• 2016-08-19 15:14:13
  • បាល់ទាត់

ទាំង​ពលករខ្មែរ​នៅ​កូរ៉េ​នាំ​គ្នា​ប្រមូល​​លុយ​ធ្វើ​តារាង​បាល់ទាត់​ដំរី​ពួន​

  • 2016-08-19 15:14:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​គណៈ​គ្រប់​គ្រង​សាលា​ដំរី​ពួន​បាន​អំពាវ​នាវ​ដល់​អតីត​សិស្ស​ ប្រជា​ពលរដ្ឋ​ និង​សប្បុរស​ជន​ ដើម្បី​ចូល​រួម​សាង​សង់​ទីលាន​បាល់ទាត់​១​កន្លែង​ក្នុង​បរិវេណ​សាលា ក្រុមពលករខ្មែរនៅប្រទេស​កូរ៉េ ក៏ដូច​ជា​នៅ​ប្រទេស​ផ្សេងៗ និងប្អូនៗ​យុវជន​បាន​នាំគ្នា​ចំណាយប្រាក់​តាម​លទ្ធភាព​របស់​ខ្លួន​ដើម្បី​ធ្វើ​យ៉ាង​ឲ្យ​ទីលាន​បាល់ទាត់​លេច​ចេញ​ជា​រូបរាង​នៅ​សាលា​ដាច់​ស្រយាល​មួយ​នេះ។

 

 

ដំណឹង​នេះ​បាន​ឮ​ដល់​អតីត​សិស្ស​ និង​ប្រជា​ពលរដ្ឋ​ ហើយ​ពួក​គេ​បាន​បង្កើត​ជា​មូល​និធី​មួយ​ដើម្បី​គៀង​គរ​ថវិកា​គ្នា​សម្រាប់​ដំណើរ​ការ​គម្រោង​មួយ​នេះ។ លោក​ ឡាំ ​បញ្ញា​ អតីត​សិស្ស​ និង​បច្ចុប្បន្ន​កំពុង​បម្រើ​ការងារ​ជា​ពលករ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​ឲ្យ​ដឹង​ថា​ ឃុំ​ដំរី​ពួន​ជា​ស្រុក​កំណើត​របស់​លោក​ ក្រោយ​ពី​បាន​លេច​ឮ​ដំណឹង​ពី​សាលា​ដែល​ធ្លាប់​រៀន​ តាម​រយៈ​សហគមន៍​កីឡា​ស្រុក​ស្វាយអន្ទរ​ និង​ក្រោយ​ពី​បាន​អាន​អត្ថបទ​ចុះ​ផ្សាយ​ដោយ​គេហ​ទំព័រ ​​Sabay ​ ដោយ​មើល​ឃើញ​សិស្ស​ប្អូន​មិន​មាន​តារាង​បាល់ទាត់​សម្រាប់​លេង​ លោក​ក៏​បាន​មាន​គំនិត​ថា​ ចង់​បង្កើត​ជា​មូល​និធិ​មួយ​ ​ដើម្បី​ប្រមូល​ថវិកា​យក​ទៅ​សាងសង់​ទីលាន​បាល់ទាត់​នៅ​សាលា​រៀន​នៅ​តំបន់​ជន​បទ​មួយ​នេះ។

 

លោក​បន្ត​ទៀត​ថា​ លោក​បាន​ស្នើ​សុំ​ថវិកា​តាម​ក្រុម​បាល់ទាត់​ និង​ក្រុម​បាល់ទះ​ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ទៅ​តាម​សន្តាន​ចិត្ត​ចូល​រួម​ ក្នុង​នោះ​ក្រុម​ម្ចាស់​គណនី​​FB​ឈ្មោះ​ Theney​ Kaka មាន​លោក​ ឃឹម ណៃ និង យឹម ចំរើន​​ បាន​រាយ​អង្គាស​ថវិកា​បាន​ចំនួន​ ៣៤០ ០០០ វ៉ុន​ ក្រុមបាល់ទាត់​ស្នាម​ញញឹម​គូមី​បាន​ជួយ​ឧបត្ថម្ភ​ថវិកា​៤០ ០០០​ វ៉ុន​ ក្រុម​បាល់ទាត់​គីមហេ​ ក្រុង​អ៊ុល​សាន​ ថវិកា​ ៥០ ០០០វ៉ុន​ ក្រុម​បាល់ទាត់​ខ្លាស​សីន​ផ្យ៉ង់​ជួយ​ថវិកា​ ៥០ ០០០ វ៉ុន​ ហើយ​ក្រុមបាល់ទាត់ក្វាងជូ ថវិកា ១០០ ០០០ វ៉ុន។ ​លោក​នឹង​បន្ត​អំពាវ​នាវ​ទៅ​កាន់​ក្រុម​ផ្សេង​ៗ​ទៀត​ឲ្យ​ជួយ​ទៅ​តាម​លទ្ធភាព។

 

 

ចំណែក​លោក​ ទុយ​ ឃន​ ដែល​បាន​មក​រស់​នៅ​ក្នុង​ឃុំ​ដំរី​ពួន​លើក​ឡើង​ថា​ ដំរីពួន​ជា​សាលា​នៅ​ស្រុក​ស្រែ​ ហើយ​ហេដ្ឋារចនា​សម្ព័ន្ធ​នៅ​ខ្វះ​ខាត​ច្រើន​ ដូច​ជា​ខ្វះ​អគារ​សិក្សា​ សាលា​ពុំ​ទាន់​មាន​របង​ព័ទ្ធ​ជុំ​វិញ​ ដូច្នេះ​ហើយ​លោក​ក៏​បាន​បង្កើត​ជា​មូល​និធិ​មួយ​ដើម្បី​ប្រមូល​ថវិកា​យក​ទៅ​ជួយ​សាង​សង់​ទី​លាន​បាល់ទាត់​នោះ​ផង​ដែរ។ ​លោក​បាន​ចុះ​ទៅ​មើល​ឃើញ​ផ្ទាល់​នៅ​សាលា​រៀន​នោះ​ មិន​ទាន់​តារាង​លេង​ ខ្វះ​សម្ភារៈ​ហ្វឹកហាត់​ ជា​ពិសេស​ក្មេង​ក្នុង​ភូមិ​លេង​បាល់ទាត់​នៅ​តាម​វាល​ស្រែ​ ហើយ​បាន​សំណូម​ព​រ​លោក​ឲ្យ​ជួយ​សាង​សង់​តារាង​បាល់​ទាត់​ថ្មី​មួយ។

 

លោក​ថា​ ថវិកា​ដែល​​ប្រមូល​បាន​គិត​ត្រឹម​ថ្ងៃ​ទី​ ១៧​ សីហា​ ២០១៦​ នេះ​មាន​ចំនួន​ ១៩២ ០០០ ​រៀល​ និង​បាល់ទាត់​១​គ្រាប់។ លោក​ទាំង​ពីរ​បញ្ជាក់​ថា​ ទីលាន​បាល់ទាត់​ថ្មី​នោះ​មាន​បណ្តោយ ​១១០​ ម៉ែត្រ​ ទទឹង​ ៨៥​ ម៉ែត្រ ​ស្មើ​នឹង​ទំហំ​ ៩ ៣៥០​ ម៉ែត្រ​ការ៉េ​ ថវិកា​គ្រោង​ចំណាយ​ទៅ​លើ​ការ​ចាក់​ដី​បំពេញ​ និង​ជួល​គ្រឿង​ចក្រ​ឈូស​ឆាយ​ទី​លាន​៖ ២ ៤០០ ០០០រៀល  បង្គោល​ទី​១​គូ៖​ ១ ៤០០ ០០០រៀល សំណាញ់​ទី​១​គូ៖​ ២៦០ ០០០​រៀល​ និង​បង្គោល​ជ្រុង​៤​ដើម​៖​ ១៦០ ០០០រៀល។​ សរុប​​គម្រោង​ចំណាយ​ទាំង​អស់​សម្រាប់​កសាងទីលាន​​ថ្មី​នេះ ៖ ៤ ២២០ ០០០រៀល។ គិត​ត្រឹម​ថ្ងៃ​ទី១៩ ខែ​សីហា​នេះ ថវិកាប្រមូលបាន​២៦២០០​០រៀល លុយដុល្លារ១០៥​ដុល្លារ លុយវ៉ុន ៦២០០០០​វ៉ុន និង​បាល់៤​គ្រាប់។

 

 

លោក​ទាំង​ពីរ​សូម​អំពាវ​នាវ​ដល់​សប្បុរស​ជន​ អតីត​សិស្ស​ ប្រជា​ពលរដ្ឋ​ មេត្តា​ចូល​រួម​ឧបត្ថម្ភ​ជា​ថវិកា​ និង​សម្ភារៈ​កីឡា​ ដើម្បី​ឲ្យ​សិស្ស​សាលា​ និង​ប្រជា​ពលរដ្ឋ​នៅ​ដំរី​ពួន​មាន​តារាង​បាល់​ទាត់​លេង​ ហើយ​ក្មេង​ៗ​អាច​លេង​ដើម្បី​បំពេញ​បំណង​របស់​ពួក​គេ។ ​អនុវិទ្យាល័យ​ដំរី​ពួន​ ស្ថិត​នៅ​ភូមិ​ចម្ការ​គួយ​លិច​ ឃុំ​ដំរីពួន​ ស្រុក​ស្វាយ​អន្ទរ​ ខេត្ត​ព្រៃវែង។ ទំនាក់​ទំនង​សួរ​លោក​ ទុយ​ ឃន​ ០៩២ ៩២៦ ១៧៨ លោក ឡាំ​ បញ្ញា​ នៅ​កូរ៉េខាង​ត្បូង​ +៨២ ១០ ២៩៧០ ៩៤៩៩៕

 

 

 

 

 

អត្ថបទ៖ សោម សារិទ្ធ​ រូបថត៖ ផ្តល់ឲ្យ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី