• 2017-01-04 04:26:15
  • បាល់ទាត់

ធារី ចន្ថាប៊ីន​ ក្លាយ​ជា​កីឡាករ​អាស៊ាន​ទី​១​​ចូល​ក្នុង​ច្បាប់​កូតា​របស់​លីគ​ថៃ​

  • 2017-01-04 04:26:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ខែ​កញ្ញា​ ​​ឆ្នាំ​២០១៦​កន្លង​ទៅ​ សហព័ន្ធ​បាល់ទាត់​ថៃ​បាន​​​អនុម័ត​​ច្បាប់​ថ្មី​មួយ​ដែល​កំណត់​ឲ្យ​​ក្លឹប​នៅ​លីគ​​បាល់ទាត់​កំពូល​ថៃ​ និង​លីគ​ថៃ​លំដាប់​ទី​២​​ទាំង​អស់​​ត្រូវ​តែ​នាំ​យក​កីឡាករ​​ចេញ​ពី​តំបន់​អាស៊ី​អាគ្នេយ៍​(​អាស៊ាន)ឲ្យ​បាន​១​នាក់។

អ្នក​គាំទ្រ​ថត​ជា​មួយ ធារី ចន្ថាប៊ីន

ច្បាប់​ថ្មី​នេះ​បាន​កំណត់​ថា​ ​​ក្លឹប​នៅ​លីគ​​បាល់ទាត់​កំពូល​ថៃ​ និង​លីគ​លំដាប់​ទី​២​​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចុះ​កុងត្រា​នាំ​ចូល​កីឡាករ​បរទេស​​ចំនួន​៥​នាក់។ កូតា​កីឡាករ​បរទេស​ទាំង​៥​នាក់​នោះ​គឺ​​កីឡាករ​​​៣​នាក់​មក​ពី​តំបន់​ក្រៅ​ទ្វីប​អាស៊ី​ ១​នាក់​មក​​តំបន់​ពី​​​​អាស៊ី​ និង​​១​នាក់​ទៀត​មក​ពី​តំបន់​អាស៊ាន។ ច្បាប់​ថ្មី​នេះ​​​ត្រូវ​អនុវត្ត​ចាប់​ពី​​រដូវ​កាល​២០១៧​ទៅ​ ប៉ុន្តែ​នៅ​មិន​ទាន់​រឹត​បន្តឹង​ឲ្យ​អនុវត្ត​ទាំង​ស្រុង​នៅ​ឡើយ​ទេ។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់​វិបសាយ Fourfourtwo​​។

Football Forward Thailand បាន​ផ្សាយ​​ថា​ កីឡាករ​កម្ពុជា​ ​ធារី ចន្ថាប៊ីន​ បាន​ជាប់​កំណត់​ត្រា​ក្នុង​ការ​​ក្លាយ​ជា​​កីឡាករ​អាស៊ាន​​ដំបូង​គេ​បង្អស់​​ដែល​បាន​ចុះ​កុងត្រា​លេង​ឲ្យ​ក្លឹប​ Krabi​ FC​​ ស្រប​តាម​កូតា​​​ច្បាប់​​ថ្មី​របស់​សហព័ន្ធ​បាល់ទាត​ថៃ។ Krabi FC ​បាន​បញ្ចប់​រដូវ​កាល​​២០១៦​កន្លង​ទៅ​ដោយ​​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​១០​ និង​កំពុង​ពង្រឹង​ខ្លួន​សម្រាប់​រដូវ​កាល​ថ្មី​២០១៧។ ​ ការ​​អនុម័ត​ច្បាប់​ថ្មី​របស់​សហព័ន្ធ​បាល់ទាត់​ថៃ​នេះ​ឡើង​ដោយ​ជួយ​ពង្រឹង​ដល់​វិស័យ​បាល់ទាត់​នៅ​តំបន់​អាស៊ាន​។ កីឡាករ​ល្អ​ៗ​​នៅ​តំបន់​អាស៊ាន​នឹង​មាន​ឱកាស​បង្ហាញ​ខ្លួន​នៅ​លីគ​បាល់ទាត់​ថៃ​​ដែល​ត្រូវ​បាន​គេ​យល់​ឃើញ​ថា​ ជា​លីគ​ល្អ​មួយ​ បើ​ប្រៀប​ធៀប​នឹង​​លីគ​ផ្សេង​ៗ​ទៀត​នៅ​តំបន់​អាស៊ាន៕

ធារី ចន្ថាប៊ីន និង​តំណាង​ក្លឹប Krabi FC (រូបថត៖ ចន្ថាប៊ីន)

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី