• 2017-02-20 08:44:18
  • បាល់ទាត់

Muang Thong United ​​បាត់​បង់​កីឡាករ​សំខាន់​២​នាក់​​នៅ​ AFC Champions League ស្អែក

  • 2017-02-20 08:44:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជើង​ឯក​ថៃ ​Muang Thong United ​​នឹង​បាត់​បង់​សមាជិក​សំខាន់ៗ​២​នាក់​ ក្នុង​ការ​ប្រកួត​ដ៏​ធំ​ នៅ​ពាន​រង្វាន់​ AFC Champions League ​វគ្គ​​សន្សំ​ពិន្ទុ​​ពូល E ​​ដែល​ត្រូវ​ប៉ះ​ក្រុម​លេខ​៣​ក្នុង​លីគ​កំពូល​អូស្ត្រាលី​រដូវ​កាល​មុន​ Brisbane Roar ​នៅ​​ក្រៅ​ដី ​នា​វេលា​ម៉ោង​០៦:០០​នាទីល្ងាច​​​​ថ្ងៃ​អង្គារ​ស្អែក​នេះ។

ខ្សែ​ប្រយុទ្ធសញ្ជាតិ​ប្រេស៊ីល​ Cleiton Silva នឹង​ចាក​ចេញ​ទៅ​ក្លឹប​ចិន

ខ្សែ​ប្រយុទ្ធ​ឆ្នើម​​សញ្ជាតិ​ប្រេស៊ីល​ Cleiton Silva ​ពុំ​មាន​ឈ្មោះ​ចូល​លេង​ឲ្យ​ក្រុម​ Muang Thong United នៅ​ថ្ងៃ​ស្អែក​ទេ ​ដោយសារ​រូប​​គេ​បាន​ព្រមព្រៀង​ផ្ទេរ​ទៅ​ក្លឹប​​នៅ​លីគ​លំដាប់​ទី​២​​របស់​ចិន​ Shanghai Shenxin ​ក្នុង​តម្លៃ​​២,៨​លាន​ដុល្លារ​ នៅ​ពីរ​ឬ​បី​ថ្ងៃ​ខាង​មុខ​នេះ។ ​ខ្សែ​ប្រយុទ្ធ វ័យ​៣០​ឆ្នាំ​រូប​នេះ​ ជា​កីឡាករ​ឆ្នើម​បំផុត​របស់​ Muang Thong ​និង​ជា​ Top Scorer នៅ​​ឆ្នាំ​២០១៦​ផង​ដែរ ​ដោយ​បង្ហាញ​ខ្លួន​៣៧​​​ប្រកួត ​ស៊ុត​បាន​៣២​​គ្រាប់។

Muang Thong United ​ក៏​នឹង​អវត្តមាន​កីឡាករ​សំខាន់​ម្នាក់​ទៀត​គឺ ​ខ្សែ​បម្រើ​ការពារ​ Sarach Yooyen។ កីឡាករ​វ័យ​២៤​ឆ្នាំ​រូប​នេះ​ បាន​រង​របួស​បាក់​ឆ្អឹង​ក​ជើង​ កាល​ប្រកួត​ឈ្នះ​​ក្រុម​ Sukhothai FC ​យប់​ថ្ងៃ​សុក្រ​កន្លង​ទៅ។ Sarach ​Yooyen ​នឹង​ត្រូវ​អវត្តមាន​​ពី​៤​ទៅ​៦​ខែ ​ដូច្នេះ​រូប​គេ​ ក៏​នឹង​អវត្តមាន​​ពី​ការ​ប្រកួត​ជម្រុះ​ World Cup 2018 ​​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ថៃ ​ពេល​ប៉ះ​ អារ៉ាប៊ីសាអ៊ូឌីត និង​ជប៉ុន​ ​នៅ​ខែ​ក្រោយ​ផង​ដែរ។

Muang Thong ​ជា​ក្រុម​ថៃ​តែ​មួយ​គត់​ និង​ជា​ក្រុម​អាស៊ាន​តែ​មួយ​គត់​ ដែល​ឡើង​ដល់​វគ្គ​​ចែក​ពូល​ AFC Champions League ឆ្នាំ​២០១៧​នេះ ខណៈ​ដែល​ពួកគេ​ស្ថិត​នៅ​ពូល​ E ជាមួយ​ក្រុម​​ជើង​ឯក​ជប៉ុន​ Kashima Antlers, ក្រុម​លេខ​៤​របស់​កូរ៉េខាងត្បូង​ Ulsan Hyundai FC ​និង​ក្រុម​អូស្ត្រាលី​ Brisbane Roar៕

ប្រភព៖ ESPN FC ប្រែ​សម្រួល៖ វិន ជីវ័ន្ត​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី