• 2017-05-01 03:06:42
  • បាល់ទាត់

ស្វាយអន្ទរ​ពង្រីក​សកម្មភាព​កីឡា​២​ប្រភេទ​ទៀត​

  • 2017-05-01 03:06:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​បី​ជា​សហគមន៍​កីឡា​ស្រុក​ស្វាយ​អន្ទរ​កំពុង​ស្វះ​ស្វែង​រក​ប្រភព​ថវិកា​ដើម្បី​កសាង​ទី​លាន​បាល់​ទាត់​៤​បន្ថែម​ទៀត​យ៉ាង​ក្តី​ ក៏​ស្រុក​មួយ​នេះ​មិន​ទុក​ចោល​​កីឡា​ដទៃ​ទៀត​ឲ្យ​នៅ​ទ្រឹង​មួយក​ន្លែង​នោះ​ទេ។ ជាក់​ស្តែង​សហគមន៍​កីឡា​ថ្នាក់​ស្រុក​មួយ​នេះ​ បាន​រៀប​ចំ​ធ្វើ​ពិធី​ចែក​សម្ភារៈ​កីឡា​ប៉េតង់​ និង​បាល់​បោះ​ជូន​សាលា​មធ្យម​សិក្សា​ចំនួន​១១​ ក្នុង​ឃុំ​១០​ផ្សេង​គ្នា​ទូទាំង​ស្រុក​ស្វាយ​អន្ទរ​ រួម​មាន​វិទ្យាល័យ​ពាន​រោង​ អនុវិទ្យាល័យ​ទឹកថ្លា​ ព្រហូត​ ដំរី​ពួន​ អង្គរ​ទ្រេត​ សិរី​ឧត្តម​ ស្វាយ​អាត់​ ស្វាយ​បូព្រឹក្ស​ ព្រៃខ្លា​ ពពឺ​ស​ និង​មេបុណ្យ​ ដើម្បី​ឲ្យ​សាលា​ទាំង​នោះ​ជួយ​បំផុស​សកម្មភាព​កីឡា​នៅ​តាម​ឃុំ​នីមួយ​ៗ។

លោក​ សោម​ សារិទ្ធ​ ស្ថាបនិក​សហគមន៍​កីឡា​ស្រុក​ស្វាយ​អន្ទរ​ មាន​លើក​ឡើង​ថា​ ដោយ​មើល​ឃើញ​ពី​ភាព​ខ្វះ​ខាត​សម្ភារៈ​ក្នុង​ការ​ហ្វឹក​ហាត់​ លេង​កម្សាន្ត​របស់​សិស្សានុសិស្ស​ផង​ និង​សន្ទុះ​កើន​ឡើង​នៃ​ការ​លេង​កីឡា​ប៉េតង់​ និង​បាល់បោះ​នៅ​តាម​សាលា​រៀន​ទូទាំង​ស្រុក​ផង​នោះ​ ទើប​លោក​បាន​អំពាវ​នាវ​ដល់​សប្បុរស​ជន​ និង​ក្រុម​ហ៊ុន​នានា​ ដើម្បី​ជួយ​ដោះ​ស្រាយ​បញ្ហា​ទាំង​នេះ។ លោក​បន្ត​ទៀត​ថា​ ថវិកា​ដែល​ប្រមូល​បាន​មាន​ចំនួន​ ៥​៨៧៧៧០០​រៀល ត្រូវ​បាន​បែង​ចែក​ជា​ពីរ​គម្រោង។​ គម្រោង​ទី​១​ គឺ​ទិញ​សម្ភារៈ​កីឡា​ប៉េតង់​និង​បាល់បោះ​ចំណាយ​ថវិកា​សរុប​៤​៨៣២០០០ ​រៀល​ និង គម្រោង​ទី​២​មាន​ថវិកា​១​០៤៥​៧០០​រៀល​ គឺ​យក​ទៅ​កសាង​ទីលាន​ប៉េតង់​១​បន្ថែម​ទៀត​ស្ថិត​នៅ​ក្នុង​វិទ្យាល័យ​ស្វាយ​អន្ទរ។

លោក​បាន​សំណូម​ពរ​ទៅ​កាន់​លោក​នាយក​សាលា​ទាំង​១១​រូប​ សូម​ជួយ​កសាង​ទីលាន​ប៉េតង់​ដី​ធម្មតា​ និង​បាល់​បោះ​ទៅ​គំនូស​ខ្នាត​បច្ចេកទេស​ទី​លាន​ ដោយ​រក​ទី​តាំង​ក្រោម​ម្លប់​ឈើ​ និង​រាប​ស្មើ​ ដើម្បី​ងាយ​ស្រួល​ដល់​ប្អូន​ៗ​លេង​កម្សាន្ត។ ត្រង់​ចំណុច​នេះ​លោក​សង្កត់​ធ្ងន់​ថា​ សហគមន៍​នឹង​ស្វះ​ស្វែង​រក​ថវិកា​ ដើម្បី​កសាង​ទីលាន​ប៉េតង់​តាម​បទដ្ឋាន​បច្ចេកទេស​សម្រាប់​ហ្វឹក​ហាត់​ និង​ប្រកួត​ ហើយ​ក៏​សូម​ឲ្យ​លោក​នាយក​ ត្រូវ​ខិត​ខំ​ស្វែង​រក​ជំនួយ​ដើម្បី​កសាង​ទីលាន​ដោយ​ខ្លួន​ឯង​ផង​ដែរ។  ចំណុច​មួយ​ទៀត​លោក​ស្នើ​ឲ្យ​បង្កើត​ក្រុម​កីឡា​ទាំង​ពីរ​ប្រភេទ​មាន​សមាស​ភាព​សិស្ស​នារី និង​បុរស​ ឲ្យ​បាន​ឆាប់​បំផុត​ ដើម្បី​រៀប​ចំ​ធ្វើ​កម្មវិធី​បង្ហាញ​ (ក្លីនិក)​ ជូន​ក្រុម​កីឡា​ឲ្យ​កាន់​តែ​ឆាប់​យល់​នូវ​ក្បួន​ច្បាប់​ និង​បច្ចេកទេស​លេង​ ដែល​នឹង​មាន​ការ​ចូល​រួម​ពី​គ្រូ​បង្ហាត់​ ព្រម​ទាំង​កីឡាករ​កីឡា​ការិនី​ជម្រើស​ជាតិ​កម្ពុជា​នៃ​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង​កម្ពុជា​ និង​សហព័ន្ធ​កីឡា​បាល់បោះ​កម្ពុជា​ ដោយ​គ្រោង​រៀប​ចំ​ធ្វើ​នៅ​ទីលាន​កីឡា​វិទ្យាល័យ​ស្វាយអន្ទរ​ ទី​រួម​ស្រុក​ស្វាយអន្ទរ​ ខេត្ត​ព្រៃវែង។

លោក​ ប៊ិន ថុន​ អនុប្រធាន​ការិយាល័យ​អប់រំ​ យុវជន​ និង​កីឡា​ស្រុក​ស្វាយអន្ទរ​ បាន​លើក​ថា​ ក្នុង​នាម​ការិយាល័យ​អប់រំ​ស្រុក​ជំនួស​ឲ្យ​លោក​ប្រធាន​ការិយាល័យ​ លោក​សូម​ស្ញើច​សរសើរ​ដល់​សហគមន៍​កីឡា​ស្រុក​ស្វាយអន្ទរ​ ដែល​តែង​តែ​ខិត​ខំ​ដើរ​រក​ជំនួយ​គ្រប់​មធ្យោបាយ​ ដើម្បី​រួម​ចំណែក​កសាង​ទីលាន​កីឡា​ ឧបត្ថម្ភ​ជា​សម្ភារៈ​ ជួយ​ពង្រឹង​ និង​បំផុស​វិស័យ​កីឡា​នៅ​តាម​សាលា​រៀន​នានា​នៃ​ស្រុក​ស្វាយអន្ទរ​កន្លង​មក​ ដោយ​មិន​ខ្លាច​នឿយ​ហត់។ ការិយាល័យ​អប់រំ​ យុវជន​ និង​កីឡា​ រីករាយ​សហការ​ និង​ជួយ​សម្រួល​នូវ​រាល់​ឯកសារ​នានា​ ក៏​ដូច​ជា​ការ​រៀប​ចំ​កម្មវិធី​កីឡា​ផ្សេង​ៗ​នៅ​ក្នុង​ស្រុក​ស្វាយ​អន្ទរ​ទាំង​មូល។

បន្ទាប់​មក​ក៏​បាន​ចែក​ជូន​នូវ​សម្ភារៈ​ ដោយ​ក្នុង​មួយ​សាលា​ទទួល​បាន​គ្រាប់​ប៊ូល​១ឈុត​ មាន​១២​គ្រាប់​ កញ្ច្រែង​បាល់​បោះ​១​គូ​ និង​បាល់បោះ​២​គ្រាប់។ សរុប​សម្ភារៈ​កីឡា​ប៉េតង់​មាន​១១​ឈុត​ កញ្ច្រែង​បាល់​បោះ​១០​គូ​ និង​បាល់បោះ​២៦​គ្រាប់៕

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី