• 2017-03-01 04:09:44
  • បាល់ទាត់

Messi ​Jay ​ជាប់​ Man of the Match ​ក្រោយ​ជួយ​ Muangthong ​ឈ្នះ​​ក្រុម​ជើង​ឯក​ជប៉ុន

  • 2017-03-01 04:09:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ Chanathip Songkrasin ​​​រហស្សនាម "Messi Jay” ​របស់​ក្រុម Muangthong United ​​​បាន​ជាប់​កីឡាករ​លេង​ល្អ​បំផុត​ (Man of the Match) ​ក្រោយ​ជួយ​ឲ្យ​ក្រុម​ជើង​ឯក​ថៃ ​ឈ្នះ​លើ​ក្រុម​ជើង​ឯក​​លីគ​កំពូល​ជប៉ុន​ Kashima Antlers ២-១ ​ក្នុង​ការ​ប្រកួត​ AFC Champions League ​វគ្គ​សន្សំ​ពិន្ទុ​ពូល​ E ​នៅ​កីឡដ្ឋាន​ Supachalasai National Stadium ​កាល​ពី​យប់​មិញ។

Messi Jay (ស្តាំ) ទទួល​បាន​ពាន Man of the Match យប់​មិញ

Messi ​Jay ​ជា​អ្នក​បង្កើត​ឱកាស​​គ្រាប់​បាល់​ទាំង​២ ​របស់​ក្រុម​ Muangthong United ​កាល​ពី​យប់​មិញ ​​ខណៈ​ដែល​ Theeraton Bunmathan ​ខ្សែ​ការពារ​ឆ្វេង ​ស៊ុត​ហ្វ្រីឃីត​យ៉ាង​អស្ចារ្យ​នៅ​នាទី​ទី​១២ ​​មុន​ពេល​ Pedro Junior ​ស៊ុត​ឲ្យ​ក្រុម​ Kashima Antlers ​តាម​ស្មើ​ ១-១ ​វិញ​នាទី​៤៧។ Yuma Suzuki ​មាន​ឱកាស​ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ​ តែ​​ស៊ុត​ខុស​ទី​ លុះ​ដល់​​នាទី​៩០+៥ ​​អតីត​ខ្សែ​ប្រយុទ្ធ​ក្រុម​ Newcastle United កីឡាករ​ Xisco ​បាន​ស៊ុត​ឲ្យ​ម្ចាស់​ផ្ទះ​បាន​ ៣​ពិន្ទុ​ពេញ។

“ពាន​រង្វាន់​នេះ​ ខ្ញុំ​ទទួល​បាន​ក៏​ដោយសារ​អ្នកចាត់ការ​ និង​មិត្ត​រួម​ក្រុម​ទាំង​អស់​ ដែល​ខិត​ខំ​ប្រឹងប្រែង​ទាំង​អស់​គ្នា។ ក្រុម​មក​ពី​ J League ​ពួកគេ​មាន​កាយសម្បទា​រឹង​មាំ និង​ធំៗ​ជាង​ពួក​យើង។ ​ប៉ុន្តែ​យើង​លេង​បាន​ល្អ​ទាំង​ការពារ​ និង​ប្រយុទ្ធ ដែល​ធ្វើ​ឲ្យ​យើង​មាន​ឱកាស​ឈ្នះ។ យើង​នឹង​ព្យាយាម​បន្ថែម​ទៀត។ ទោះ​ជា​យ៉ាង​ណា ​​ខ្ញុំ​ត្រូវ​ការ​ពេល​​​បន្ថែម ​ដើម្បី​​សម្រប​ខ្លួន​ឲ្យ​បាន​ល្អ​ នៅ​លីគ​កំពូល​ជប៉ុន”។ តារា​ឆ្នើម​វ័យ​២៣​ឆ្នាំ ជម្រើស​ជាតិ​ថៃ ​បាន​និយាយ​ក្រោយ​ជាប់​ Man of the Match។

Messi ​Jay ​​ជួយ​ក្រុម Muangthong United​ ​បាន​តែ​ពាក់​កណ្ដាល​រដូវ​កាល​នេះ​ទេ ​ហើយ​រូប​គេ​នឹង​ត្រូវ​​ចាក​ចេញ​​ទៅ​​លេង​នៅ​លីគ​កំពូល​ជប៉ុន J League​ ឲ្យ​ក្រុម​ដែល​ទើប​ឡើង​មក​ពី​​លីគ​លំដាប់​ទី​២ ​Consadole Sapporo ​ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​ ១​ឆ្នាំ​កន្លះ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ វិន ជីវ័ន្ត​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី