• 2017-02-23 02:38:04
  • បាល់ទាត់

ក្រុម​បាល់ទាត់​វាល​ឥន្ទ្រី​ក្បាល​ពោធិ​រក​បាន​ទីលាន​ហ្វឹក​ហាត់​ថ្មី​

  • 2017-02-23 02:38:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​វាល​ឥន្ទ្រី​ក្បាល​ពោធិ​ដែល​កាល​ពី​មុន​មិន​មាន​ទីលាន​ហ្វឹកហាត់​នោះ​ពេល​នេះ​លែង​ជួប​ការ​លំបាក​ទៀត​ហើយ​ព្រោះ​អាច​រក​បាន​ទីលាន​មួយ​សម​ស្រប​ បន្ទាប់​ពី​បាន​សហការ​គ្នា​នឹង​វិទ្យាល័យ​ពោធិ​អំពិល ស្ថិត​ក្នុង​ស្រុក ទ្រាំង ខេត្ត​តាកែវ ​រួច​មក។

លោក អ៊ុង ជាគង

លោក​ អ៊ុង ជា​គង​ អ្នក​គ្រប់​គ្រង​ក្រុម​បាល់ទាត់​នេះ​ប្រាប់ ​Sabay​ ថា ​លោក​មាន​ការ​ពេញ​ចិត្ត​ទីលាន​បាល់ទាត់​វិទ្យាល័យ​ពោធិ​អំពិល​ ​បើ​ទោះ​បី​វា​មិន​ទាន់​មាន​លក្ខណៈ​ត្រឹម​ត្រូវ​តាម​ស្តង់ដារ​បច្ចេកទេស​ក៏​ដោយ។ «វា​ល្អ​ប្រសើរ​ច្រើន​សម្រាប់​ក្រុម​ខ្ញុំ​ បើ​ប្រៀប​ធៀប​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ដែល​នៅ​ពេល​ធ្វើ​ការ​ហ្វឹក​ហាត់​ម្តង​ៗ​ពួក​គាត់​ត្រូវ​ទៅ​រក​ទី​ទួល​នៅ​ក្បែរ​កុង​ស៊ី​ក្បាល​ពោធិ​ជា​ទី​ធ្លា​រដិបរដុប​ពិបាក​ខ្លាំង»។

អតីត​កីឡាករ​ឆ្នើម​ក្រប​ខណ្ឌ​សិស្ស​ប្រចាំ​ខេត្ត​ក្នុង​ទសវត្ស​ឆ្នាំ​១៩៨០​ លោក​ អ៊ុង ជាគង ប្រាប់​ថា​ លោក​ចង់​ឲ្យ​មាន​ទីលាន​បាល់ទាត់​ល្អ​មួយ​ប្រចាំ​តំបន់​នេះ​ដើម្បី​ឲ្យ​យុវវ័យ​មាន​ឱកាស​លេង​កីឡា​បាន​ច្រើន​នៅ​ពេល​ទំនេរ។ ប្រយោជន៍​ដើម្បី​ឲ្យ​ពួក​គេ​ចៀស​ឆ្ងាយ​ពី​គ្រឿង​ញៀន ដូច្នោះ​ហើយ​ទើប​លោក​សុខ​ចិត្ត​ចំណាយ​ប្រាក់​ផ្ទាល់​ខ្លួន​បដិភាគ​ជា​មួយ​នាយក​វិទ្យាល័យ​នេះ​ដើម្បី​ចាក់​ដី​បំពេញ​បន្ថែម​សំដៅ​ជួស​ជុល​ទីលាន​ឲ្យ​បាន​ល្អ​ជាង​មុន​បើ​ទោះ​បី​ជា​តូច​បន្តិច​ក៏​ដោយ។

ចំណែក​លោក​ អ៊ុក​ សុភក្ត័​ គ្រូ​ជំនួយ​ប្រចាំ​ក្រុម​ខាង​លើ​​ឲ្យ​ដឹង​ថា ៖«​ពួក​យើង​សុទ្ធ​តែ​ចង់​ឲ្យ​យុវជន​មូលដ្ឋាន​យើង​ចូល​រួម​លេង​កីឡា​​ឲ្យ​បាន​ច្រើន។ អញ្ចឹង​ហើយ​ទើប​យើង​ប្រមូល​ក្មេង​ៗ​ទាំង​នេះ​មក​បង្កើត​ក្រុម​បាល់ទាត់​នេះ​ឡើង​រួម​មាន​សិស្ស​នៅ​វិទ្យាល័យ​ព្រៃ​ទប់​ផង​និង​វិទ្យាល័យ​ពោធិ​អំពិល​សរុប​មក​ក្រុម​នេះ​មាន​កីឡាករ​១៨​នាក់​ហើយ»។ ​ «ខ្ញុំ​គ្រោង​នឹង​អញ្ជើញ​ក្រុម​ផ្សេង​ៗ​មក​ប្រកួត​មិត្តភាព​នៅ​ទី​នេះ​ឲ្យ​បាន​ញឹក​ញាប់​ ព្រោះ​កន្លង​មក​ទៅ​ប្រកួត​មិត្តភាព​នៅ​ខេត្ត​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ដើម្បី​ជួល​ទីលាន​ម្តង​ពី​២០​ទៅ​៣០​ដុល្លា»។ លោក​សុភក្ត័​បញ្ជាក់។

វាល​ឥន្ទ្រី​ក្បាល​ពោធិ​​ដែល​ត្រូវ​បាន​បង្កើត​ឡើង​​កាល​ពី​ឆ្នាំ​២០១៤​បាន​ប្រកួត​មិត្តភាព​ជា​មួយ​ក្រុម​ផ្សេង​ៗ​ជា​បន្ត​បន្ទាប់។ ពេល​នេះ​ពួក​គេ​កំពុង​ត្រៀម​ខ្លួន​ចូល​រួម​ប្រកួត​កីឡា​មហាជន​នានា​ក្នុង​ខេត្ត​នា​ពេល​ខាង​មុខ៕

អត្ថបទ៖ ជិន វេន

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី