• 2016-09-19 21:15:09
  • បាល់ទាត់

ឈ្វេង​យល់​ពី​​វិស័យ​​កីឡា​នៅ​ស្រុក​ពោធិ៍​រៀង​ខេត្ត​ព្រៃវែង​

  • 2016-09-19 21:15:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រុក​​ពោធិ៍​រៀង​​ទើប​តែ​ត្រូវ​បាន​ប្តូរ​ឈ្មោះ​ពី​​ឈ្មោះ​​ស្រុក​កំពង់​លាវ​​តាម​អនុក្រឹត្យ​លេខ​ ១៧២​អនក្របក​ នៅ​ថ្ងៃ​ទី​ ២៥ កក្កដា​ ២០១១​ មាន​ភូមិ​៣៩​ ឃុំ​៧​ ពាក់​ព័ន្ធ​នឹង​វិស័យ​អប់រំ។ ស្រុក​មាន​សាលា​រៀន​៣១​កន្លែង​ វិទ្យាល័យ​១ អនុវិទ្យាល័យ​៦​ បឋម​សិក្សា​២៤​។ ឆ្នាំ​សិក្សា​២០១៦​-​២០១៧​ខាង​មុខ​ ស្រុក​នឹង​មាន​សិស្ស​ថ្នាក់​ទី​១២​ ជំនាន់​ទី​១។

 

 

លោក​ ហឿង​ សំហេន​ ប្រធាន​ការិយាល័យ​អប់រំ​ យុវជន​ និង​កីឡា​ស្រុក​ពោធិ៍​រៀង​បាន​រៀប​រាប់​ថា​ ​ទីលាន​កីឡា​​គឺ​គ្រប់​សាលា​មធ្យម​សិក្សា​ទាំង​៧​ មាន​ទីធ្លា​អាច​បង្កើត​ជា​តារាង​កីឡា​បាន​ ប៉ុន្តែ​មិន​ទាន់​មាន​លទ្ធភាព​សាង​សង់​ឡើយ។ ​ឆ្នាំ​សិក្សា​២០១៤​-​២០១៥​ អាជ្ញាធរ ​សហគមន៍​ និង​គណៈកម្មការ​ទ្រទ្រង់​សាលា​រួម​ថវិកា​គ្នា​បាន​ជាង​​២០​លាន​រៀល​ ​ដើម្បី​ចាក់​ដី​កែ​លម្អ​បរិស្ថាន​ត្រៀម​សាង​សង់​សមិទ្ធផល​នានា​ក្នុង​នោះ​កំពុង​រៀប​ចំ​ទៅ​ជា​តារាង​បាល់ទាត់​មាន​បណ្តោយ​១០០​ម៉ែត្រ​ និង​ទទឹង​៥០​ម៉ែត្រ។ បច្ចុប្បន្ន​កំពុង​សាង​សង់​អគារ​សិក្សា​មួយ​ខ្នង​ពីរ​ជាន់​មាន​១០​បន្ទប់​ ជា​អំណោយ​លោក​ ស​ ខេង​ រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ។ តាម​ការ​សិក្សា​ពី​ប្លង់​មេ​នៃ​សាលា​រៀន​ អនាគត​អាច​នឹង​ស្ថាបនា​អគារ​សិក្សា​២​ខ្នង​ តារាង​បាល់​បោះ​ អគារ​ទី​ចាត់​ការ។

 

ចំណែក​លោក​ ហេង​ ឈាង​លី​ នាយក​វិទ្យាល័យពោធិ៍រៀង​​បាន​ឲ្យ​ដឹង​ថា​ សាលា​មាន​ផ្ទៃ​ដី​ចំនួន​១៥​ ២២៣​ម៉ែត្រ​ក្រឡា​ មាន​អគារ​មួយ​ខ្នង​ មាន​តារាង​បាល់​បោះ​មួយ​កន្លែង​សាង​សង់​នៅ​ឆ្នាំ​២០០៨​ តារាង​បាល់​ទះ​មួយ​កន្លែង​ និង​តារាង​បាល់ទាត់​ខ្នាត​តូច។ ទៅ​អនាគត​សាលា​នឹង​មាន​គម្រោង​សាង​សង់​ទីលាន​លោត​កម្ពស់ ​លោត​ចម្ងាយ​ ចោល​ដុំ​ដែក​ កន្លែង​ឡើង​ខ្សែ​ពួរ​ តារាង​បាល់ទះ។ ចំណែក​ប្រភេទ​កីឡា​ថ្មី​ពីរ​ គឺ​ប៉េតង់​ និង​វា​កូន​ឃ្លី​លើ​តុ​ លោក​នឹង​បង្កើត​ឲ្យ​មាន​ជា​រូប​រាង​សិន​ ដោយ​មិន​គិត​ថា​ខ្លាំង​ ឬ​ខ្សោយ​នោះ​ទេ​ សំខាន់​បង្កើត​តាម​ការ​ដាក់​បញ្ចូល​របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ទៅ​ក្នុង​ប្រភេទ​កីឡា​សិស្ស។

 

 

លោក​សង្កត់​ធ្ងន់​ថា​ សាលា​រៀន​មិន​ទាន់​មាន​គ្រូ​ឯកទេស​អប់រំ​កាយ និង​កីឡា​នៅ​ឡើយ​ទេ។ ​ឯក​សណ្ឋាន​កីឡា​ និង​សម្ភារៈ​ហ្វឹក​ហាត់​ក៏​នៅ​ខ្វះ​ខាត​ ហើយ​បញ្ហា​ចោទ​ជា​ចម្បង​នោះ​គឺ​ ថវិកា​ដែល​ត្រូវ​ចំណាយ​មាន​មិន​គ្រប់​គ្រាន់។ បញ្ហា​ខ្វះ​គ្រូ​កីឡា​ សាលា​បាន​ដាក់​សំណើ​តាម​រយៈ​មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ខេត្ត​ព្រៃវែង​ទៅ​ក្រសួង​អប់រំ​ហើយ​ ហើយ​នាយក​រង​ទទួល​បន្ទុក​កីឡា​ គឺ​លោក​ នាង​ អ៊ុន​ ជា​គ្រូ​ឯកទេស​គណិតវិទ្យា​ និង​រូបវិទ្យា។

 

លោក ឈាងលី​រៀបរាប់​ទៀត​ថា​​ វិស័យ​កីឡា​នៅ​សាលា​រៀន​នេះ​នៅ​មាន​កម្រិត​ ដោយ​ខ្វះខាត​គ្រូ​កីឡា​លោក​ស្ម័គ្រ​ចិត្ត​បង្ហាត់​តាម​សមត្ថភាព​ និង​រក​អ្នក​ចេះ​លេង​កីឡា​ពី​ខាង​ក្រៅ​មក​ជួយ​បង្ហាត់​បន្ថែម។ ឆ្នាំ​សិក្សា​២០១៥​-​២០១៦​ ក្រុម​បាល់ទាត់​នារី​ប្រចាំ​វិទ្យាល័យ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣​ កម្មវិធី​កីឡា​សិស្ស​មធ្យម​សិក្សា​ទូទាំង​ខេត្ត​ព្រៃវែង។ ចំពោះ​​ក្រុម​កីឡា​បាល់ទះ​កុមារី​បាន​ចំណាត់​ថ្នាក់​លេខ​១​ទូទាំង​ខេត្ត។ កាល​ពី​ឆ្នាំ​សិក្សា​២០១២​-​២០១៣​កន្លង​មក​ មាន​សិស្ស​នារី​ម្នាក់​ប្រកួត​វិញ្ញាសា​លោត​កម្ពស់​ ដណ្តើម​បាន​ចំណាត់​ថ្នាក់​លេខ​១​កីឡា​សិស្ស​ទូទាំង​ខេត្ត​ លេខ​១​កីឡា​សិស្ស​ទូទាំង​ប្រទេស​ លេខ​២​កីឡា​ភូមិ​ភាគ​ និង​លេខ​៣​កីឡា​មហាជន។

 

 

លោក​ប្រធាន​ការិយាល័យ​អប់រំ​ស្រុក​ចាប់​អារម្មណ៍​ថា​ ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ទាំង​មនុស្ស​វ័យ​ចំណាស់​ និង​វ័យ​ក្មេង​បាន​ងាក​មក​ហាត់​ប្រាណ​ និង​លេង​កីឡា​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ។ លោក​ថា​ ពលរដ្ឋ​ខ្មែរ​ចេះ​ស្រលាញ់​​សុខភាព​ ចង់​បាន​កម្លាំង​មាំ​មួន​ និង​ដើម្បី​ចៀស​ឆ្ងាយ​ពី​គ្រឿង​ញៀន។

 

ឯ​លោក​នាយក​សាលា​វិញ​ ក៏​បាន​សំណូម​ពរ​ទៅ​ក្រសួង​អប់រំ​ សូម​ជួយ​ផ្តល់​គ្រូ​អប់រំ​កាយ​ និង​កីឡា​ពីរ​រូប​ដល់​សាលា​រៀន​របស់​លោក​ និង​សូម​អំពាវ​នាវ​ដល់​ក្រុម​ហ៊ុន​ សប្បុរស​ជន​ និង​សហគមន៍​ មេត្តា​ជួយ​ចាក់​ដី​បំពេញ​ទី​ធ្លា​សាលា​ ដែល​តាម​គម្រោង​ គឺ​ត្រូវ​ចាក់​ដី​ចំនួន​១០០០​ឡាន​ ដីមួយ​ឡាន​តម្លៃ​២៥០០០​រៀល ​ស្មើ​នឹង​២៥០០០០០០​រៀល។ គម្រោង​សាងសង់​របង​សាលា​មាន​ប្រវែង​៣៥៦​ម៉ែត្រ​ បន្ទប់​អនាម័យ​មួយ​កន្លែង​មាន​៤​បង្គន់​សម្រាប់​សិស្ស​នារី​ និង​សូម​ជួយ​ឧបត្ថម្ភ​ជា​ឯក​សណ្ឋាន​ និង​សម្ភារៈ​ហ្វឹក​ហត់​ដល់​សាលា​រៀន​លោក​តាម​លទ្ធភាព៕

 

 

 

 

 

អត្ថបទ៖ សោម សារិទ្ធ​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី