត​ជើង​ទី​ពីរ​ គឺ​ក្នុង​គោល​បំណង​តែ​មួយ​គត់​ដើម្បី​ផ្តល់​បទ​ពិសោធ​ដល់​កីឡាករ​វ័យ​ក្មេង​ បណ្តុះ​ក្តី​សុបិន​របស់​យុវជន​​ៗ​ក្នុង​ខេត្ត​ នៅ​ពេល​ដែល​បាន​ឃើញ​ក្រុម​លំដាប់​លីគ​កំពូល​មក​លេង​ក្នុង​ទឹក​ដី​របស់​ខ្លួន។

តាម​រយៈ​ Facebook​ របស់​កីឡាករ​ Coca​ Phara​ ដែល​ជា​ខ្សែ​ប្រយុទ្ធ​ជួរ​មុខ​របស់​ខេត្ត​ស្ទឹង​ត្រែង​បាន​សំដែង​ការ​ខក​ចិត្ត​ជា​ខ្លាំង​ដោយ​បាន​លើក​ថា ៖«កីឡាករ​ក្នុង​ក្រុម​នៃ​ខេត្ត​ស្ទឹង​ត្រែង​ទាំង​អស់​ពិត​ជា​មាន​អារម្មណ៍​សោក​ស្តាយ​យ៉ាង​ខ្លាំង​ដែល​ចំណាយ​ពេល​វេលា​ផ្ទាល់​ខ្លួន​ ក៏​ដូច​ជា​ថវិកា​ផ្ទាល់ខ្លួន​​មក​ចូល​រួម​ហ្វឹក​ហាត់​ក្នុង​គោល​បំណង​ទទួល​ក្លឹប​ក្រសួង​ការពារ​ជាតិ​នៅ​ក្នុង​ទឹក​ដី​នៃ​ខេត្ត​ស្ទឹង​ត្រែង​វិញ​ មិន​ថា​ខ្លួន​នៅ​ឆ្ងាយ​​ ឬ​ជិត​ទី​រួម​ខេត្ត​នោះ​ទេ​ដើម្បី​ត្រៀម​ធ្វើ​ការ​ប្រកួត​ជា​មួយ​ក្លឹប។ ប៉ុន្តែ​ពេល​នេះ​ក្រុម​ទាំង​មូល​ត្រូវ​បាន​ដក​សិទ្ធិ​ក្នុង​ការ​ប្រកួត​ហើយ​ ពិត​ជារឿង​ដ៏​គួរ​​ឲ្យ​សោក​ស្តាយ​បំផុត​ សម្រាប់​កីឡាករ​ ក៏​ដូច​ជា​អ្នក​គាំទ្រ​នៅ​ក្នុង​ខេត្ត​ទាំង​មូល​»។

ដោយ​ឡែក​លោក​គ្រូ​ សុខ​ សំអាត​ ​បាន​សរសេរ​ថា ៖«ការ​ជួប​គ្នា​ជើង​ទី​​២​ ថ្ងៃ​១៣ /៩​/​២០១៧​ (ស្ទឹងត្រែង​vs​ក្លឹប​ការពារ​ជាតិ) និយាយ​ឲ្យ​ខ្លី​ត្រូវ​បាន​ឆា​ចោល​ហើយ​ដោយ​សា​ទីលាន​ខូច។ខ្ញុំ​សុំទោស​ចំពោះ​កីឡាករ​ទាំង​អស់​ដែល​ធ្វើ​​ឲ្យ​ខាត​ពេល​វេលា​ប្អូនៗ​ តែ​ខ្ញុំ​ក៏​ខាត​ពេល​ដូច​ប្អូន​ៗ​ដែរ។ ហើយ​អាវ​ថ្មី​នេះ​ គិត​ថា​ការ​ប្រកួត​ចប់​ទើប​យក​លុយ​​ឲ្យ​ តែ​ការ​គិត​មិន​ដូច​ការ​គូរ​មែន។ ប្រហែល​វា​ជា​កម្ម​របស់​ខ្ញុំ​និង​ប្អូន​ៗ​ហើយ​។ ខ្ញុំ​សូម​អរគុណ​ទឹក​ចិត្ត​ប្អូន​ខ្លាំង​ណាស់​ ហើយ​អរគុណ​ពេល​វេលា​ដែល​ធ្វើ​​ឲ្យ​យើង​ស្គាល់​ និង​រាប់​អាន​គ្នា​។ សុំទោស»។

អ្នក​គាំទ្រ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​ទាំង​អស់​សម្តែង​អារម្មណ៍​សោក​ស្តាយ​ដូច​គ្នា​ផង​ដែរ​ ព្រោះ​មាន​អ្នក​គាំទ្រ​ខ្លះ​បាន​ទិញ​អាវ​ថ្មី​របស់​ក្រុម​ជម្រើស​ខេត្ត​របស់​ខ្លួន​ទុក​ពាក់​គាំទ្រ​រួច​រាល់​អស់​ទៅ​ហើយ។ ក្នុង​នោះ​លោក​ Dara​ Reaskemy​ បាន​លើក​ឡើង​ និង​អំពាវ​នាវ​ដល់​អ្នក​គាំទ្រ​ដើម្បី​រៃអង្គាស់​ថវិកា​សង​ថ្លៃ​អាវ​ដែល​កាត់​ថ្មី​សម្រាប់​ ក្រុម​ជម្រើស​ខេត្ត​ ដែល​មិន​ទាន់​បាន​​ឲ្យ​លុយ​គេ​ ដោយ​រំពឹង​ថា​នឹង​ប្រើ​ចំណូល​ពី​ការ​ប្រកួត​ខ្លះ​ឲ្យ​​ថ្លៃ​អាវ ៕

កីឡដ្ឋាន​ខេត្ត​ស្ទឹង​ត្រែង​កាល​ពី​ឆ្នាំ​២០១៦

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី